Connect with us

ព័ត៌មានជាតិ

ខេត្តពីររបស់ថៃជាប់ព្រំដែនកម្ពុជា កំពុងប្រឈមទឹកជំនន់

បានផុស

នៅ

ខេត្តចំនួន២របស់ប្រទេសថៃ ដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា កំពុងប្រឈមគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ព្រមទាំងបាន​កាត់ផ្តាច់ផ្លូវមួយចំនួនផងដែរ ដោយសារកម្ពស់ទឹកឡើងខ្ពស់មិនអាចឱ្យរថយន្តតូចធ្វើចរាចរបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់ បានសរសេរថា កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ម្សិលមិញនេះ ទឹកជំនន់បាន​ហក់ឡើងយ៉ាងខ្លាំងទៅលើខេត្តចំនួនពីរ គឺខេត្តស្រះកែវ និងខេត្តច័ន្ទបុរី រួមជាមួយនិងផ្លូវជាតិមួយចំនួន ដែលបង្កឱ្យ​មានការអាក់ខានក្នុងការធ្វើចរាចររបស់រថយន្តធុនតូច។

ការផ្សាយបានបន្តថា គ្រោះទឹកជំនន់នេះ ក្រៅពីលិចតំបន់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តទាំងពីរនេះ ក៏នៅមាន​ការហូរកាត់ផ្លូវជាតិដ៏សំខាន់មួយខ្សែ គឺផ្លូវលេខ ៣១៧ ដែលផ្សាភ្ជាប់ពីខេត្តច័ន្ទបុរី ទៅខេត្តស្រះកែវ ដោយការលិចផ្លូវនេះមានចម្ងាយរាប់សិបគីឡូម៉ែត្រ ដែលមិនអាចឱ្យរថយន្តធុនតូចធ្វើដំណើរចូលទីរួម​ខេត្តច័ន្ទបុរីបាន​ឡើយ និងផ្លូវមួយខ្សែទៀត ដែលចេញពីខេត្តច័ន្ទបុរី ទៅកាន់ស្រុកពោងណាំរ៉ន ជាប់ព្រំដែនកម្ពុជាត្រង់ខេត្តប៉ៃលិន ក៏ត្រូវរាំងស្ទះដូចគ្នា។

បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ច កំពុងចុះអន្តរាគមន៍ និងធ្វើចរាចរបញ្ចៀសឱ្យរថយន្តប្រើប្រាស់ផ្លូវផ្សេងវិញ ដើម្បីគេចពី​បញ្ហានានា ដែលអាចកើតមានឡើងជាយថាហេតុ ព្រោះនៅព្រឹកថ្ងៃទី៤ នេះ ទឹកនៅតែឡើងសន្សឹមៗ មិនទាន់​មានការស្រកចុះនៅឡើយទេ ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម