ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ព្រមានពីការឆ្លើយតបនុយក្លេអ៊ែរ ដ៏មហន្តរាយ ទៅអាមេរិក និងកូរ៉េខាងត្បូង
ក្រសួងការពារជាតិកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងពីការរៀបចំសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ហើយព្រមានថា ការប្រើប្រាស់កម្លាំងណាមួយប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងត្រូវជួបប្រទះការឆ្លើយតបជាមុន និងមានកម្លាំងដ៏មហន្តរាយ។

សេចក្តីថ្លែងការណ៍របស់ក្រសួង ធ្វើឡើងបន្ទាប់ពីកងកម្លាំងកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃអាទិត្យទី១៧ខែធ្នូ។ មីស៊ីលនេះ ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ហើយធ្លាក់ចូលទៅក្នុងសមុទ្រ ២០នាទីបន្ទាប់ពីការហោះឡើង។
ភ្លាមៗក្រោយការបាញ់បង្ហោះ ក្រសួងការពារជាតិកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់យោធាអាមេរិកនិងកូរ៉េខាងត្បូង ថាកំពុងបង្កើនការត្រៀមលក្ខណៈសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ដោយលើកឡើងពីកិច្ចប្រជុំនៃក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ។ ក្នុងនោះសេតវិមាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់សមត្ថភាពពេញលេញរបស់ខ្លួន រួមទាំងនុយក្លេអ៊ែរផងដែរ ដើម្បីការពារកូរ៉េខាងត្បូងពីការវាយប្រហារដោយកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍របស់ក្រសួង ក៏បានថ្កោលទោសវត្តមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក USS Missouri នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យផងដែរ ហើយហៅសមយុទ្ធយោធាដែលធ្វើឡើងក្នុងខែសីហាដោយកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូងថា ជាការប្រកាសសង្គ្រាមនុយក្លេអ៊ែ។

ក្រសួងនិយាយថា “យើងនឹងមិនឈរស្ងៀម មើលសកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិកឡើយ។ កងកម្លាំងកូរ៉េខាងជើង បានត្រៀមខ្លួនដើម្បីកម្ចាត់ចោលនូវការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក និងបក្ខពួករបស់គេ ក្នុងការបង្កសង្គ្រាមនុយក្លេអ៊ែរ។ រាល់ការប៉ុនប៉ងដោយមហាអំណាចអរិភាពក្នុងការប្រើប្រាស់កម្លាំងប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងត្រូវជួបប្រទះការឆ្លើយតបជាមុន និងមហន្តរាយបំផុត”។
ក្រោយស្ងប់ស្ងាត់មួយរយៈពេលខ្លី ក្នុងអំឡុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, កូរ៉េខាងជើង បានបង្កើនកម្មវិធីសាកល្បងមីស៊ីលរបស់ខ្លួនឡើងវិញ បន្ទាប់ពីការចូលកាន់តំណែងរបស់លោក ចូ បៃដិន ហើយបាញ់មីស៊ីលជាង១០០គ្រាប់ចាប់តាំងពីដើមឆ្នាំ២០២២មក។
ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក ក៏បានធ្វើសមយុទ្ធយោធារបស់ខ្លួនជាមួយកូរ៉េខាងត្បូងកាន់តែធំនិងញឹកញាប់ផងដែរ ខណៈសេតវិមានព្រមានទីក្រុងព្យុងយ៉ាងពីរដងមកហើយក្នុងឆ្នាំនេះថា ការវាយប្រហារនុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើង នឹងធ្វើឲ្យរបបលោក គីម ជុងអ៊ុន ដល់ទីបញ្ចប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


