ព័ត៌មានជាតិ
កម្ពុជាបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹលស្អូច បន្ថែមដល់ជាងកុមារ១,៥លាននាក់នៅទូទាំងប្រទេស
ក្រសួងសុខាភិបាល បានបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូច បន្ថែមនៅទូទាំងប្រទេសដល់កុមារចំនួនជាង ១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ។

យុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល ស្អូច នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលនៅទាបដែលបច្ចុប្បន្ននៅលើសកលលោក ករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី ១៧០,០០០ករណី ក្នុងឆ្នាំ២០២២ ដល់ ៣២០,០០០ករណី ក្នុងឆ្នាំ២០២៣។
យុទ្ធនាការយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច ទូទាំងប្រទេសនេះ គឺជាវិធានការសំខាន់មួយដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាលការពារពីការរីករាលដាលនៃជំងឺនានា និងគាំទ្រដល់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល។

ថ្លែងបើកយុទ្ធនាការនេះកាលពីថ្ងៃទី៣១តុលា នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមនាំកូនដែលមានអាយុចាប់ពី ៩ខែ រហូតដល់ក្រោម ៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការឱ្យបានគ្រប់ៗគ្នាក្នុងអំឡុងពេលយុទ្ធនាការនេះ ដែលមាននៅតាមសាលារៀន មណ្ឌលសុខភាព ឬតាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាលកុំបីខាន។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ប្រឹងប្រែងសហការរួមគ្នា ដើម្បីធានាបានថា អត្រាការគ្របដណ្តប់វ៉ាក់សាំងឱ្យបានខ្ពស់ដើម្បីការពារកុមារទាំងអស់ទូទាំងប្រទេសជៀសផុតពីជំងឺទាំងពីរនេះ។
យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូចបន្ថែមនេះ នឹងប្រើប្រាស់វ៉ាក់សាំង និងសឺរ៉ាំងដែលត្រូវបានទទួលស្គាល់គុណភាពដោយអង្គការសុខភាពពិភពលោក(WHO) ដែលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូចនេះ គឺមានសុវត្ថិភាព ប្រសិទ្ធភាព និងទទួលដោយឥតគិតថ្លៃ។ យុទ្ធនាការនេះនឹងចែកចេញជាពីរដំណាក់កាល ដំណាក់កាលទីមួយ នឹងគ្របដណ្តប់ខេត្តចំនួន១៣រួមមានបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ រាជធានីភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងខេត្តត្បូងឃ្មុំ ចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា
ឆ្នាំ២០២៤ និងដំណាក់កាលទីពីរ នឹងគ្របដណ្តប់ខេត្តចំនួន១២ រួមមានខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និងខេត្តកែប ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

យុទ្ធនាការនេះ ដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមានការគាំទ្រដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) និងមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។

គួរបញ្ជាក់ថា បច្ចុបន្បន្ននេះ កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលមានវ៉ាក់សាំងដែលអាចការពារជំងឺទារក កុមារបាន មានចំនួន ១២មុខ រួមមាន៖ ការពារជំងឺរបេង គ្រុនស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើមប្រភេទបេ ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Hib) ជំងឺកញ្រ្ជឹល ជំងឺស្អូច ជំងឺរលាកសួត-រលាកស្រោមខួរក្បាល(ដោយសារបាក់តេរី Streptococcus) ជំងឺរលាកខួរក្បាលជេអ៊ី និងការពារជំងឺមហារីកមាត់ស្បូន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


