Connect with us

កីឡា

ចាន់ រតនា ផ្តោតលើការ​វ៉ៃយក​​ពិន្ទុក្នុងគុនចម្រុះជើងឯកអាស៊ី

បានផុស

នៅ

កីឡាករ​គុន​ចម្រុះ​ឈាន​មុខ​គេ​ ចាន់ រតនា​ ទទួល​បាន​ឱកាស​ប្រកួត​តំណាង​ឲ្យ​ជាតិ​ជា​លើក​ដំបូង​​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ​ជើង​​ឯក​អាស៊ី ឆ្នាំ​២០២៤  (Asian Mixed Martial Arts Championship) ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​វិល​ចូល​សង្វៀន​គុន​ចម្រុះ​សា​ជា​ថ្មី បន្ទាប់​ពី​ខក​ខាន​ប្រកួត​ស្ទើរ​២​ឆ្នាំ​ហើយ ប៉ុន្តែ​រូប​គេ​ធ្លាប់​ប្រកួត​គុនល្បុក្កតោ​​​កាល​ពី​ចុង​​ឆ្នាំ​២០២៣​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​គុន​ចម្រុះ​ដែរ។ ទោះ​ជា​មិន​បាន​ប្រកួត​ក៏ ចាន់ រតនា ​នៅ​តែ​បន្ត​សកម្មភាព​ហ្វឹក​ហាត់​ជា​ប្រចាំ និង​បង្ហាត់​កូន​សិស្ស​អំពី​គុន​ល្បុក្កតោ ហើយ​ចុង​ក្រោយ​បំផុត​បាន​ប្រកួត​គុន​ខ្មែរ​ទទួល​បាន​ខ្សែ​ក្រវាត់​ម៉ារ៉ាតុង។

ចាន់ រតនា បាន​ប្រាប់​ក្នុង​បទ​សម្ភាស​ថា ៖«​នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​ខ្ញុំ។ ការ​ប្រកួត​នេះ​ខុស​ពី​លក្ខណៈ​អាជីព ហើយ​នេះ​វ៉ៃ​តំណាង​ជាតិ។ វា​ជា​លើក​ទី១​ដែលខ្ញុំ​ចូល​រួម​តំណាង​ឲ្យ​​ជាតិ។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត។ ខ្ញុំ​ប្រឹងឲ្យ​អស់​ពី​សមត្ថភាព»។

ដោយសារ​ការ​ប្រកួត​​កីឡា​ផ្លូវ​ការ​មាន​លក្ខន្តិកៈ​ត្រឹម​ត្រូវ និង​មិន​មែន​ជា​ការ​ប្រកួត​លក្ខណៈ​អាជីព ចាន់ រតនា បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រកួត​ដែល​វាយ​យក​ពិន្ទុ​ច្រើន​ជាង​ការ​វាយ​ដៃ​គូ​ឲ្យ​សន្លប់​តាម​រយៈក្បាច់​ឃ្លេ​ជា​ដើម។

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​រូប​នេះ​បាន​និយាយ​ថា ៖«ការ​ប្រកួត​នេះ​ខុស​ពី​ការ​ប្រកួត​អាជីព។ តាម​ខ្ញុំ​មើល​លក្ខន្តិកៈ​នៃ​ការ​ប្រកួត ក៏​ដូច​ជាវីដេអូ​ប្រកួត​កន្លង​មក​គឺ​​យើង​ត្រូវ​ការ​កម្លាំង​ខ្លាំង ជា​ពិសេស​ត្រូវ​​​វៃ​ឆ្លាត​ក្នុង​ការ​ប្រកួត។ ​មើល​​​តាម​បច្ចេកទេស​គឺ​ភាគ​ច្រើន វ៉ៃ​យក​ពិន្ទុ ពី​ព្រោះ​មាន​ឧបករណ៍​ការពារ​​ មាន​ច្បាប់​បិទ​ច្រើន។ ចំណុច​សំខាន់​គឺ​​លឿន រហ័ស វ៉ៃ​យក​ពិន្ទុ​ឲ្យ​បាន​ច្រើន ​គឺ​អាចឈ្នះ​ហើយ»។

«ការ​ត្រៀម​ខ្លួន​សំខាន់​របស់​ខ្ញុំ​គឺ ខិត​ខំ​ហ្វឹក​ហាត់​ឲ្យ​បាន​ដិត​ដល់ និង​​ទទួលទាន​អាហារ​ឲ្យ​មាន​របប​អាហារ​ត្រឹម​ត្រូវ»។ ចាន់ រតនា បាន​បន្ថែម។

លោក ហ៊ុន ចន្ទរាជ ជា​គ្រូ​បង្វឹក​គុន​ចម្រុះ និង​ជា​កីឡាករ​១​រូប​មាន​ឈ្មោះ​ប្រកួត​ដែរ​នោះ​បាន​លើក​ឡើង​ថា ការ​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី​នេះ​គឺ​មិន​សាហាវ​ ឬ​គ្រោះ​ថ្នាក់​ខ្លាំង​ដូច​​ដែល​ធ្លាប់​ឃើញ​​ការ​ប្រកួត​តាម​សង្វៀន​ឯកជន​ទេ។ ​ក្បាច់​ ឬ​ស្នៀត​គ្រោះ​ថ្នាក់​​ត្រូវ​បាន​ដក​ចេញ​ ហើយ​ក្នុង​នោះ​សូម្បី​តែការ​អោប​​ឃ្លេ​នៅ​លើ​ក្តារ​​ក៏​មិន​យូរ​ដែរ​គឺ​ប្រហែល​ជា​១៥​វិនាទី​ប៉ុណ្ណោះ អាជ្ញា​កណ្តាល​នឹង​ចាប់​បំបែក​ចេញ។

លោក​បានបន្ត​ថា ការ​ប្រកួត​​ត្រូវ​ការ​ភាព​រហ័ស​រហួន ទាំង​ឈរ និង​ក្បាច់​ក្រោម។ កីឡាករ កីឡាការិនី​កម្ពុជា​ភាគ​ច្រើន​ជា​​អ្នក​កីឡា​គុន​ខ្មែរ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រើ​កណ្តាប់​ដៃ និង​ទាត់ ដូច្នេះ​លោក​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។ ​

ចាន់ រតនា បាន​ប្រកួត​គុន​ចម្រុះ​អាជីព​១២​ដង គឺ​ឈ្នះ​៧​ដង និង​ចាញ់​៥​ដង។ ការ​ប្រកួត​​គុន​ល្បុក្កតោ​លក្ខណៈ​គុន​ចម្រុះ​​​រូប​គេ​បាន​យក​ឈ្នះ​កីឡាករឥណ្ឌូណេស៊ី John Leary Ornido ក្នុង​កម្មវិធី​«អ្នក​លេង​គុន​» កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ និង​នៅ​ឆ្នាំ​២០២៤​​បាន​ប្រកួត​គុន​ខ្មែរ​ទទួល​បាន​ខ្សែ​ក្រវាត់ម៉ារ៉ាតុង។

សូម​បញ្ជាក់​ថា ការ​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី លើក​ទី២ ធ្វើ​នៅ​ថ្ងៃទី​ ១១-១២-១៣ ខែ​កក្កដា ឆ្នាំ​២០២៤ នៅវិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​នឹង​​​អញ្ជើញ​ចូល​រួម​ពិធី​បើក​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍​នេះ​ក៏​ជា​ការ​ប្រកួត​ជម្រុះ​ដើម្បី​យក​ជ័យលាភី​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍«កីឡា​ក្នុង​សាល និង​​ក្បាច់​គុនអាស៊ី (Asian Indoor and Martial Arts Games) ​ឆ្នាំ​២០២៤ ​ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ខែ​វិច្ឆិកា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម