ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ កម្ពុជា មិនខ្វះការងារធ្វើទេ តែខ្វះកម្លាំងពលកម្មជំនាញ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៣ ឧសភា នេះថា បច្ចុប្បន្ន កម្ពុជា មិនខ្វះការងារសម្រាប់ប្រជាពលរដ្ឋធ្វើទេ តែអ្វីដែលប្រឈមនោះគឺខ្វះកម្លាំងពលកម្មជំនាញសម្រាប់បម្រើនៅតាមរោងចក្រសហគ្រាសផ្សេងៗ។

លោកបានបន្តថា ដោយសារខ្វះកម្លាំងពលកម្មជំនាញនេះហើយទើបរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីបណ្ដុះបណ្ដាលជំនាញដល់យុវជនមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសច្បាស់លាស់ឆ្លើយតបទៅនឹងតម្រូវការនៅតាមរោងចក្រសហគ្រាស និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ។
លោកបានបន្តថា បន្ទាប់ពីបានប្រកាសដំណើរកម្មវិធីរហូតមកដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ មានអ្នកចុះឈ្មោះចូលរៀនចំនួន ៣៧ ៤៩៣ នាក់ (ស្រី ១២ ៨៧១ នាក់) ក្នុងនោះមានសិស្សកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) សរុបចំនួន ១៧ ៧៧០ នាក់ (ស្រី ៥ ៨១៩ នាក់) ស្មើនឹងចំនួន ៨០៥ ថ្នាក់ បន្ទាប់ពីបានបើកវគ្គសិក្សាជាលើកដំបូងកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយសិក្សាលើវិស័យសំណង់, អគ្គិសនី និងថាមពល , អេឡិចត្រូនិក ,កម្មន្តសាល ,មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា ,សេវាកម្ម, បរិក្ខារត្រជាក់ និងកម្តៅ, ទេសចរណ៍, និងកសិកម្ម និង កសិ-ឧស្សាហកម្ម និងសិស្សធ្វើតេស្តវាយតម្លៃបញ្ចប់វគ្គចំនួន ៣ ៩០៩ នាក់ ស្រី ៨៨៤ នាក់។

លោកបានបន្ថែមថា វគ្គទី ១ នេះ នឹងត្រូវប្រឡងបញ្ចប់នៅទូទាំងប្រទេសនៅក្នុងខែឧសភា ឆ្នាំ ២០២៤ នេះហើយ អ្នកដែលបានប្រឡងបញ្ចប់តេស្តដោយជោគជ័យ នឹងអាចទទួលបានការងារសមរម្យសម្រាប់ចិញ្ចឹមជីវិត។
លោកបានបញ្ជាក់ថា «រោងចក្រសហគ្រាសជាច្រើន កំពុងរង់ចាំទទួលពួកគាត់។ នៅកម្ពុជាមិនខ្វះការងារធ្វើទេ ប៉ុន្តែខ្វះអ្នកដែលមានជំនាញទៅវិញ»។

លោក កត្តា អ៊ន បានលើកឧទាហរណ៍មកបញ្ជាក់ថា ជាក់ស្ដែងនៅខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសជាង ៤០០ ត្រូវការកម្លាំងពលកម្មជំនាញ តែយើងផ្គត់ផ្គង់បានតែ ១៧ រោងចក្រទេ កាលពីឆ្នាំ ២០២៣ កន្លងទៅ ដូចនេះនៅខ្វះកម្លាំងពលកម្មច្រើនទៀត។
លោកបានបន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលជំនាញទី ២ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណជាង ៥ ពាន់នាក់ កំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ចំណែកគ្រឹះស្ថានបណ្ដុះបណ្ដាលនានា ក៏កំពុងបន្តចុះឈ្មោះសិស្សចូលរៀនជាបន្តបន្ទាប់ទៀតផងដែរ។

ថ្មីៗ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជិត ៥ ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បម្រើក្នុងវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ក្នុងនោះវិស័យឧស្សាហកម្មមានតម្រូវការខ្ពស់ជាងគេរហូតដល់ទៅជាង ៣៥ ០០០ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


