Connect with us

ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី គាំទ្រចំពោះសិក្ខាវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធស្ថាប័ន

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកិច្ចការនារី»។ ក្រសួងកិច្ចការនារី បានគាំទ្រចំពោះសិក្ខាសាលារៀបចំនាឱកាសនេះ ដែលនឹងជួយពន្លឿន និងស្វែងយល់លើចំណុចខ្វះខាតលើការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំងពិភាក្សាគ្នាឱ្យកាន់តែមានភាពស៊ីជម្រៅ និងច្បាស់លាស់ដើម្បីបញ្ចប់កំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងមន្ទីរកិច្ចការនារីទាំង២៥ រាជធានី-ខេត្ត។

មានមតិស្វាគមន៍អង្គសិក្ខាសាលា លោកស្រី អ៊ឹង កន្ថាផាវី បានឱ្យដឹងថា ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំចំនួន ៩លើក ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ដោយបានពិនិត្យ វិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។ ជាលទ្ធផល ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត។

លោកស្រីបានបញ្ជាក់ថា ក្រសួងកិច្ចការនារី បានសហការជិតស្និទ្ធជាមួយនឹងក្រុមការងារបច្ចេកទេស គាំទ្រសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាព ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណើរការនេះ ក្រសួងក៏បានសហការជាមួយនឹងអង្គការ ABI ហើយនឹងបានទទួលការវាយតម្លៃពីជំនាញលើមុខងាររបស់ស្ថាប័ន ឆ្លុះបញ្ចាំងជាមួយតម្រូវការថ្មីៗ កំពុងកើតមាននៅក្នុងសង្គម។

លោកស្រីរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ក្រុមការងារបច្ចេកទេសបានសិក្សា ស្វែងយល់ លើក្របខណ្ឌច្បាប់ គោលនយោបាយជាតិតាមវិស័យ លិខិតបទដ្ឋានពាក់ព័ន្ធ មេរៀន បទពិសោធ ឧត្តមានុវត្តន៍ និងករណីសិក្សាដែលជាធាតុចូល សម្រាប់ការពិភាក្សាសម្រួចមុខងាររបស់ក្រសួង និងអង្គភាពក្រោមឱវាទ ដើម្បីជៀសវាងការត្រួតស៊ីគ្នា លើមុខងារ និងសកម្មភាពរបស់ក្រសួង និងស្ថាប័នផ្សេងទៀត។

ជាមួយគ្នានេះ ក្រុមការងារមុខងារសាធារណៈរបស់ក្រសួង ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រសួង បាន និងកំពុងពិភាក្សា និងប្រមូលកម្លាំង សហថាមពល ក្នុងការលើកកម្ពស់កិច្ចសហការ និងគណនេយ្យភាព លើការអនុវត្ត និងការគ្រប់គ្រងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ន ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» «ការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ» និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម