សេដ្ឋកិច្ច
អាជីវកម្មចាប់ផ្ដើមថ្មីវិស័យរ៉ូបូតរបស់សិង្ហបុរី សម្លឹងមើលទីផ្សារសកល
អាជីវកម្មបើកថ្មី (Startup) លើវិស័យឧស្សាហកម្មមនុស្សយន្ត (រ៉ូបូត) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កំពុងសម្លឹងមើលការពង្រីកខ្លួនទាំងផ្នែកផលិតកម្ម និងសមត្ថភាពស្រាវជ្រាវទៅកាន់ទីផ្សារសកល ដោយផ្ដោតលើក្រុមហ៊ុនដែលខ្វះកម្លាំងពលកម្ម។
កាសែត Nikkei Asia បានចុះផ្សាយថា ក្រុមហ៊ុន Lionsbot ដែលផលិតមនុស្សយន្តសម្អាត បានបើករោងចក្រថ្មីជាមួយនឹងទំហំប្រាក់វិនិយោគ ១២ លានដុល្លារសិង្ហបុរី (៨,៨ លានដុល្លារ) ដោយពង្រីកខ្សែផលិតកម្មរបស់ខ្លួនដល់ ៤ ០០០ គ្រឿង/ឆ្នាំ ដែលនេះកើនឡើង៥ដងនៃបរិមាណផលិតចាស់របស់ខ្លួន។ ក្រុមហ៊ុននេះ បានចាត់ទុករោងចក្រថ្មីរបស់ខ្លួនថាជារោងចក្រធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលផលិតមនុស្សយន្តសម្អាត ហើយសង្ឃឹមថានឹងបង្កើនល្បឿននៃការពង្រីកជាសកលរបស់ខ្លួន។

ក្រៅតែទីផ្សារអាស៊ីដូចជានៅសិង្ហបុរីផ្ទាល់ និងជប៉ុន Lionsbot ក៏មានលក់មនុស្សយន្តសម្អាតដែលប្រើនៅការិយាល័យតូចៗ និងកន្លែងពាណិជ្ជកម្ម និងឧស្សាហកម្មធំៗ ដូចជាព្រលានយន្តហោះ ឃ្លាំង សារមន្ទីរ និងមន្ទីរពេទ្យ នៅលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ ដោយក្រុមហ៊ុនបានដាក់ពង្រាយតំណាងចែកចាយនៅទីនោះផ្ទាល់កាលពីឆ្នាំមុន។
នាយកប្រតិបត្តិរបស់ Lionsbot ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៨ លោក Dylan Ng បាននិយាយនៅពេលបើករោងចក្រថ្មីកាលពីខែមុន ថា លោកសង្ឃឹមថា ក្រុមហ៊ុននឹងអាចលក់មនុស្សយន្តបាន ២ ០០០ គ្រឿង ដោយនឹងបង្កើនប្រាក់ចំណូលទ្វេរដង ពោលគឺយ៉ាងហោចណាស់ ៣០ លានដុល្លារ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីនៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសសិង្ហបុរី ល្បីជាយូរមកហើយ លើសេវាកម្មសម្រាប់អ្នកប្រើប្រាស់ឌីជីថល ដូចជាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីហៅតាក់ស៊ីតាមទូរស័ព្ទជាដើម។ យ៉ាងណាមិញ ឥឡូវនេះសិង្ហបុរីកំពុងព្យាយាមជំរុញក្រុមហ៊ុនផលិតមនុស្សយន្តផ្សេងៗ ដោយសហការជាមួយអ្នកស្រាវជ្រាវក្នុងស្រុក និងសាកលវិទ្យាល័យនានា ក្រោមគោលដៅបង្កើតមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មមនុស្សយន្ត ដែលនឹងជួយទាក់ទាញអ្នកប្រឡូកក្នុងវិស័យពីក្រៅប្រទេសផងដែរ។

កាលពីខែមីនា រដ្ឋាភិបាលសិង្ហបុរីបានប្រកាសផែនការវិនិយោគបន្ថែម ៦០ លានដុល្លារសិង្ហបុរី ក្នុងកម្មវិធីមនុស្សយន្តជាតិ ដែលលើកទឹកចិត្តឧស្សាហកម្មទាំងមូល និងជួយក្រុមហ៊ុនផ្សេងៗស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគេ។ តាមរយៈកម្មវិធីនេះ សិង្ហបុរីបានវិនិយោគជាង ៤៥០ លានដុល្លារសិង្ហបុរី ចាប់តាំងពីឆ្នាំ ២០១៦ ក្នុងគម្រោងជាង ៤០។
ក្រៅពីក្រុមហ៊ុន Lionsbot ក្រុមហ៊ុន Eureka Robotics គឺជាអាជីវកម្មចាប់ផ្ដើមថ្មីក្នុងស្រុកមួយផ្សេងទៀត ដែលផ្តោតលើទីផ្សារពិភពលោក។ កាលពីខែមេសា ក្រុមហ៊ុនបានប្រកាសគម្រោងរួមគ្នាជាមួយក្រុមហ៊ុនផលិតសំបកកង់ជប៉ុន Bridgestone ដោយបណ្តាក់ទុនរួមគ្នា ដើម្បីបំពាក់ដៃដល់មនុស្សយន្តក្នុងឃ្លាំង ដែលអាចប្រមូលវត្ថុផ្សេងៗបាន។

នាយកប្រតិបត្តិក្រុមហ៊ុន Eureka Robotics លោក Pham Quang Cuong បានប្រាប់ Nikkei Asia ថា៖ «យើងផ្តល់ខួរក្បាល និងភ្នែកសម្រាប់មនុស្សយន្ត។ យុទ្ធសាស្ត្ររបស់យើង គឺដើម្បីសហការជាមួយក្រុមហ៊ុនផលិតគ្រឿងយន្តផ្សេងៗទៀត ហើយលក់ពួកវាជាប្រព័ន្ធរួមបញ្ចូលគ្នាទៅឱ្យក្រុមហ៊ុនផ្សេងទៀត»។
នៅអាស៊ី ចិនគឺជាប្រទេសនាំមុខគេលើបច្ចេកវិទ្យាមនុស្សយន្ត ដោយប្រទេសនេះមានឧស្សាហកម្មមនុស្សយន្តដ៏ធំបំផុតរបស់ពិភពលោក។ នៅឆ្នាំ ២០២២ ចិនរួមចំណែក ៥២ ភាគរយនៃចំនួយមនុស្សយន្តឧស្សាហកម្មថ្មីចំនួន ៥៥០ ០០០ ដែលត្រូវបានតម្លើងទូទាំងពិភពលោក។ នេះបើយោងតាមសហព័ន្ធមនុស្សយន្តអន្តរជាតិ ដែលថា ក្រុមហ៊ុនផលិតមនុស្សចិនចំណេញខ្ពស់ពីសេដ្ឋកិច្ចទំហំធំ ហើយការចំណាយទាប។
នៅឯសិង្ហបុរីវិញ ដោយសារតែតម្លៃប្រតិបត្តិការខ្ពស់ ក្រុមហ៊ុនផលិតមនុស្សយន្តមានការលំបាកក្នុងការប្រកួតប្រជែងជាមួយគូប្រជែងចិនលើតម្លៃ។ ដូច្នេះ ក្រុមហ៊ុនក្នុងស្រុកកំពុងកំណត់គោលដៅទីផ្សារអភិវឌ្ឍន៍បន្ថែមទៀត ដូចជាទៅសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ដែលតម្រូវការសម្រាប់គ្រឿងស្វ័យប្រវត្តិកម្មកំពុងកើនឡើង ដោយសារតែប្រាក់ឈ្នួលខ្ពស់ និងកង្វះបុគ្គលិក៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


