Connect with us

ព័ត៌មានជាតិ

​រត់ ៤ សែន ​ជំហាន​ ប្រមូល​ថវិកា​បាន​ជាង ៦ ម៉ឺន​ដុល្លារ ជូន​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​

បានផុស

នៅ

តាម​រយៈ​កម្មវិធី​រត់​ថ្មើ​ជើង​​ជា​មួយ សាយ ​៤សែន​ជំហាន ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺ​មហារីក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​«កុមារ អង្គរ»​ខេត្ត​សៀមរាប​ ក្នុង​រយៈ​ពេល ៩​ថ្ងៃ​ ដោយ​គិត​ត្រឹម​ថ្ងៃទី ៣០​ខែ​តុលា ប្រមូល​ថវិកា​បាន​ជាង​ ៦​ម៉ឺន​ដុល្លារ​អាមេរិក បានប្រគល់ជូន​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀម​រាប​ ម្សិល​មិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​អូន​ បឋម (​សាយ) ជា​តារា​ចម្រៀង​​និង​តារា​សម្ដែង​មួយ​រូប​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា សហការ​ជា​មួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ បាន​ធ្វើ​ដំណើរ​រត់​​ថ្មើ​ជើង​ចម្ងាយ​ សាយ ៤សែន​ជំហាន ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺ​មហារីក​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារអង្គរ​។ ក្នុង​ដំណើរ​នៃ​ការ​រត់ចម្ងាយរបស់ លោក អូន បឋម​ ទៅ​ដល់​ខេរត្តសៀមរាប ក៏​​មាន​ការ​ទទួល​ស្វាគមន៍​ពី​លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ព្រម​ទាំង​ថ្នាក់​ដឹក​នាំ មន្ទីរ​ អាជ្ញាធរ​ក្រុង ស្រុក និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ ក្រុង ស្រុក ដើម្បី​ចូល​រួម​លើក​ទឹក​ចិត្ត​ចំពោះ​ សាយ និង​សហការី ក៏​ដូចជា​ការ​ចូល​រួម​ជា​មួយ​កម្មវិធី« ៤សែន​ជំហាន​ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺ​មហារីក​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ អង្គរ» ​ប្រមូល​ថវិកា ក្នុង​ការ​ទ្រទ្រង់​នូវ​សកម្មភាព​នៃ​ការ​ព្យាបាល​កុមារ​កម្ពុជា ដោយ​ឥត​គិត​ថ្ងៃ របស់​មន្ទីរ​ពេទ្យ​កុមារ អង្គរ។

ជា​មួយ​គ្នា​នោះ​ដែរ លោក​អភិបាលរងខេត្ត​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះការ​លះ​បង់​របស់​លោក​​ អូន បឋម ហៅ​សាយ ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ ដើម្បី​ជា​ការ​ក្រើន​រំលឹក​សតិស្មារតី​របស់​របស់​ជន​រួម​ជាតិ​ខ្មែរ​ឲ្យ​មាន​ស្មារតី​ចេះ​ជួយ​គ្នា​ រួម​សាមគ្គីគ្នា ក្នុង​ការ​ទ្រទ្រង់​ដល់​ធនធាន​មនុស្ស ពិសេស​ចំពោះ​សុខ​ភាព​កុមារ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​អនាគត​ប្រទេស​ជាតិ។

លោក​ អ៊ឹង គឹមលាង ​បាន​បន្ត​ថា សកម្មភាព​របស់​សាយ​គឺ​ពិត​ជា​ទង្វើ​សប្បុរសធម៌ បង្កប់​ទៅ​ដោយ​អត្ថន័យ​ ​ក្ដី​មេត្តា​ដ៏​សម្បើម​សម្រាប់​ជីវិត​កុមារ​នៅកម្ពុជា និង​​អាច​ក្លាយ​ជា​គំរូ​សម្រាប់​យុវជន​កម្ពុជា ដទៃ​ទៀត​ក្នុង​ការ​រួម​ចំណែក​តប​ស្នង​ចំពោះ​ប្រទេសជាតិ ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន។

​យ៉ាង​ណា​មិញ​ កម្មវិធី​រត់​ជា​មួយ​សាយមាន​ចម្ងាយ ៣០៣គីឡូ​ម៉ែត្រ​( ៤សែន​ជំហាន) ក្នុង​រយៈ​ពេល​ ៩​ថ្ងៃ ចាប់​ពី​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០២២ ដល់​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ២០២២ ​ដោយ​បាន​​ចេញ​ដំណើរ​ពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្នាក់​ការ​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​សៀមរាប តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦៕

ដោយ៖​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម