ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប សហការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន
សៀមរាប ៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពជុំវិញខេត្ត ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម “កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងរបស់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប តំណាងអាជ្ញាធរជាតិអប្សរា តំណាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងមន្ត្រីរដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទី និងកិច្ចការសំខាន់ៗរបស់កម្ពុជាក្នុងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងនោះរួមមានការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា (ការកៀរគរប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុញ្ញា) ការជំរុញការងារបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។ ពាក់ព័ន្ធនឹងការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជា បានកំណត់គោលដៅប្រទេសមួយចំនួនរួចហើយ សម្រាប់ធ្វើការសម្របសម្រួលដែលប្រទេសទាំងនោះអាចនឹងផ្តល់សច្ចាប័ន/យល់ព្រមលើការចូលរួមអនុសញ្ញា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញានេះ។

លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រធាន កម្ពុជាមានកាតព្វកិច្ចក្នុងការចលនាកៀរគរធនធានពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពមីននៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ដែលកំពុងត្រូវការ និងប្រតិបត្តិការសកម្មភាពមីនរបស់ខ្លួន។

ជាមួយគ្នានោះ កម្ពុជា នឹងមានកាតព្វកិច្ចសំខាន់ចំនួនពីរបន្ថែមទៀតរួមមាន ទី១/.ដឹកនាំរាល់កិច្ចប្រជុំនានានៃអនុសញ្ញាដែលទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទី២/.ចូលរួមរាល់សន្និសីទសកលផ្សេងៗទៀតពាក់ព័ន្ធនឹងសកម្មភាពមីន។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា កិច្ចប្រជុំកំពូលនៅខេត្តសៀមរាបនេះ សម្តេចធិបតី បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានបង្កើតនូវគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងដឹកនាំដំណើការរៀបចំនៃកិច្ចប្រជុំកំពូល។ កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីរដ្ឋភាគីចំនួន១៦៤ប្រទេស រដ្ឋមិនទាន់ក្លាយជារដ្ឋភាគី អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន ក្រោមអធិបតីភាពបើកដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជាងនេះទៅទៀត កិច្ចប្រជុំកំពូលនេះ នឹងរៀបចំឱ្យមានការចេញសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ៥ ឆ្នាំបន្តទៀត ដើម្បីឱ្យគ្រប់រដ្ឋភាគី និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ក្នុងគោលដៅជំរុញឱ្យពិភពលោកមួយដែលគ្មានមីន។
ឆ្លៀតក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកអនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពជុំវិញខេត្ត ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ