ព័ត៌មានជាតិ
បណ្ឌិត ជា សិរី៖ ការបង្កើនប្រើប្រាស់ប្រាក់រៀលនឹងជួយបញ្ជៀសផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ច
ទេសភិបាលធនាគារជាតិនៃកម្ពុជា(NBC) លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក (រៀល) កាន់តែច្រើនឡើងក្នុងសេដ្ឋកិច្ចនឹងជួយបង្កើនភាពខ្លាំងនៃសេដ្ឋកិច្ច ជាពិសេសបញ្ជៀសហានិយភ័យពីខាងក្រៅ។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរីធ្វើឡើងក្នុង«ខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ»កាលពីសប្តាហ៍មុន ដោយស្រីបណ្ឌិតថា ការហូរចូលនៃប្រាក់ដុល្លារអាមេរិកយ៉ាងសន្ធឹកសន្ធាប់ នាដើមទសវត្សរ៍ឆ្នាំ១៩៩០ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ទទួលយកប្រាក់ដុល្លារអាមេរិកមកប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ។ នារយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចមានវឌ្ឍនភាពយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ហើយតម្លៃប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរ ជាមួយកម្រិតទាបនៃអតិផរណា។
»ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាបុរេលក្ខខណ្ឌមូលដ្ឋាន ដែលបានស្តារជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលឡើងវិញ។ ក្នុងន័យនេះ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀលទៅដុល្លារមានសារៈសំខាន់បំផុតដើម្បី ជំរុញទំនុកចិត្តនេះ»។ នេះបើយោងតាមលោកស្រីបណ្ឌិត ជា សិរី។

បើយោងតាម NBC អត្រាប្តូរប្រាក់រៀលបានរក្សាស្ថិរភាព ត្រឹមរង្វង់ ៤ ០៥០រៀលក្នុង១ដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ ការអនុវត្តគោលនយោបាយមួយចំនួនក្នុងការគាំទ្រប្រាក់រៀល ក៏បានចេញផ្លែផ្កាជាបន្តបន្ទាប់។ ប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងក្នុងអត្រាជាមធ្យម ១៥% ក្នុង១ឆ្នាំ នារយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។
នៅក្នុងប្រព័ន្ធធនាគារវិញ សមាមាត្រឥណទានជាប្រាក់រៀលបានកើន ហើយទន្ទឹមនឹងការកើនឡើងនៃចរាចរណ៍ប្រាក់ដុល្លារអាមេរិកផងដែរ ដែលធ្វើឱ្យកម្រិតដុល្លារូបនីយកម្មនៅទ្រឹង ក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ។ នេះបើយោងតាម NBC។

តាមការសិក្សាស្រាវជ្រាវកន្លងមក ជាពិសេស ក្រោមកិច្ចសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កម្រិតដុល្លារូបនីយកម្មត្រូវបានរំពឹងថានឹងបន្តមានកម្រិតខ្ពស់ ដោយសារតែចំណូលជាប្រាក់ដុល្លារដែលទទួលបានពីលំហូរចូលនៃការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើមនោះ ត្រូវបានប្រើប្រាស់ដោយគ្មានការប្តូរប្រាក់។
លោកស្រីបណ្ឌិត ជា សិរីថ្លែងថា៖«ការប្រើប្រាស់ដុល្លារអាមេរិកនៅតែមានសារៈសំខាន់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយ បានគាំទ្រដល់ពាណិជ្ជកម្មនិងការវិយោគនៅកម្ពុជា ជាពិសេសនាគ្រាដំបូងនៃការចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ច។ ក៏ប៉ុន្តែ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើននិងមានភាពប្រទាក់ក្រឡាខ្ពស់ ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ ដូចពេលបច្ចុប្បន្ន ពិតជានាំឱ្យកម្ពុជាមានភាពងាយរងគ្រោះ ជាពិសេសក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងពេលនៃភាពមិនប្រាកដប្រជានៃនយោបាយសហរដ្ឋអាមេរិក ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និន្នាការសមាហរណកម្មតំបន់ និងនិន្នាការបដិដុល្លារូបនីយកម្មក្នុងពិភពលោក។

លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា ការឆ្លងកាត់វិបត្តិកូវីដ-១៩ កន្លងមក បង្ហាញថា កម្ពុជាមិនមានលទ្ធភាពអនុវត្តនយោបាយរូបិយវត្ថុឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ក្នុងការរួមចំណែកកាត់បន្ថយអត្រាការប្រាក់ និងបញ្ចេញសន្ទនីយភាពច្រើន ដើម្បីជំរុញដំណើរការសេដ្ឋកិច្ចឡើងវិញបានទេ។
បើតាមលោកស្រីបណ្ឌិត ជា សិរី នាឆ្នាំនេះ ធនាគារជាតិនៃកម្ពុជា បានពង្រីកកិច្ចសហការស្រាវជ្រាវជាមួយរដ្ឋសភាជាតិលើប្រធានបទ តួនាទីរបស់ស្ថាប័នសាធារណៈ ក្នុងការជំរុញការប្រើប្រាស់ប្រាស់ប្រាក់រៀល និងគ្រោងបញ្ចប់ការស្រាវជ្រាវ នាដើមឆមាសទី២ ខាងមុខ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ មាននៅក្នុងគេហទំព័រ ធនាគារជាតិនៃកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


