Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ថ្កោលទោស​​​គម្រោង​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​អាមេរិក

បានផុស

នៅ

កូរ៉េ​ខាង​ជើង កាលពីថ្ងៃទី២៤ ខែសីហា បានសម្តែងការព្រួយបារម្ភយ៉ាង​ខ្លាំង និងថ្កោលទោស​លើ​ផែនការ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ដែល​បាន​កែប្រែ​និង​អនុម័តដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុង​ឆ្នាំ​២០២៤​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (រូបភាព៖ AP)

ក្រសួងការបរទេស​កូរ៉េ​ខាង​ជើង បានប្រកាស​ថា៖ «កូរ៉េខាងជើងនឹងពង្រឹងកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួនតាមគ្រប់មធ្យោបាយ ដើម្បីគ្រប់គ្រង និងលុបបំបាត់រាល់បញ្ហាប្រឈមផ្នែកសន្តិសុខ ដែលអាចបណ្តាលមកពីការកែសម្រួលឥរិយាបថនុយក្លេអ៊ែរដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក និងប្រឆាំងដាច់ខាតនូវការគំរាមកំហែងនុយក្លេអ៊ែរគ្រប់ប្រភេទ។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋ​អធិបតេយ្យ​ផ្សេង​ទៀត​សម្រាប់​ការ​ពង្រឹង​សមត្ថភាព​ការពារ​របស់​ពួកគេ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរដែលចេះតែកើនឡើងពីសហរដ្ឋអាមេរិក មិនអាចជាលេសសម្រាប់ការបង្កើតអាវុធនុយក្លេអ៊ែររបស់ខ្លួនសម្រាប់ការឈ្លានពាន និងការ​បង្កហេតុនៃស្ថានការណ៍​នុយក្លេអ៊ែរ​នោះ​ទេ»។

ក្រសួង​កូរ៉េ​ខាង​ជើង បាន​បន្ថែម​ទៀត​ថា៖ «មិនថាសហរដ្ឋអាមេរិកអាចនិយាយបំផ្លើសការគំរាមកំហែងនុយក្លេអ៊ែរ​ពីប្រទេសផ្សេងៗយ៉ាងណាក៏ដោយ កូរ៉េខាងជើងនឹងជំរុញការកសាងកម្លាំងនុយក្លេអ៊ែរឲ្យ​បានគ្រប់គ្រាន់ និងអាចទុកចិត្តបានដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសយ៉ាងរឹងមាំតាមកាល​កំណត់​ជាក់លាក់​របស់ខ្លួន»។

សេតវិមាន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២០​ខែសីហាថា ផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរ​ដែល​ខ្លួន​ធ្វើ មិនមែនជាការឆ្លើយតបទៅនឹងប្រទេសតែមួយ ឬ​ជា​ការគំរាមកំហែងនោះឡើយ។ ការប្រកាស​នេះ ធ្វើ​ឡើង​​បន្ទាប់ពីកាសែត New York Times បានរាយការណ៍ថា ​អាមេរិក​បានតម្រង់ទិសយុទ្ធសាស្រ្តទប់ស្កាត់ឡើងវិញ ដោយ​ផ្តោត​សំខាន់​លើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន​ជា​លើក​ដំបូង។

ក្រសួងការបរទេសចិន បាន​ប្រាប់​កាលពីថ្ងៃទី​២១​ខែសីហាថា ខ្លួន​មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នេះ ដែលបាននិយាយថា ផែនការ​របស់​សហរដ្ឋអាមេរិកសម្រាប់បញ្ហាប្រឈមនុយក្លេអ៊ែរ បាន​សំដៅ​ចំៗ​មក​លើ​​ប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម