Connect with us

ព័ត៌មានជាតិ

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

បានផុស

នៅ

អត្រាចំនួនពលករខ្មែរដែលធ្វើការនៅថៃ ហើយធ្វើដំណើរឆ្លងដែនមកកម្ពុជាតាមព្រំដែនអន្តរជាតិយចាំយាម ខេត្តកោះកុងមានចំនួនតិចតួច មិនច្រើននោះទេ។នេះបើតាមការបញ្ជាក់ពីអាជ្ញាធរខេត្តកោះកុង និងមន្រ្តីប្រចាំការនៅច្រកទ្វារព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹងរបស់លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្រុមការងារប្រចាំការនៅតំបន់ច្រកទ្វារព្រំដែនចាំយាម ស្រុកមណ្ឌលសីមា បានទទួលពលករជិត៤០នាក់ ភាគច្រើនពួកគាត់បម្រើការងារផ្នែកសេវាកម្មទេសចរណ៍ ចុះទូកនេសាទ និងធ្វើកសិកម្ម។

អាជ្ញាធរខេត្ត គូសបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមរថយន្តដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើតរៀងៗខ្លួនដោយមិនគិតថ្លៃអ្វីទេ។ ទោះយ៉ាងណា ភាគច្រើនពលករខ្មែរមកពីថៃបានកក់តាក់ស៊ីនៅស្រុករួចរាល់រួចរាល់ហើយតាំងពីពួកគាត់មិនទាន់ឆ្លងដែនចូលមកកម្ពុជា។ តាំងតែពីម្សិលមិញ មន្រ្តីជំនាញនៅតំបន់ព្រំដែន បានបិទមិនឱ្យមានការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃនោះទេ តាមច្រកព្រំដែនចាំយាម ជាប់ព្រំដែនហាតឡេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។

រដ្ឋបាលខេត្តកោះកុង ត្រៀមរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរកទីសុវត្ថិភាពរួចរាល់ហើយ ករណីមានការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃ តាមបណ្តោយព្រំដែនក្នុងភូមិសាស្រ្តគ្រប់គ្រងរបស់ខ្លួន។ ជាក់ស្តែង ថ្ងៃនេះអាជ្ញាធរខេត្ត ក៏ត្រៀមរថយន្តក្រុង១៣គ្រឿង ដើម្បីដឹកជញ្ជូនពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ តបតាមបញ្ជារបស់សម្តេចតេជោ និងប្រមុខរាជរដ្ឋាភិបាល មុនភាគីថៃបណ្ដេញចេញ និងមើលងាយមើលថោកពីសំណាក់ជនបរទេស៕ (អត្ថបទៈសិរីវឌ្ឍនៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម