ព័ត៌មានជាតិ
ក្នុងរយៈពេល៦ ខែឆ្នាំនេះ ជំងឺគ្រុនឈាមកើតមានជាង ៨ពាន់ករណី កើនឡើង២៨.៦% បើធៀបនឹងឆ្នាំមុន
គិតត្រឹមសប្តាហ៍ទី២៤ ក្នុងឆ្នាំ២០២៥ ជំងឺគ្រុនឈាមមានចំនួនសរុប ៨ ៨០៣ ករណី បើធៀបទៅនឹងឆ្នាំ ២០២៤ រយៈពេលដូចគ្នាមានចំនួន ៦២៨០ ករណី កើនឡើងចំនួន ២ ៥២៣ ឬ ២៨.៦%។

លោក លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានប្រាប់«កម្ពុជាថ្មី» ថា ស្ថានភាពជំងឺក្នុងអំឡុងពេល ២សប្តាហ៍ចុងក្រោយនេះ ករណីចម្លង ដោយក្នុងនោះ សប្តាហ៍ទី២៣ មានចំនួន ១ ២៥០ករណី និងសប្តាហ៍ទី២៤ មានចំនួន ១ ៥២៦ករណី មានការកើនឡើងការចម្លង ស្មើនឹងចំនួន ២៧៦ករណី ឬ១៨%។
លោកបន្តថា ជំងឺគ្រុនឈាមដែលមានករណីច្រើនជាងគេគឺ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កណ្តាល ព្រះវិហារ សៀមរាប ព្រះសីហនុ ក្រចេះ និងកំពង់ឆ្នាំង ហើយភាគច្រើនកើតទៅលើមនុស្សដែលមានអាយុចន្លោះពី៥ ទៅ ១៥ឆ្នាំ។

បើតាមលោក លាង ឬទ្ធា ជាការសន្និដ្ឋាន ស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០២៥ នេះ នឹងបន្តកើនឡើងរហូតដល់សប្តាហ៍ទី២៩ ព្រោះជាស្ថានភាពក្នុងរដូវវស្សា ហើយស្ថានភាពជំងឹអាចនឹងចាប់ផ្តើមធ្លាក់ចុះចាប់ពីសប្តាហ៍ទី៣០ ជាបន្តបន្ទាប់។ លោកថា ការកើនឡើងនេះស្ថិតក្នុងលក្ខខណៈទាប ហើយកំណើនប្រចាំសប្តាហ៍បានថយចុះប្រម៉ាណ២០% ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ មានន័យថា ស្ថានភាពចម្លងជំងឺគ្រុនឈាមនេះនឹងមិនអាចបង្កឱ្យមានការរាតត្បាត ឬបង្កហានិភ័យទ្រង់ទ្រាយធំដល់សុខភាពប្រជាជននោះទេ។
ប៉ុន្តែទោះជាយ៉ាងណា ការបន្តបុរេសកម្ម ការចូលរួមពីអាជ្ញាធរមូលដ្នាន គឺជាគន្លឹះយុទ្ធសាស្ត្រប្រយុទ្ធនឹងភ្នាក់ងារចម្លងក្នុងសហគន៍នីមួយ។ ការបន្តពង្រឹងការចូលរួមពីសេវាឯកជនឱ្យបញ្ជូនអ្នកជំងឺមកសេវារដ្ឋទាន់ពេលវានៅតែជាកត្តាសំខាន់ដែលចូលរួមកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនឈាម។ ជាពិសេស សកម្មភាពបង្កើនការងារអប់រំសុខភាពវិធានបង្ការជំងឺគ្រុនឈាមជាកិច្ចការចាំបាច់ត្រូវលើកកម្ពស់ចូលរួមអនុវត្តជាប្រចាំ និងត្រូវជំរុញសកម្មភាពបញ្ជូនអ្នកជំងឺគ្រុនឈាមមកសេវាសាធារណៈឱ្យបានលឿនមិនលើសពី ៤៨ម៉ោង បន្ទាប់ពីគ្រុនក្តៅ និងមិនត្រូវសាកល្បងទិញថ្នាំព្យាបាលដោយខ្លួនឯងនៅផ្ទះឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម។

ជាមួយគ្នានេះ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមដដែល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តការសម្អាតបរិស្ថានជុំវិញផ្ទះ ដូចជា សំបកកំប៉ុង ត្រឡោកដូង វត្ថុដក់ទឹកផ្សេងៗ។ បន្ថែមពីនេះ អាជ្ញាធរមូលដ្ឋាន សូមជួយពិនិត្យមើលកង់ឡាងដែលប្រជាពលរដ្ឋធ្វើអាជីវកម្ម ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យកើតមានដង្កូវទឹក។
ក្នុងករណីមានរោគសញ្ញា ក្តៅខ្លួនគួរឱ្យសង្ស័យ សូមកុំព្យាយាមព្យាបាលដោយខ្លួនឯង ឬទៅព្យាបាលនៅគ្លីនិកឯកជនដែលគ្មានចំណេះជំនាញវិជ្ជាជីវៈច្បាស់លាស់ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងមានគ្រោះថ្នាក់ដល់ជីវិត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


