ព័ត៌មានជាតិ
សម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនានា រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍតំបន់មិនរៀបរយនៅតាមប្រឡាយស្ទឹងមានជ័យអោយក្លាយទៅជាតំបន់រៀបរយ ដោយផ្ទះសំបែងប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិស្របច្បាប់ ជាមួយនឹងការរស់នៅ ប្រកបដោយអនាម័យ និងបរិស្ថានល្អ ហើយនៅក្រោមស្ពានស្ទឹងមានជ័យ ក៏មានការអភិវឌ្ឍផងដែរដោយមានទាំងសួនកុមារនិងសួនច្បារសាធារណៈសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណដើម្បីសុខភាពថែមទៀតផង។

នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះនៅតាមប្រឡាយស្ទឹងមានន័យនិងនៅសួនច្បារក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ពិធីនេះ ក៏មានការចូលរួមពីលោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ និងលោកប៉ូ ដេវីដ រ៉េញនីញ៉េ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃរដ្ឋធានីប៉ារីសផងដែរ។

លោក នួន ផារ័ត្ន បានមានប្រសាសន៍ឲ្យដឹងថា ស្ទឹងមានជ័យ ពីដើមឡើយជាតំបន់មិនរៀបរយ តែក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ សូមគោលការណ៍ទៅរាជរដ្ឋាភិបាល យើងបានអភិវឌ្ឍប្រឡាយស្ទឹងមានជ័យនេះ ពីតំបន់មិនត្រៀមរយ មកជាតំបន់រៀបរយ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលណែនាំពីសម្ដេចតេជោហ៊ុន សែន បានប្រគល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមដងប្រឡាយនេះ ដែលធ្វើឲ្យតំបន់នេះក្លាយជាតំបន់ដែលមានផាសុកភាព មានអនាម័យ បរិស្ថានល្អមានផ្លូវធ្វើដំណើរងាយស្រួលផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនួន ផារ័ត្ន បានអំពាវឲ្យប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាកុំរំលោភចំណីផ្លូវថ្មើរជើងតាមដងប្រឡាយ និងកុំលក់ដូរនៅក្រោមស្ពានអាកាសស្ទឹងមានជ័យដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងប៉ះពាល់ដល់សោភណ្ឌភាពរាជធានីភ្នំពេញ។

លោកប៉ូ ដេវីដ រ៉េញនីញ៉េ បានមានប្រសាសន៍លើកឡើងដែរថា លោកពិតជារីករាយជាមួយនឹងគម្រោងដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ។

គម្រោងនេះទោះបីតូចក៏ពិតមែន ប៉ុន្តែវាមានអត្ថន័យធំធេងនិងជាគម្រោងគំរូ សម្រាប់យកទៅអនុវត្តទៅតាមបណ្ដាលប្រទេសផ្សេងទៀត។

គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ រួមមាន មណ្ឌលសហគមន៍ ដែលមាន ជាន់ផ្ទាល់ដីនិងជាន់ទី១ មានបន្ទប់សិក្សារបស់កុមារ ផ្ទះបាយ ការិយាល័យ បន្ទប់ទឹក បុរស នារី និង ទីធ្លាសម្រាប់ប្រជុំ ជាមួយនិងបន្ទប់ពិនិត្យសុខភាពផងដែរ និងការសម្ពោធដាក់អោយប្រើប្រាស់សួនកុមារនិងសួនច្បារសាធារណៈសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណនៅក្រោមស្ពានស្ទឹងមានជ័យនេះ៕
ដោយ ៖ ស្រីរ័ត្ន









-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១១ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


