Connect with us

ព័ត៌មានអន្ដរជាតិ

ចិន-ឥណ្ឌូណេស៊ី រួមបេសកកម្មជ្រមុជនាវាមុជទឹកបានជ្រៅបំផុតក្នុង​កំណត់ត្រា

បានផុស

នៅ

បេសកកម្ម​វិទ្យាសាស្រ្ត​រួម​គ្នា​រវាង​សភា​វិទ្យាសាស្រ្ត​​ចិន​ CAS ​និង​​ទី​ភ្នាក់​ងារ​ស្រាវជ្រាវ​ និង​នវានុវត្តន៍​ជាតិ​​ឥណ្ឌូណេស៊ី​ បានសម្រេចភាពជោគ​ជ័យលើការ​​ជ្រមុជ​នាវា​មុជ​ទឹក​បាន​ជម្រៅ​ ៧,១៧៨​ ម៉ែត្រ​នៅ​ក្នុង​តំបន់​អន្លង់​ Java នៃ​មហា​សមុទ្រ​ឥណ្ឌា​ ដែល​នេះ​ជា​កំណត់​ត្រា​​​ពិសោធ​វិទ្យាសាស្រ្ត​មុជ​ទឹក​​ជ្រៅ​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្រ្ត​ឥណ្ឌូណេស៊ី ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន ស៊ីនហួរ​។

ដោយ​ផ្អែក​តាម​ការ​ឲ្យដឹង​ពី​ក្រុម​ការងារ​ស្រាវជ្រាវ បេសកកម្ម​រួម​គ្នា​នេះបាន​​ប្រតិបត្តិ​ការ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ មក​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា​ ឆ្នាំ​២០២៤​​ ជាមួយ​​​នាវា​មុជ​ទឹក​​ឈ្មោះ Fendouzhe ​របស់​​វិទ្យាស្ថាន​​​វិទ្យាសាស្រ្ត​មុជទឹក និង​វិស្វកម្ម​នៃ​សភា​វិទ្យាសាស្រ្ត​​ចិន​ ។

ក្រុម​ការងារ​ក៏​បាន​បន្ថែម​ដែរថា នាវា​មុជ​ទឹក​​ Fendouzhe នេះ​​គឺ​ជា​ការ​សម្រេច​បាន​​សមិទ្ធិផល​ដំបូង​គេ ដែល​អាច​​ផ្ទុក​មនុស្ស និង​បញ្ជា​ដោយ​មនុស្ស ទៅ​កាន់​ទឹក​ជ្រៅ​ប្រមាណ​ជិត ​១​០,០០០​ ម៉ែត្រ​​នា​បាត​សមុទ្រ​ ។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ស្វាគមន៍​​បេសកកម្ម​​ខាង​លើ លោក​ឯករដ្ឋទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី Lu Kang បាន​ឲ្យដឹង​ថា “ចិន និង​ឥណ្ឌូណេស៊ី បាន​ចូលរួម​​ពង្រឹង​សហការ​​ក្នុង​ការ​ស្រាវជ្រាវ​​​វិស័យ​បាត​សមុទ្រ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​។ ខ្ញុំ​សង្ឃឹម​ថា ក្រុម​អ្នក​វិទ្យាសាស្រ្ត​ទាំង​ពីរ​ប្រទេស​អាច​សម្រេច​បាន​លទ្ធផល​ស្រាវជ្រាវ​ប្រកប​ដោយ​ផ្លែ​ផ្កា និង​គុណភាព​​នា​អនាគត​ ក៏​ដូច​ជា​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​” ។

ចំណែកលោក Luhut Binsar Pandjaitan ​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​សម្រប​សម្រួល​កិច្ច​ការ​​សមុទ្រ និង​ការ​វិនិយោគ​ បាន​ឲ្យដឹង​ដែរ​ថា បេសកកម្ម​រួម​គ្នា​នេះ​​ជា​ទំព័រ​ថ្មី​មួយ​សម្រាប់​​ប្រទេស​ទាំង​ពីរ ដើម្បី​ពង្រឹង​កិច្ច​សហការ​ផ្នែក​វិស័យ​សមុទ្រ​ ហើយ​សង្ឃឹម​ថា ប្រទេស​ទាំង​ពីរ​នឹង​ពង្រីក​បន្ថែម​កិច្ច​សហ​ការ​ផ្នែក​វិទ្យាសាស្រ្ត និង​បណ្តុះ​បណ្តាល​បង្កើត​​អ្នក​វិទ្យាសាស្រ្ត និង​វិស្វករ​ជា​ច្រើន​ទៀត​​ ពិសេស​នៅឥណ្ឌូណេស៊ី​តែម្ដង ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម