ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទសម្ព័ន្ធមិត្តស៊ែប៊ី ថាលួចចាក់ខ្លួនពីក្រោយខ្នង ព្រោះផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន
រុស្ស៊ី បានចោទប្រកាន់ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួនថាបានក្បត់ដោយលួចផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ក្នុងអំឡុងពេលកំពុងកើតមានសង្គ្រាម។

ទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី (SVR) បានអះអាងកាលពីថ្ងៃទី២៩ ខែឧសភាថា ក្រុមហ៊ុនការពារជាតិស៊ែប៊ី បានផ្តល់សម្ភារៈសឹកឲ្យអ៊ុយក្រែន តាមរយៈអន្តរការីរបស់អង្គការណាតូ ដូចជា សាធារណរដ្ឋឆេក ប៉ូឡូញ និងប៊ុលហ្គារី ហើយថ្មីៗនេះតាមរយៈបណ្តាប្រទេសអាហ្វ្រិក។
SVR ចោទប្រកាន់ថា ក្រុមហ៊ុនស៊ែប៊ីបានប្រើប្រាស់វិញ្ញាបនបត្រអ្នកទិញចុងក្រោយក្លែងក្លាយ ដើម្បីបន្លំគោលដៅរបស់អាវុធ ដោយអះអាងថា ការដឹកជញ្ជូនទាំងនេះកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ SVR បានពិពណ៌នាសកម្មភាពនេះថាជា «ការប៉ុនប៉ងដើម្បីលួចចាក់រុស្សីពីខាងក្រោយខ្នង»។
SVR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សហគ្រាសការពារជាតិស៊ែប៊ី ដែលផ្ទុយនឹង”អព្យាក្រឹតភាព”ដែលធ្លាប់ប្រកាសផ្លូវការដោយទីក្រុងប៊ែលក្រាដ នៅតែបន្តផ្គត់ផ្គង់សម្ភារៈសឹកដល់ទីក្រុងកៀវ»។ សេចក្ដីថ្លែងការណ៍ដដែល បន្តថា «វាហាក់បីដូចជាបំណងប្រាថ្នារបស់បុគ្គលិកឧស្សាហកម្មការពារជាតិស៊ែប៊ី និងអ្នកឧបត្ថម្ភរបស់ពួកគេ ដើម្បីទទួលបានផលចំណេញពីឈាមនៃប្រជាជនស្លាវីដែលជាបងប្អូន បានធ្វើឲ្យពួកគេភ្លេចទាំងស្រុងថាតើនរណាជាមិត្តពិតប្រាកដរបស់ពួកគេ និងនរណាជាសត្រូវរបស់ពួកគេ»។
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vučić បានចេញមុខបដិសេធ ហើយថា ស៊ែប៊ីមិនបាននាំចេញអាវុធដោយផ្ទាល់ទៅកាន់អ៊ុយក្រែនទេ ដោយនៅរក្សាជំហរអព្យាក្រឹត។ លោកបានប្រាប់ទៀតថា លោកបានពិភាក្សាបញ្ហានេះជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន រួចហើយ និងបានប្រកាសបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីស៊ើបអង្កេតថាតើអាវុធដែលផលិតដោយស៊ែប៊ីអាចទៅដល់កងកម្លាំងអ៊ុយក្រែនយ៉ាងដូចម្តេច។
សូមជម្រាបថា ទោះបីជាធ្លាប់អះអាងថាចង់ឲ្យស៊ែប៊ីចូលរួមក្នុងសហភាពអឺរ៉ុបក៏ដោយ ក៏លោក Vucic បានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ លោកបានផ្គើននឹងការព្រមានរបស់សហភាពអឺរ៉ុប និងបានចូលរួមក្បួនដង្ហែរទិវាជ័យជម្នះរបស់រុស្ស៊ីនៅទីក្រុងមូស្គូ កាលពីថ្ងៃទី៩ឧសភា។ មន្ត្រីសហភាពអឺរ៉ុប បាននិយាយថា វាមិនសមរម្យទេ សម្រាប់លោក Vucic ក្នុងការឈរនៅខាងលោក ពូទីន ដោយសំដៅការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
ខណៈពេលដែលកំពុងស្វែងរកការចូលសហភាពអឺរ៉ុប លោក Vucic បាននិយាយថា ការសម្រេចចិត្តបង្ហាញវត្តមានក្នុងក្បួនដង្ហែ ដែលជាការកត់សម្គាល់ជ័យជម្នះសង្គ្រាមលោកលើកទី២លើពួកណាស៊ីអាល្លឺម៉ង់ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា«មិត្តភាពប្រពៃណី» ព្រោះថា រុស្ស៊ីគឺជាប្រជាជាតិស្លាវី និងគ្រិស្តអូស្សូដក់ ដូចគ្នាទៅនឹងស៊ែប៊ី។
ស៊ែប៊ី ដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើរុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន បានបដិសេធចូលរួមជាមួយលោកខាងលិចដាក់ទណ្ឌកម្មលើក្រុងមូស្គូ បន្ទាប់ពីការលុកលុយពេញលេញលើអ៊ុយក្រែន ហើយមិនបានគាំទ្រសេចក្តីថ្លែងការណ៍ភាគច្រើនរបស់សហភាពអឺរ៉ុបដែលថ្កោលទោសការឈ្លានពាននេះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


