Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីថ្មី តៃវ៉ាន់ អំពាវនាវឲ្យ ចិន បញ្ឈប់ការគំរាមមកលើកោះនេះ

បានផុស

នៅ

ថ្លែងនៅក្នុងពិធីឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te បានស្នើឲ្យប្រទេសចិនបញ្ឈប់គោលនយោបាយគំរាមកំហែងផ្នែកយោធាលើដែនកោះនេះទៀតទៅ ហើយលោកស្នើឲ្យទីក្រុងប៉េកាំងត្រូវតែគោរពជម្រើសរបស់ប្រជាជនតៃវ៉ាន់ ព្រោះសន្តិភាពគឺជាជម្រើសតែមួយគត់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី​២០ ខែឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lai បានថ្លែងទៅកាន់ហ្វូងមនុស្សនៅខាងក្រៅការិយាល័យប្រធានាធិបតីនៅកណ្តាលទីក្រុងតៃប៉ិថា លោកសូមអំពាវនាវម្តងហើយម្តងទៀតឲ្យមានកិច្ចពិភាក្សាជាមួយប្រទេសចិន ហើយឲ្យទីក្រុងប៉េកាំងបោះបង់ការប្រើប្រាស់កម្លាំងដើម្បីទាមទារគ្រប់គ្រងដែនកោះមួយនេះ ។

​ទន្ទឹមនោះ លោកក៏ចង់ឲ្យចិនបញ្ឈប់ការបំភិតបំភ័យតៃវ៉ាន់ទាំងផ្នែកនយោបាយ និងយោធា ហើយទទួលយកការទទួលខុសត្រូវជាសកលជាមួយតៃវ៉ាន់ក្នុងកិច្ចខិតខំរក្សាសុខសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាក្នុងតំបន់ផ្សេងទៀតដើម្បីធានាថា គ្មានសង្គ្រាមណាមួយ​ផ្ទុះ​ឡើង ។

ពាក់ព័ន្ធនឹងការអំពាវនាវនេះទៀតសោត មិន​មាន​ប្រតិកម្ម​ភ្លាមៗ​ពីសំណាក់​ប្រទេស​ចិននោះទេ ខណៈ​ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងក៏បាន​ហៅ​លោក Lai ម្តង​ហើយ​ម្តង​ទៀត​ថា​ជាមនុស្សគ្រោះថ្នាក់ផងដែរ ។

គួរបញ្ជាក់ថា តៃវ៉ាន់បានប្រឈមមុខនឹងសម្ពាធពីប្រទេសចិន រួមទាំងសកម្មភាពកងទ័ពអាកាស និងកងទ័ពជើងទឹកជាប្រចាំនៅជិតកោះនេះ ចាប់តាំងពីលោក Lai ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ។

លោក Lai អាយុ ៦៤ ឆ្នាំដែលចូលកាន់តំណែងបន្តពីលោកពស្រី Tsai Ing-wen នៅថ្ងៃចន្ទនេះ ធ្លាប់បានបម្រើការជាអនុប្រធានាធិបតីរបស់លោកស្រី Tsai អស់រយៈពេល ៤ ឆ្នាំ ខណៈចិនចាត់ទុកលោក Lai ជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ដោយសារតែគោលនយោបាយយកអាមេរិកជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានជម្លោះ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម