ព័ត៌មានជាតិ
រាជរដ្ឋាភិបាលប្រគល់ថវិកាប្រមាណជាង ១០ ម៉ឺនដុល្លារ ជូនពលរដ្ឋឃុំតាឡាត សម្រាប់ស្ថាបនាផ្លូវជាលើកដំបូង
ផ្លូវចូលទៅកាន់ភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង និងផ្លូវក្នុងភូមិ ដែលមានស្ថានភាពលំបាកធ្វើចរាចរណ៍អស់រយៈពេលជាង ៧០ ឆ្នាំមកនោះ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ថវិកាជាង ១០ ម៉ឺនដុល្លារ សម្រាប់ធ្វើការស្ថាបនាថ្មីជូនប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពកង្វល់ និងជំនួសមកវិញនូវភាពងាយស្រួលក្នុងការធ្វើចរាចរណ៍។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុក បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះថ្វីត្បិតតែការសាងសង់ឡើងជាផ្លូវដី ស មែន តែវាជាចំណែកមួយ នៃការចាប់ផ្ដើមឈានទៅរកភាពល្អប្រសើរ ហើយនៅឆ្នាំក្រោយទៀត អាជ្ញាធរ នឹងប្រើប្រាស់ថវិកាមូលនិធិឃុំ ឬស្រុក ក្រាលគ្រួសក្រហម ដើម្បីធានាដល់ការប្រើប្រាស់ជូនប្រជាពលរដ្ឋ។

លោកបន្តថា ផ្លូវថ្មីនេះមានស្ថានភាពមួយជាផ្លូវបត់បែន ដូចនេះ សូមបងប្អូនបើកបរគោយន្ត ឬម៉ូតូ ត្រូវគោរព និងផ្ដល់សិទ្ធិអាទិភាពឲ្យគ្នាទៅវិញទៅមក ហើយត្រូវរួមគ្នាថែរក្សាឲ្យបានល្អផង។

ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរស្រុក សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងចូលរួមថែរក្សាការពារនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឲ្យនេះ ដោយមើលថែ ការប្រើប្រាស់ផ្លូវនេះមិនឲ្យប្រើកងដែក នៅពេលខែវស្សាទឹកជន់ចូលខ្លាំង វាជ្រាយវាអីអញ្ចឹង សូមបងប្អូនមេត្តាកុំប្រើប្រាស់ពេលផ្លូវមានស្ថានភាពលំបាក។ ផ្លូវនេះ គឺជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា នេះជាការចូលរួមថែរក្សា របស់បងប្អូន។

លោក សៃ សាន់ អាយុ ៦៤ ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋនៅឃុំតាឡាត បានបញ្ជាក់ថា បណ្ដាំនេះបងប្អូនប្រជាពលរដ្ឋ នឹងនាំគ្នាអនុវត្តតាម ព្រោះមិនចង់ឃើញភាពលំបាកដ៏ញាំញី ជាង ៧០ ឆ្នាំ ដោយសារតែផ្លូវលំបាកធ្វើដំណើរនេះវិលត្រឡប់មកវិញនោះទេ។

លោកថា សមិទ្ធផលនេះប្រជាពលរដ្ឋស្រឡាញ់ពេញចិត្តណាស់ ហើយនឹងសហការសាមគ្គីគ្នាជាកម្លាំងជួយថែរក្សាផ្លូវនេះសម្រាប់បម្រើការធ្វើចរាចរណ៍ទៅមកបានស្រួល បើកន្លែងណាខាត ខូច ខ្ញុំនឹងសុខចិត្តរួមដៃគ្នាដើម្បីជួសជុលកសាងឡើងវិញ ជាកម្លាំងមួយសាមគ្គី ដើម្បីធ្វើជាលូ ឬជាបណ្ដោះអាសន្នធ្វើជាស្ពាន ដើម្បីឆ្លងកាត់សម្រាប់ប្រជាពលរដ្ឋយើងទាំងមូល សម្រាប់ទាំងអស់គ្នាទៅមក។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានប្រវែងបណ្ដោយជាង ១៧ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ ចាប់ចេញពីផ្លូវមាត់ទន្លេក្នុងភូមិតាឡាត ទៅដល់ចំណុចផ្លូវក្រុមហ៊ុន (អេះខេ) ដាំដំណាំកសិកម្មក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី បន្តទៅកាន់ផ្លូវជាតិលេខ ០៧ ស្ទឹងត្រែង ក្រចេះ ផងដែរ៕
អត្ថបទ ៖ ងិន លីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


