Connect with us

ព័ត៌មានជាតិ

កសិករក្នុងស្រុកអូររាំងឪ ដាំដុះរំដេងតាមប្រព័ន្ធដំណក់ទឹកទទួលបានផលល្អជាងការដាំតាមបែបធម្មជាតិ

បានផុស

នៅ

កសិករឃុំព្រះធាតុ ឃុំទួលសូភី និងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រមូលផលរំដេងដោយក្តីសប្បាយរីករាយបំផុតព្រោះរំដេងក្នុង១ហិកតា វាឲ្យផលដល់ទៅ៤០តោនឯណោះ។ ឆ្នាំនេះរំដេងឲ្យផលមិនចាញ់ឆ្នាំមុននោះទេ ជាងនេះទៀត នៅឆ្នាំ២០២៥នេះ រំដេងថ្លៃជាងឆ្នាំមុន កសិករអាចលក់បានក្នុង១គីឡូក្រាមតម្លៃ២ពាន់៧រយរៀល ខណៈឆ្នាំមុនលក់បានតែ១ពាន់៩រយរៀលតែប៉ុណ្ណោះ ដោយមានឈ្មួញចុះទិញដល់ចម្ការតែម្តង។ រំដេងមានទីផ្សារងាយលក់ ធ្វើឱ្យកសិករសប្បាយរីករាយ និងពង្រីកផ្ទៃដីដាំរាល់ឆ្នាំ ដោយមានបច្ចេកទេសដាំច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ុក វណ្ណា អាយុ៦២ឆ្នាំ រស់នៅភូមិទួលព្នៅ បានឱ្យដឹងថា គ្រួសារលោក និងកសិករក្នុងភូមិបានប្រកបរបរដាំរំដេងជាយូរឆ្នាំមកហើយ។ កសិករជាង៦០គ្រួសារ សុទ្ធតែមានបទពិសោធន៍ក្នុងការផលិតដាំច្បាស់លាស់ ដោយប្រើប្រពន្ធដំណក់ទឹក សាចទឹក មិនដាំតាមលក្ខណៈធម្មជាតិដូចពីមុនទេ ដោយប្រើពេល២ឆ្នាំ ទើបប្រមូលផល។  តែបច្ចុប្បន្នប្រើពេលតែ ៩ខែទេ កសិករចាប់ប្រមូលផលហើយ ដូច្នេះ ការផលិតដាំក្នុង១ឆ្នាំ យើងអាចប្រមូលផលបានតែម្តងទេ ដោយកសិករមានបច្ចេកទេសក្នុងការដាំដុះបំពាក់ដោយទុយោសាចទឹកនៅទីចម្ការតែម្តង។ ការប្រមូលផលលើផ្ទៃដី១ហិកតា បានផលពី៣៥តោន ទៅ៤០តោន ដីក្រហម និងដីខ្មៅឱ្យផលល្អដូចគ្នា។

កសិកររូបនោះ បានបញ្ជាក់ឱ្យដឹងទៀតថា រំដេងត្រូវបានលក់ចេញរាល់ថ្ងៃ ខួបប្រាំង វស្សា ដែលក្នុង១ថ្ងៃៗមិនក្រោម ពី៥តោន ទៅ១០តោនឯណោះ។ ដោយកសិករលក់បានតម្លៃ ក្នុង១គីឡូក្រាម តម្លៃ ២ពាន់៧រយរៀល ដោយមានការគាំទ្រពីប្រជាពលរដ្ឋនិយមយកទៅផ្សំធ្វើជាម្ហូប ញាំងឱ្យសម្លរមានក្លិនឈ្ងុយ ប្រកបដោយផាសុខភាព។ រំដេងមិនពិបាកលក់ទេ សព្វថ្ងៃទីផ្សារភ្នំពេញធំបំផុត កសិករផលិតលក់ជូនរាល់ថ្ងៃ ហើយពូជរំដេងដែលឲ្យផលល្អបំផុតគឺ ពូជរំដេងថៃ ចំពោះដីទីចម្ការ កសិករត្រូវដាំ១ឆ្នាំ ចោល១ឆ្នាំ នោះទើបកសិករទទួលផលល្អពីការដាំដុះរំដេង។

លោក ទ្រី ពៅ មេឃុំព្រះធាតុ បានឱ្យដឹងថា កសិករដាំរំដេងមាន ៦ភូមិគឺ ភូមិទួលព្នៅ ភូមិទួលថ្កូវ ភូមិទួលសំបូរ ភូមិក្បាលទឹក ភូមិត្រពាំងនាង និងភូមិភ្នំ លើផ្ទៃដី ៥០ហិកតា ដោយកត្តាភូមិសាស្ត្រមានអំណោយផលល្អ ដង្ហើមទឹករាក់ កសិករអាចបុកអណ្តូងយកទឹកមកប្រើប្រាស់លើដំណាំគាត់បាន មាន ស្លឹកគ្រៃ និងរំដេងនេះតែម្តង។ នៅឆ្នាំ២០២៥ នេះ កសិករចាប់ប្រមូលផល ហើយឆ្នាំនេះ រំដេងឱ្យផលល្អ ដូចឆ្នាំទៅដែរ ព្រោះកសិករបានរៀបចំប្រព័ន្ធទឹកស្រោចស្រពបានល្អ ផលកសិកម្មនេះ នាំឱ្យប្រជាកសិករមានជីវភាពប្រសើររៀងរាល់ឆ្នាំ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម