ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃនេះ
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ ២០២៤ នេះ ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានជំនួបទ្វេភាគីជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទស្សនកិច្ចរបស់ភាគីជប៉ុននាពេលនេះ នឹងរក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។ គួរជម្រាបថា ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ ២០២៣។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំឭកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន កាលពីឆ្នាំ២០២៣ នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីការបរទេសកម្ពុជា-ជប៉ុន បានបញ្ជាក់នូវការប្តេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ការបោសសម្អាតមីន ប្រតិបត្តិការក្សាសន្តិភាព ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍធនធាមនុស្ស ការអភិវឌ្ឍឌីជីថល និងសន្តិសុខអ៊ិនធឺណិត។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគីជាមួយ លោក គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដោយបានពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានអញ្ជើញជាធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួន៣ ពាក់ព័ន្ធនឹងធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល។

ជាការកាត់សម្គាល់ ដំណើរទស្សនកិច្ចរបស់ភាគីជប៉ុន ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាដើមខែមិថុនា ខណៈរដ្ឋមន្រ្តីការបរទេសថៃ លោក ម៉ារីត សាងៀមផុង្ស ទើបតែបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នៅចុងខែមិថុនា ឆ្នាំ ២០២៤៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


