ព័ត៌មានអន្ដរជាតិ
អាមេរិក គំរាមឈប់គាំទ្រអ៊ីស្រាអែល ក្នុងសង្គ្រាមនៅ ហ្គាហ្សា
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសុក្រទី៥ខែមេសា ប្រធានាធិបតីអាមេរិកលោក Joe Biden បានគំរាមទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា ទីក្រុងវ៉ាស៊ីនតោន នឹងឈប់គាំទ្រសង្គ្រាមនៅហ្គាហ្សា បើអ៊ីស្រាអែល គ្មានជំហានជាក់លាក់ ដើម្បីបង្កើនការផ្តល់ជំនួយនិងទប់ស្កាត់ការស្លាប់ជនស៊ីវិលទេនោះ។
ការគំរាមនេះ កើតឡើងបន្ទាប់ពី បុគ្គលិកអង្គការ World Central Kitchen (WCK) ចំនួន៧នាក់ ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល ហើយត្បិតលោក Netanyahu ចេញមុខសុំទោសថានោះជាកំហុសអចេតនាក៏ដោយ ប៉ុន្តែស្ថាបនិក WCK លោក José Andrés អះអាងថា បុគ្គលិករបស់គាត់ គឺត្រូវបានគេកំណត់គោលដៅជាប្រព័ន្ធ។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលតិចជាង៣០នាទីរវាងមេដឹកនាំទាំងពីរ សេតវិមានគូសបញ្ជាក់ថា លោក Biden បានសង្កត់ធ្ងន់ពីទង្វើមិនអាចទទួលយកបានចំពោះការវាយប្រហារលើបុគ្គលិកមនុស្សធម៌ និងស្ថានភាពមនុស្សធម៌ទាំងមូល។ អ៊ីស្រាអែលត្រូវប្រកាស និងអនុវត្តជាបន្តបន្ទាប់ នូវវិធានការជាក់លាក់ទាំងឡាយ ដើម្បីដោះស្រាយផលប៉ះពាល់ដល់ជនស៊ីវិល ការឈឺចាប់មនុស្សធម៌ និងសុវត្ថិភាពនៃបុគ្គលិកជំនួយ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក មិនឃើញអ៊ីស្រាអែលមានការផ្លាស់ប្តូរអ្វីជាដុំកំភួនទេនោះ ទីក្រុងវ៉ាស៊ីនតោន ច្បាស់ជាផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនហើយ។
ម្តងនេះ ត្រូវបានគេមើលឃើញថា ជាការដាក់កំហិតខ្លាំងបំផុត ដែលអាមេរិកមិនធ្លាប់ធ្វើសោះ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក។ យ៉ាងណា សេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ទេថាតើ អាមេរិកនឹងផ្លាស់ប្តូរគោលនយោបាយមួយណា ប៉ុន្តែអ្វីដែលគេដឹងច្បាស់បំផុតគឺថា ចំណុចស្នូលនៃទំនាក់ទំនង អាមេរិក-អ៊ីស្រាអែល គឺជាការផ្គត់ផ្គង់សព្វាវុធ។
ក្រោយការព្រមានរបស់អាមេរិកមិនបានប៉ុន្មានផង គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល ស្រាប់តែអនុម័តឲ្យបើកច្រើកព្រំដែន Erez ឡើងវិញ ដែលនេះគឺជាការបើកច្រករវាងអ៊ីស្រាអែល និងភាគខាងជើងតំបន់ហ្គាហ្សាជាលើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។
តាមការអះអាងពីមន្ត្រីអ៊ីស្រាអែល ច្រកនេះ នឹងបើកដើម្បីឲ្យជំនួយមនុស្សធម៌កាន់តែច្រើន ចូលទៅដល់តំបន់ហ្គាហ្សា។ លើសពីនេះ គណៈរដ្ឋមន្ត្រី ក៏អនុម័តឲ្យប្រើកំពង់ផែ Ashdod ដើម្បីជួយផ្ទេរជំនួយបន្ថែម ចូលហ្គាហ្សាផងដែរ។
សូមជម្រាបជាថ្មី សង្គ្រាមដ៏បង្ហូរឈាមបំផុតមិនធ្លាប់មាននៅតំបន់ហ្គាហ្សា បានផ្ទុះឡើងក្រោយការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ របស់ក្រុមហាម៉ាស ដែលបណ្តាលឲ្យមនុស្សប្រហែល ១ ១៦០នាក់បាត់បង់ជីវិតក្នុងប្រទេសអ៊ីស្រាអែល ដោយភាគច្រើនជាជនស៊ីវិល។
ជាការសងសឹក អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច ៣២ ៩១៦ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមតួលេខក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយចលនាប្រដាប់អាវុធប៉ាឡេស្ទីន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Netanyahu ថា អ៊ីស្រាអែល សម្លាប់បុគ្គលិកជំនួយ ជារឿង អចេតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


