ព័ត៌មានជាតិ
សម្តេចតេជោ អំពាវនាវឱ្យទូងស្គរ និងបាញ់កាំជ្រួច ពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ក្នុងស្មារតីសាមគ្គីភាពជាតិខ្មែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជារៀបចំការបាញ់កាំជ្រួច ក៏ដូចជាគ្រប់វត្តអារាម បញ្ចេញសកម្មភាពទូងស្គរ នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញពីការគាំទ្រ និងចលនាបង្រួបបង្រួមជាតិ។

ឆ្លៀតក្នុងឱកាស នាពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ សម្តេចបញ្ជាក់ថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។

សម្តេចមានប្រសាសន៍ថា៖«ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ខាងមុខ នៅពេលបើកការដ្ឋាននេះសូមអំពាវនាវឱ្យគ្រប់វត្តអារាម និងកន្លែងផ្សេងៗ ទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់បាញ់កាំជ្រួចឡើងលើមេឃ។ ហើយយប់ថ្ងៃទី០៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួយបន្ថែមទៀត នៅទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្ដសម្រេចការអនុវត្ដនូវគម្រោងនេះ»។
សម្តេចតេជោ បានគូសរំលេចទៀតថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យ ទេសចរណ៍ផងដែរ។
ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយព្រែកជីកនេះ នឹងមិនបង្កផលប៉ះ ពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។

សម្តេចបន្តថា៖«គម្រោងនេះវានឹងបង្កើតឱកាស សម្រាប់រាប់រយរាប់ រាប់ពាន់ រាប់ម៉ឺនឆ្នាំ សម្រាប់កម្ពុជា ដើម្បីធានាថាកម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ»។
សម្តេចមានជំនឿយ៉ាងមុតមាំថា ព្រែកជីកនេះ នឹងក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនិរតីនៅកម្ពុជា ដែលវាជួយបំពេញបន្ថែមទៅឱ្យការទប់ស្កាត់ និងរួមចំណែកការប្រែប្រួលអាកាសធាតុ ហើយបង្កើតនូវស្ថានភាពបៃតងគ្រប់រដូវកាលនៅទិសនិរតីរបស់កម្ពុជា។
គួរជម្រាបថា បើទោះបីជាគម្រោងព្រែកជីកប្រត្តិសាស្រ្តមួយនេះមានភាពចម្រូងចម្រាស ហើយវៀតណាមដែលជាប្រទេសជិតខាង ធ្វើផ្គរធ្វើភ្លៀងរិះគន់គម្រោងនេះថាប៉ះពាល់បរិស្ថានក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា គម្រោងនេះមានការសិក្សាយ៉ាងល្អិតល្អន់ពីអ្នកជំនាញអន្តរជាតិជាច្រើនរូប។ បន្ថែមពីនេះ ប្រជាជនខ្មែរច្រើនលើសលុប បានគាំទ្រលើគម្រោងនេះ នឹងជំរុញឱ្យរាជរដ្ឋាភិបាលប្រញាប់ប្រញាល់បើកការដ្ឋានសាងសង់ឱ្យបានលឿន។
គម្រោងព្រែកជីកហ្វូណនតេជោ គឺមានប្រវែងសរុប១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ពោលគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ សាងសង់ឡើងតាមដានព្រែកចាស់ដែលធ្លាប់ជីកាលពីអតីតកាល ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានប្រគល់សិទ្ធិវិនិយោគដោយក្រុមហ៊ុនខ្មែរចំនួន៥១% ដែលក្នុងនោះ ក្រុមហ៊ុនរដ្ឋចំនួន២ នឹងកាន់កាប់ភាគច្រើនលើគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តនេះ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


