Connect with us

ព័ត៌មានជាតិ

៩ខែ នៃឆ្នាំ២០២៥ ទីតាំងអេកូទេសចរណ៍សត្វទោចថ្ពាល់លឿងជំរំ «ចាហ៊ូ» រកចំណូលបានជាង ៦ម៉ឺនដុល្លារ ទុកអភិរក្សសម្បត្តិធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍

បានផុស

នៅ

ជំរុំសត្វទោចថ្ពាល់លឿង ចាហ៊ូ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា គឺជាសហគ្រាសអេកូទេសចរណ៍ បានផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដល់សហគមន៍ជនជាតិដើមភាគតិចនេះ តាមរយៈការលក់កញ្ចប់ទេសចរណ៍ដើម្បីទស្សនាសត្វទោច។ ហើយជាថ្នូរមកវិញ សហគមន៍បានធ្វើការការពារសត្វទោចទាំងនោះ ព្រមទាំងសត្វព្រៃផ្សេងៗទៀត និងជម្រករបស់វាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំរំចាហ៊ូមានកន្លែងកម្សាន្តសំខាន់ៗចំនួន៥ទីតាំង ជាទូទៅភ្ញៀវទេសចរដែលមកកម្សាន្តទីកន្លែងនេះត្រូវមកដល់ជំរំចាហ៊ូមក៤កន្លះទៅ៥ព្រឹក ដើម្បីធ្វើដំណើរប្រមាណ២ ទៅ៣ គីឡម៉ែត្រ ដោយថ្មើរជើងទៀត ទើបអាចទៅមើលសត្វទោចទោចថ្ពាល់លឿងទាំងនេះបាន។ក្រៅអំពីទស្សនាសត្វទោចថ្ពាល់លឿង នៅពេលថ្ងៃអ្នកទេសចរ ក៏អាចទស្សនាពពួកសត្វស្វា សត្វស្លាប និងសត្វដទៃទៀត។ក្រៅពីនេះអ្នកទេសចរអាចទស្សនាទឺកធ្លាក់ មើលដើមឈើធំៗក្នុងព្រៃ មើលជីវភាពរស់នៅរបស់ជនជាតិភាគតិចរបស់សហគមន៍ និងមើលការដើរដងជ័រទឹករបស់បងប្អូនសហគមន៍។

តំបន់អេកូទេសចរណ៍នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយមានការផ្តល់មូលនិធិពីគម្រោងរេដបូកកែវសីមា ក៏ដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ការគាំទ្រដោយក្រសួងបរិស្ថាន ក្រុមហ៊ុន SVC Stay និងដៃគូផ្សេងទៀតផងដែរ។ ក្នុងឆ្នាំ២០១៤តំបន់នេះ បានចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលទស្សនា ជាពិសេសគឺប្រភេទសត្វជិតផុតពូជសត្វទោចថ្ពាល់លឿង ដែលមានវត្តមានតែជាង១ពាន់ក្បាលប៉ុណ្ណោះ។

អ្នកនាង នេត្រ បូរមី មន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ ខេត្តមណ្ឌលគិរី ឱ្យដឹងថា តាមរយៈអង្គការ WCS បានផ្តល់ជាជំនួយដើម្បីធ្វើការអភិវឌ្ឍន៍ និងពង្រីកជំរំមួយនេះជាបន្តបន្ទាប់។ ក្នុងនេះដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅរបស់ភ្ញៀវ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់បុគ្គលិក តំបន់អេកូទេសចរណ៍។ ដោយសារការអភិវឌ្ឍនេះទើបទីកម្សាន្តក្នុងតំបន់ព្រៃភ្នំមួយនេះក៏មានការរៀបចំបានជាបន្ទប់ទទួលភ្ញៀវ កន្លែងភោជនីយដ្ឋាន ទីកន្លែងប្រជុំ ទីកន្លែងសម្រាប់បើកវគ្គបណ្តុះបណ្តាល កន្លែងសិក្សាស្រាវជ្រាវជាដើម។

អ្នកនាង នេត្រ បូរមី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ៣០នាក់ ដែលបានទៅធ្វើទស្សនកិច្ចនៅទីនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ថា គិតរហូតមកដល់ពេលនេះ សត្វទោចថ្ពាល់លឿងបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តចំនួន២,៧៥៤នាក់ ដែលភាគច្រើនជាជនជាតិបរទេស ក្នុងនោះក៏មានមន្រ្តីទូតជាច្រើនរូបផងដែរ។

មន្រ្តីហិរញ្ញវត្ថុ និងរដ្ឋបាលតំបន់អេកូទេសចរណ៍ជំរំ ចាហ៊ូ បានបញ្ជាក់ថា៖ «ជំរំចាហ៊ូសម្បូរភ្ញៀវទេសចរបំផុតចាប់ពីខែវិច្ឆិកា ដល់ខែមីនា ផុតពីនេះពោល គឺដល់ខែមេសាដល់ខែតុលាចំនួនភ្ញៀវទេសចរមានការថមថយចុះបន្តិចវិញ។ ដោយឡែកបើគិតចាប់ពីដើមឆ្នាំ២០២៥ មកដល់ចុងខែកញ្ញាកន្លងមកមានភ្ញៀវទេសចរចូលកម្សាន្តជំរំ ចាហ៊ូ ប្រមាណ៣០០ ទៅ៤០០នាក់ ហើយចំណូលជាថវិកាបានជាង ៦ម៉ឺនដុល្លារ»។

អ្នកនាង បូរមី បានឱ្យដឹងថា ចំណូលទាំងនោះត្រូវបានធ្វើវិភាគទានជាង១ម៉ឺនដុល្លារអាមេរិក ទៅដល់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមអភិរក្សដែនជម្រកសត្វព្រៃកែវសីមា។ ក្រៅពីនោះ ក៏បានផ្តល់ជូនសហគមន៍ជិត ៦ម៉ឺនដុល្លារ ដើម្បីធ្វើការអភិវឌ្ឍន៍ ហើយបន្ថែមពីនេះ គម្រោងនេះក៏បានផ្តល់ឱកាសការងារដល់សមាជិកសហគមន៍ចំនួន២៨រូប ក្នុងនោះមានស្រ្តីចំនួន១១នាក់ផងដែរ។

បូរមី បាននិយាយដូច្នេះថា៖ «អ៊ីចឹងភ្ញៀវមកលេងទីនេះមិនត្រឹមតែបានទស្សនាសត្វព្រៃ និងព្រៃឈើប៉ុណ្ណោះទេ អ្វីដែលសំខាន់នោះ ការមកទីនេះ គឺបានជួយដល់សហគមន៍អណ្តូងក្រឡឹងមួយចំណែក។ ក្នុងភ្ញៀវម្នាក់ គឺធ្វើការបែងចែកវិភាគទានចំនួន៣០ដុល្លារ និង៥ដុល្លារទៀតទៅកាន់មន្ទីរបរិស្ថាន។ ខ្ញុំបានប្រាប់ភ្ញៀវថា វត្តមានអ្នកមកទីនេះមិនត្រឹមតែមកកម្សាន្តប៉ុណ្ណោះទេ តែជួយអភិវឌ្ឍន៍សហគមន៍ និងការពារសត្វព្រៃផងដែរ»។

ក្រៅពីទស្សនាសត្វព្រៃ អ្នកទេសចរណ៍ក៏បានសិក្សាស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងតំបន់ជាដើម។

ទាក់ទិនក្នុងរឿងនេះ លោក សុខបញ្ញាវុធ អ្នកស្រាវជ្រាវនៅ ជំរំ ចាហ៊ូ ប្រាប់ឱ្យដឹងថា កន្លងមកក្រុមរបស់លោកបានសិក្សាស្រាវជ្រាវទៅលើសត្វទោច ដោយក្នុងនេះសិក្សាទៅលើអាកប្បកិរិយាប្រចាំថ្ងៃរបស់វា ការរស់នៅ និងការច្រៀងរបស់វាក្នុងទំនាក់ទំនងជាមួយដៃគូ និងការការពារទឹកដីរបស់សត្វទោច។វាខុសពីសត្វដទៃពោលគឺសត្វទោចនៅពេលការពារទឹកដីវាតែងសម្តែងចេញជាការច្រៀងដើម្បីប្រាប់ជាសញ្ញាដល់ក្រុមនីមួយៗរបស់ពួកវា។

ទាក់ទិនទៅនឹងការនាំភ្ញៀវទេសចរទៅទស្សនាសត្វទោចវិញ លោកបានប្រាប់ថាគឺអនុញ្ញាត្តិឱ្យទៅទស្សនាតែចំនួនមួយម៉ោងទេ ហើយចំនួនទៀតសោតបានត្រឹមតែ៦នាក់ប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកវាតានតឹងអារម្មណ៍ឬរំខានផ្លូវចិត្តពួកវា។

លោក សុខបញ្ញាវុធ បានឱ្យដឹងថា៖ «បើយោងតាមអង្គការ WCS កាលពីឆ្នាំ២០២២ គឺចំនួនសត្វទោចថ្ពាល់លឿងនៅទីកន្លែងនេះមានចំនួនប្រមាណ ១១២៩ក្បាល ហើយចំនួននេះថេររហូតដល់បច្ចុប្បន្ន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម