ព័ត៌មានអន្ដរជាតិ
អាមេរិកប្រកាសថា ជម្លោះនៅលម្ហអវកាស ជិតកើតឡើងមែនទែនហើយ
ត្បិតអីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយនិងជម្លោះនៅលើភពផែនដីបានបង្កជាក្តីបារម្ភរួចទៅហើយនោះ ស្រាប់តែពេលនេះ មន្ត្រីជាន់ខ្ពស់អាមេរិក ចេញមុខប្រកាសថា លទ្ធភាពនៃការផ្ទុះជម្លោះនៅក្នុងលម្ហអវកាស គឺមិនមែនគ្រាន់តែជាទ្រឹស្តីទៀតទេ ពោលគឺវាជិតកើតឡើងមែនទែនហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Space News កាលពីថ្ងៃអង្គារទី៩ខែមេសា។

ក្នុងសន្និសីទអវកាសលើកទី៣៩នៅទីក្រុង Colorado Springs, លោកឧត្តមសេនីយ៍ Stephen Whiting ប្រធានទីបញ្ជាការអវកាសអាមេរិក បានបង្ហាញក្តីបារម្ភជាពន់ពេក ចំពោះសមត្ថភាពកាន់តែខ្លាំងក្លារបស់រុស្ស៊ីនិងចិន នៅក្នុងទីលម្ហ ដោយនិយាយថា ទីក្រុងប៉េកាំង បានដាក់កម្លាំងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីតាមដាននិងកំណត់គោលដៅសមត្ថភាពយោធារបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។
ទន្ទឹមនោះ លោកលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៨មក រុស្ស៊ីនិងចិន បានបង្កើនចំនួនផ្កាយរណបស៊ើបការណ៍ និងឃ្លាំមើល នៅក្នុងគន្លងតារាវិថីដល់ទៅទ្វេដងឯណោះ ហើយក៏កំពុងធ្វើតេស្តនិងបាញ់បង្ហោះអាវុធប្រឆាំងផ្កាយរណបផងដែរ។

ច្បាស់ណាស់ អាវុធអវកាសរបស់រុស្ស៊ីនិងចិន ពិតជាបង្កហានិភ័យដល់វិស័យការពារនិងជីវភាពរស់នៅបែបទំនើបរបស់អាមេរិកមែន ដូច្នេះទីក្រុងវ៉ាស៊ីនតោន ត្រូវតែអាចទប់ស្កាត់និងទប់ទល់ ចំពោះការគំរាមកំហែងទាំងនេះ។
តាមការបញ្ជាក់ពីមន្ត្រីដដែល, ជម្លោះប្រដាប់អាវុធនៅក្នុងលម្ហ គឺជាការបំផ្លិចបំផ្លាញសេដ្ឋកិច្ចនិងបរិស្ថាន អូសបន្លាយពេលរាប់ទសវត្សរ៍ ហើយទីក្រុងវ៉ាស៊ីន មិនចង់ឃើញរឿងបែបនេះឡើយ។ សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយប្រទេសកាណាដា អូស្ត្រាលី និងចក្រភពអង់គ្លេសរួចហើយ លើប្រតិបត្តិការ Operation Olympic Defender ដែលជាកម្មវិធីមានបំណង បង្កើនប្រសិទ្ធភាពប្រតិបត្តិការអវកាស។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងមូស្គូថា កំពុងផលិតអាវុធនុយក្លេអ៊ែរទុកប្រឆាំងផ្កាយរណបរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខបដិសេធថា ការអះអាងរបស់សហរដ្ឋអាមេរិក គ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ និងគ្រាន់តែជាឧបាយកល ដើម្បីរៀបចំកិច្ចចរចាគ្រប់គ្រងអាវុធប៉ុណ្ណោះ ខណៈស្ថានទូតរុស្ស៊ី ក្នុងទីក្រុងវ៉ាស៊ីនតោន ក៏ចោទអាមេរិកដែរថា បានប្រើប្រាស់ពាក្យស្លោកប្រឆាំងរុស្ស៊ី ដើម្បីបិទបាំងផែនការផ្ទាល់របស់ខ្លួនក្នុងការធ្វើទំនើបកម្មយោធាលើលម្ហអវកាស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យានអវកាសអាមេរិក និងផ្កាយរណបរុស្ស៊ី កំពុងស្ថិតក្នុងគន្លង អាចហោះទៅបុកគ្នា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


