ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យការពារខ្លួនពីជំងឺគ្រុនឈាម ក្នុងរដូវវស្សានេះ
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យការពារខ្លួនពីជំងឺគ្រុនឈាម នៅក្នុងរដូវវស្សានេះ ដោយត្រូវចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ព្រមទាំងអនុវត្តនូវវិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវ និងស្មារតីខ្ពស់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។

ការក្រើនរំលឹកនេះ គឺដោយសារក្នុងអំឡុងពេលរដូវវស្សា ជំងឺគ្រុនឈាម មាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥ និងអាចបន្តកើនជាបន្តបន្ទាប់ ដោយសារមានកំណើនទឹកភ្លៀង ដែលបង្កឱ្យមានទឹកដក់នៅក្នុងវត្ថុដាក់ទឹក ដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ ត្រឡោកដូង កែវ ចានជ័រ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។
ក្រសួងបានបញ្ជាក់ថា ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារ មានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងអំឡុង ៤៨ម៉ោងយ៉ាងតិច និងសូម ទូរសព្ទមកលេខ ១១៥ បើមានសំណួរបន្ថែម ឬចូលរួមរាយការណ៍។

បន្ថែមពីនេះ ក្រសួងក៏បានណែនាំ ដល់អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន សូមសកម្ម ចូលរួមកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។
ចំពោះសម្ភារដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោក ដូង ចានបាយសម្លរជ័រ កំប៉ុងជ័រ ត្រូវកប់ ដុត កំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

លើសពីនេះ ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការនីដែលកំពុងបំពេញការងារ នៅតាមការដ្ឋានសំណង់ សម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន លុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុក សម្ភារសំណង់ដែលអាចដក់ទឹកនៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីចៀសវាងការដក់ទឹក និងលុបបំបាត់ ប្រភពនិងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដល់ប្រជាជនដែលរស់នៅចម្ងាយ ១៥០ម៉ែត្រ ជុំវិញ ការដ្ឋានសំណង់។
ចំណែកអាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវធ្វើការគ្រប់គ្រងសំបកកង់ កង់ឡាន ម៉ូតូ ដែលដាក់ចោលក្រៅដំបូលបង្កើតជាកន្លែងដក់ទឹក ដោយដាក់គរត្រួតលើគ្នា និងគ្របឱ្យជិតដោយបន្ទះក្តារ ឬស្បៃមុង ឬចាក់ប្រេងម៉ាស៊ីនចាស់ៗ ឈប់ប្រើប្រាស់ចូល ឬចាក់ដី បំពេញ ឬដាក់នៅក្រោមដំបូល។

ត្រូវកាប់ឆ្ការ សម្អាតស្មៅស៊ុបទ្រុបជុំវិញផ្ទះឱ្យបានស្អាត។ រក្សាអនាម័យក្នុងផ្ទះសំបែង រៀបចំទុកដាក់សម្លៀកបំពាក់ឱ្យមានសណ្តាប់ធ្នាប់ បត់ទុកឱ្យបានត្រឹមត្រូវ មានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ ទ្វារ និងបង្អួចគួរមានសំណាញ់។ ត្រូវអនុវត្តវិធានការការពារខ្លួនតាមគ្រប់មធ្យោបាយ ដូចជា ស្លៀកពាក់ខោជើង វែងអាវដៃវែង និងស្រោមជើងធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរតែមាន ពណ៌ភ្លឺ កុំខ្មៅ ឬងងឹត) ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះ អាចប្រើបាន ដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។ សម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់ និងថ្ងៃ។
ជាមួយគ្នានេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជំរុញការអនុវត្តការងារកាត់បន្ថយ និងទប់ស្កាត់ការ កកើតមូស ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


