ព័ត៌មានអន្ដរជាតិ
ចៅហ្វាយក្រុងកៀវ៖ ប្រហែលជាមានតែការព្រមបាត់ដីទេ ទើបអ៊ុយក្រែនទទួលបានសន្តិភាព
ថ្លែងក្នុងកិច្ចសម្ភាសជាមួយ BBC នៅថ្ងៃសុក្រទី២៥ខែមេសាឆ្នាំ២០២៥ អភិបាលក្រុងកៀវ លោកVitali Klitschko ទទួលស្គាល់ថា អ៊ុយក្រែន ប្រហែលជាត្រូវព្រមបាត់ទឹកដីហើយ ដើម្បីសន្តិភាព។

សម្តីរបស់អតីតកីឡាករប្រដាល់លំដាប់ពិភពលោករូបនេះ ធ្វើឡើងចំពេលសហរដ្ឋអាមេរិក កំពុងគាបអ៊ុយក្រែនខ្លាំងមែនទែន ឲ្យទទួលយកការធ្វើសម្បទានទឹកដី ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។
ក្នុងនាមជាមន្ត្រីជាន់ខ្ពស់មួយរូប ដែលហ៊ានសារភាពជាសាធារណៈអំពីការបាត់បង់ទឹកដី, លោក Klitschko និយាយថា ខ្លួនលោកផ្ទាល់ជាអ្នកទទួលខុសត្រូវចំពោះរដ្ឋធានីកៀវ ហើយម្យ៉ាងវិញទៀតលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏អាចនឹងបង្ខំចិត្តទទួលយកដំណោះស្រាយដ៏ឈឺចាប់ ដើម្បីរកសន្តិភាពជូនប្រជាជនដែរ។

ការអត្ថាធិប្បាយរបស់លោក Klitschko នេះទៀតសោត កើតឡើង២ថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានថា អ៊ុយក្រែន អាចបាត់ប្រទេសទាំងមូលតែម្តង បើលោក ហ្សេលេនស្គី នៅតែរឹងទទឹងមិនព្រមចូលតុចរចាជាមួយរុស្ស៊ី។
ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥ លោកត្រាំ ថែមទាំងចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែនជាសាធារណៈថា បានធ្វើឲ្យខូចដល់កិច្ចចរចាសន្តិភាព ព្រោះតែការបដិសេធទទួលស្គាល់តំបន់គ្រីមៀថាជារបស់រុស្ស៊ីផងដែរ។

យ៉ាងណា ជាប្រតិកម្មតបទៅប្រធានាធិបតីអាមេរិក, លោកហ្សេលេនស្គី ក៏បង្ហោះសេចក្តីប្រកាសឆ្នាំ២០១៨ ដែលរដ្ឋបាលអាណត្តិទីមួយរបស់លោក ត្រាំ ប្រឆាំងការកាត់យកឧបទ្វីបនេះពីសំណាក់រុស្ស៊ី។
តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមេសាឆ្នាំ២០២៥ លោក ហ្សេលេនស្គី បានបង្ហោះសេចក្តីប្រកាសគ្រីមៀឆ្នាំ២០១៨ ធ្វើឡើងដោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ដែលមានខ្លឹមសារសំខាន់ថា «សហរដ្ឋអាមេរិក សូមច្រានចោលការប៉ុនប៉ងដាក់បញ្ចូលឧបទ្វីបគ្រីមៀ ជារបស់រុស្ស៊ី ហើយសន្យារក្សាគោលនយោបាយនេះ រហូតដល់បូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវបានស្ដារឡើងវិញ»។
ភ្ជាប់ជាមួយសេចក្តីប្រកាសនោះ លោក ហ្សេលេនស្គី ក៏សរសេរ Caption ផងដែរថា «អ៊ុយក្រែន តែងតែធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនជានិច្ច ហើយយើងប្រាកដណាស់ថា ដៃគូរបស់យើង ជាពិសេសសហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពស្របតាមការសម្រេចចិត្តដ៏រឹងមាំរបស់ខ្លួន»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី បង្ហាញសេចក្តីប្រកាសគ្រីមៀឆ្នាំ២០១៨ ដើម្បីឲ្យ ត្រាំ ភ្លឺភ្នែក

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
កីឡា៤ ថ្ងៃ ago
ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍