ព័ត៌មានជាតិ
៩ខែឆ្នាំនេះ មានករណីកើតជំងឺគ្រុនឈាមជាង ៧,៩០០ករណី ស្លាប់ ១៤នាក់ កើនឡើងជាង ៦ដង
នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២២នេះ មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ៧,៩០០ ករណី និងស្លាប់ ១៤ករណី មានការកើនឡើងជាង ៦ដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល មានប្រសាសន៍ នៅរសៀលថ្ងៃទី ៤ ខែតុលានេះថា ចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ ២០២២ នេះ មានករណីជំងឺគ្រុនឈាមជាង ៧,៩០០ករណី។ ក្នុងនោះស្លាប់ ១៤ ករណី មានការកើនឡើងជាង ៦ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ មានជាង១,៣០០ករណី និងមានអ្នកស្លាប់ចំនួន ៣ករណី។

លោកវេជ្ជបណ្ឌិត បានបន្តថា ទោះបីជាករណីជំងឺគ្រុនឈាមរយៈពេល ៩ខែឆ្នាំនេះ មានការកើនឡើងខ្ពស់ជាងឆ្នាំមុនក៏ដោយ ក៏រហូតមកដល់ពេលនេះ មន្ត្រីជំនាញអាចគ្រប់គ្រងស្ថានភាពបាន មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ លោកវេជ្ជបណ្ជិត បានបន្តទៀតថា សម្រាប់ឆ្នាំ ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបែតប្រមាណ ២០០ តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ដើម្បីបង្ការទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាម មានការផ្ទុះរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថា វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀតនៅគ្រប់ពេល ដោយសារស្ថិតនៅក្នុងរដូវវស្សានៅឡើយ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាម ដូចជា៖ មានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ការបញ្ជួនកូនទៅពេទ្យរដ្ឋបានទាន់ពេលវេលា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ជាក់ស្តែងករណីស្លាប់ ១៤ករណីកន្លមកនេះ គឺដោយសារតែពួកគាត់មានការធ្លោះធ្លោយ ប្រហែស និងយឺតយ៉ាវ ក្នុងការបញ្ជួនកូនទៅរកសេវាព្យាបាល ដែលសមរម្យ មានចំណេះជំនាញត្រឹមត្រូវ ពិសេសមិនបញ្ជួនទៅរកពេទ្យរដ្ឋតែម្តង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន