ព័ត៌មានជាតិ
សត្វកែះញីដ៏កម្រដែលជាប់អន្ទាក់ព្រានព្រៃ បានរួចរស់មានជីវិតហើយ តែអកុសល កូនក្នុងផ្ទៃរលូត
«សត្វកែះញីមួយក្បាលដែលមន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋក្នុងស្រុកសំឡូតបានជួយសង្គ្រោះពីអន្ទាក់របស់ព្រានព្រៃ ឥឡូវនេះបានរួចរស់ជីវិត និងស្ថិតក្រោមការតាមដានរបស់ ក្រុមជំនាញពេទ្យសត្វរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រោយពីការជួយសង្គ្រោះ។ ប៉ុន្តែជាកុសល កូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតស្លាប់បាត់បង់ជីវិត គួរឱ្យសោកស្តាយ។ រហូតមកដល់ល្ងាចថ្ងៃទី២២ នេះ សត្វកែះញីនេះអាចស៊ីចំណីបាន តិចតួច និងក្រុមពេទ្យសត្វបន្តតាមដានសុខភាព»។
នេះគឺជាការ ថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា មន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅយប់ថ្ងៃទី២២ ខែវិច្ឆិកានេះ ក្រោយពីបានតាមដានការងារនេះជាមួយក្រុមការងារសង្គ្រោះសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង។
លោករដ្ឋលេខាធិការបានសម្តែងការសោកស្តាយដែលកូនសត្វកែះបានរលូតនិងស្លាប់ ក្រោយពីមេរបស់វាបានជាប់អន្ទាក់ និងដេញប្រផាប់ចាប់ប្រភីងពីក្រុមព្រានព្រៃ និងធ្លាក់ពីលើជ្រលងភ្នំ ថ្លោះចង្កេះនិងបាក់ជើង។ «ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋដែលបាន សហការគ្នាជួយសង្គ្រោះសត្វកែះដ៏កម្រនេះ និងសូមថ្លែងអំណរគុណចំពោះក្រុមការងារសង្គ្រោះសត្វព្រៃចម្រុះ និងអ្នកជំនាញពេទ្យសត្វរបស់អង្គការ WA ដែលបានជួយសង្គ្រោះសត្វកែះញី មិនឱ្យស្លាប់បាត់បង់ជីវិតដោយសារតែរងរបួស និងរលូតកូន»។
នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា មុននឹងបន្តថា ក្រុមអ្នកអភិរក្ស បន្តតាមដានបននថែមពីស្ថានភាពសត្វកែះញីបន្ថែមនៅយប់នេះ និងថ្ងៃស្អែក មុននឹងបញ្ជូនមកកាន់ទីតាំងថែរក្សាអភិរក្ស។
សូមរំឭកថា សត្វកែះមួយក្បាលនេះត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសនិងប្រជាពលរដ្ឋពីកណ្តាប់ដៃព្រានព្រៃ។ បើតាមលោករដ្ឋលេខាធិការ សត្វកែះគឺជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។
ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តដែលមានតំបន់ការពារធម្មជាតិរួមមានខេត្ត ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ ហើយគ្រោងនឹងបន្តទៅកាន់ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង កោះកុង សៀមរាបនិងបណ្តាខេត្តផ្សេងទៀត។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យ បានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋងាកមកស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រះ ជីវៈចម្រុះកាន់តែខ្លាំងព្រមទាំងបានចូលរួមយ៉ាងសកម្មជាមួយមន្ត្រីអភិរក្ស។ ការជួយសង្គ្រោះសត្វកែះនៅខេត្តបាត់ដំបងគឺជាភស្តុតាងស្រាប់ដែលបង្ហាញថា ពលរដ្ឋបានចូលរួមជាមួយអាជ្ញាធរសង្គ្រោះសត្វព្រៃ។
លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់សាធារណជន បញ្ឈប់ការហូបសាច់សត្វព្រៃ និងបញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការបរបាញ់ និងលក់ដូរសាច់សត្វព្រៃ។ សូមកុំជឿថា សំណាកសត្វ ឆ្អឹង សាច់ឬឈាមសត្វព្រៃជួយបំប៉នសុខភាព ឬព្យាបាលជំងឺឱ្យសោះ តែផ្ទុយទៅវិញនាំឱ្យអន្តរាយដល់សុខភាព និងធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិតព្រោះសាច់ ឈាម សំណាកសត្វព្រៃពោរពេញដោយមេរោគ។
លោករដ្ឋលេខាធិការបានលើកឡើងថា សូមនិយាយថាទេចំពោះសាច់សត្វព្រៃដើម្បីបញ្ឈប់ការដាក់អន្ទក់ និងបរបាញ់សត្វ ការជយញដូរសត្វព្រៃខុសច្បាប់។ លោកបានលើក ឡើងថា «សត្វព្រៃមានតម្លៃជាសកលសម្រាប់បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី។
សត្វព្រៃក៏ជាសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរតាមរយៈទេសចរណ៍ធម្មជាតិដែលជាមាសបៃតងរបស់កម្ពុជា។ ថែរក្សាព្រៃឈើ សត្វព្រៃ នោះគឺជាមូលដ្ឋាន យ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានរួមនឹងដៃគូបាននឹងកំពុងជំរុញលើការបង្កើតមុខរបរ ការងារ បង្កើនប្រាក់ចំណូលជូនពលរដ្ឋសហគមន៍ដែលជាមូលដកឋានគ្រឹះយ៉ាងសំខាន់កាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ កម្ពុជាក៏បានឈានជើងដល់របត់ថ្មីដែលអាចរកប្រាក់ចំណូលពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ហេតុដូច្នេះបានជា ការចូលរួមថែរក្សាព្រៃឈើ សត្វព្រៃថ្ងៃនេះគឺសម្រាប់អនាគតដ៏រុងរឿង»៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ