ព័ត៌មានអន្ដរជាតិ
ហេសបូឡា បាញ់ស្រោចរ៉ុកកែតដូចភ្លៀងធ្លាក់ ក្រោយអ៊ីស្រាអែលសម្លាប់មេបញ្ជាការម្នាក់
មេបញ្ជាការកំពូលម្នាក់របស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ត្រូវបានយោធាអ៊ីស្រាអែលសម្លាប់ កាលពីថ្ងៃពុធទី៤ ខែកក្កដា ហើយជាការសងសឹក ក្រុមហេសបូឡាបានបាញ់ស្រោចគ្រាប់រ៉ុកកែត និងមីស៊ីលជាច្រើនគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ដែលនេះគឺជាការកើនឡើងកម្ដៅជម្លោះរវាងភាគីទាំង២ក្នុងកម្រិតដ៏គ្រោះថ្នាក់បន្ថែមទៀត។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់លោក Mohammed Nasser ក្នុងការវាយប្រហារតាមដែនអាកាសនៅក្បែរទីក្រុង Tyre។ លោក Nasser គឺជាមេបញ្ជាការនៃអង្គភាពមួយ ដែលមានតួនាទីបាញ់ប្រហារអ៊ីស្រាអែលចេញពីតំបន់ភាគខាងត្បូងប្រទេសលីបង់។
ក្រុមហេសបូឡា បានប្រកាសថា ក្រុមរបស់ខ្លួនបានវាយប្រហារយ៉ាងហោចណាស់ចំនួន២លើក ដែលជាការឆ្លើយតបចំពោះការបាត់បង់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួនមួយរូប។ ក្រុមដែលមានការគាំទ្រពីអ៊ីរ៉ង់មួយនេះ បាននិយាយថា មានការបាញ់រ៉ុកកែតចំនួន១០០គ្រាប់សំដៅចំមូលដ្ឋានយោធាអ៊ីស្រាអែល និងមានការបាញ់មីស៊ីលប៉ុន្មានគ្រាប់ផ្សេងទៀតនៅមូលដ្ឋានទ័ពនៃទីក្រុង Kiryat Shmona ក្បែរព្រំប្រទល់អ៊ីស្រាអែលនិងលីបង់។
ទូរទស្សន៍ប៉ុស្ដិ៍លេខ១២ របស់អ៊ីស្រាអែល បានរាយការណ៍ថា មានរ៉ុកកែតរាប់សិបគ្រាប់ត្រូវបានបាញ់ចូលក្នុងភាគខាងជើងប្រទេស ដែលការបាញ់នេះមានប្រភពចេញពីលីបង់។ យ៉ាងណាមិញ មិនទាន់មានរបាយការណ៍អំពីចំនួនមនុស្សស្លាប់ និងរងរបួសឡើយ។ ចំណែកក្រសួងការពារជាតិអ៊ីស្រាអែល បានប្រកាសថា ស៊ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅក្នុងតំបន់ជាច្រើនកន្លែងស្ថិតនៅភាគខាងជើងប្រទេស។
យោធាអ៊ីស្រាអែល មិនបានបញ្ជាក់អំពីចំនួនគ្រាប់រ៉ុកកែតថាមានប៉ុន្មានគ្រាប់នោះទេ ដែលក្រុមហេសបូឡាធ្វើការវាយប្រហារ។ ប៉ុន្តែអ៊ីស្រាអែល អះអាងថា គ្រាប់ទាំងនោះភាគច្រើនបានធ្លាក់នៅតំបន់វាលលំហ ហើយខ្លះត្រូវបានស្ទាក់ចាប់បានដោយប្រព័ន្ធខែលការពារដែនអាកាសរបស់ខ្លួន។
សូមបញ្ជាក់ថា លោក Mohammed Nasser គឺជាបុគ្គលម្នាក់ក្នុងចំណោមមេបញ្ជាការជាន់ខ្ពស់មួយចំនួនរបស់ក្រុមហេសបូឡា ដែលត្រូវបានសម្លាប់នៅក្នុងភ្លើងសង្គ្រាមជាមួយអ៊ីស្រាអែល។ មុនការស្លាប់លោក Nasser ក្រុមយោធាអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការហេសបូឡាមួយរូបឈ្មោះថា Taleb Abdallah កាលពីដើមខែមិថុនាកន្លងទៅ។ បុគ្គលទាំង២រូប សុទ្ធតែមានតួនាទីខ្ពស់ និងសំខាន់ដូចគ្នាសម្រាប់កងកម្លាំងហេសបូឡា។
ភាពតានតឹងរវាងអ៊ីស្រាអែល និងហេសបូឡា បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រោយពីក្រុមហេសបូឡា ដែលមានការគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយរ៉ុកកែតជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស។ ជាការសងសឹក អ៊ីស្រាអែល បានបាញ់កាំភ្លើងធំសំដៅទៅភាគអាគ្នេយ៍ប្រទេសលីបង់។ ចាប់តាំងពីពេលនោះមក ជម្លោះប្រដាប់អាវុធបាននិងកំពុងកើតឡើងស្ទើរជារៀងរាល់ថ្ងៃរវាងភាគីទាំងសងខាង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


