Connect with us

ព័ត៌មានជាតិ

រយៈពេលជាង ១៣ ឆ្នាំ ផ្សារមូលបត្រកម្ពុជា កៀរគរថវិកាបានជិត ៥០០ លានដុល្លារ

បានផុស

នៅ

លោក ហុង សុខហួរ អគ្គនាយក​នៃ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX ) បាន​មាន​ប្រសាសន៍​ថា រយៈ​ពេលជាង ១៣ ​ឆ្នាំ នៃ​ការ​បើក​ដំណើរការ​ផ្សារហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្សារ​មូលបត្រ​បាន​ចូលរួម​កៀរគរ​ថវិកាបាន​ប្រមាណជិត ៥០០ លាន​ដុល្លារ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​សេដ្ឋកិច្ច​ជា​មួយ «កម្ពុជា​ថ្មី​» លោក​ ហុង សុខ​ហួរ បាន​លើក​ឡើង​ថា​ រយៈ​ពេល​ជាង ១៣ឆ្នាំ​ហើយ ចាប់​តាំង​ពី​ទីផ្សារ​ហ៊ុន​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ទីផ្សារ​មូលបត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ជា​ភាគហ៊ុន​ជាមួយ​មាន​ចំនួន ១១ ក្រុមហ៊ុន ដោយ​ក្នុង​នោះ​ក្រៅ​ពី​ភាគ​ហ៊ុន ក៏​នៅ​មាន​ផលិត​ផល​ផ្សេង​ទៀត​គឺ​មាន​សញ្ញាប័ណ្ណ​ចំនួន ១៤ បន្ថែម សរុប​​ក្រុម​ហ៊ុន​ទាំង​អស់​មាន​ចំនួន ២៥។ ​ក្រុមហ៊ុន​ទាំង​ ២៥ នេះ​ បាន​កៀរគរ​ទុន​ជូន​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រមាណ​ជិត ៥០០​លាន​ដុល្លារ​។

លោក​បាន​សង្កត់​ធ្ងន់​ថា ទឹក​ប្រាក់​ជិត ៥០០​លាន​ដុល្លារ ដែល​ផ្សារ​មូលបត្រ​កៀរគរ​បាន​នេះ ប្រ​សិន​បើ​គិត​ជា​ស្តង់​ដារ​សម្រាប់​ផ្សារ​ហ៊ុន​ជា​អន្តរជាតិ គឺ​ជា​ចំនួន​មួយ​ដែល​តិច​តួច​បំផុត​ ព្រោះ​នៅ​ក្នុង​កម្រិត​ផ្សារ​ហ៊ុន​ទឹក​ប្រាក់​ដែរ​កៀរគរក្នុងមួយឆ្នាំៗ​គួរ​ស្ថិត​នៅ​ក្នុង​កម្រិត​រាប់​ពាន់​លាន។ ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា​រយៈ​​ពេល​ ១២-១៣ ឆ្នាំ​ អាច​កៀរគរ​បាន​គិត​ជា​ទឹក​ប្រាក់​ប្រមាណជិត ៥០០​លាន នេះ ជា​ទឹក​ប្រាក់​មួយ​ដែល​ធំ​សម​ល្មម​ដែរ មាន​ន័យ​ថា ចំនួន​ទឹក​ប្រាក់​ជិត ៥០០​លានដុល្លារ​នេះ​ លោក​ជឿជាក់​ថា​ប្រាកដ​ជា​បាន​ចូល​រួម​នៅ​ក្នុង​សេដ្ឋកិច្ច​​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នៅ​ក្នុង​កម្រិត​ណា​មួយ​ បើ​ទោះ​បី​ជា​មិន​បាន​ទាំង​ស្រុង​ក៏​ដោយ​។

ពាក់ព័ន្ធ​ទីផ្សារ​នៅ​កម្ពុជា​នេះ​ដែរ លោក ហុង​ សុខហួរ បាន​បន្ត​ថា ចំនួន​នៃ​ការ​ចូល​រួម​បើក​គណនេយ្យ​ជួយ​ដូរ​ក៏​ឃើញ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ផង​ដែរ​ ដែល​​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​មាន​ប្រមាណ​ជាង ៦ ម៉ឺន​គណនេយ្យ។

បើ​ទោះ​បី​ជា​ផ្សារ​មូលបត្រ​ បើក​ដំណើរ​ការ​នៅ​កម្ពុជា​រយៈ​ពេល​ជាង ១៣​ឆ្នាំ​មក​ហើយ​ក្តី លោក​ ហុង សុខហួរ បាន​បន្ថែមថា ​​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​គឺ​នៅតែ​ពុំ​ទាន់​បាន​ស្គាល់​អំពី​ផ្សារ​មូលបត្រ​កម្ពុជា​បាន​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ សូម្បី​តែ​មក​ដល់​ពេល​បច្ចុប្បន្ន​ក៏​នៅ​តែ​មាន​ប្រជាពលរដ្ឋ​ នៅ​តែ​មាន​ការ​យល់​ច្រឡំ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​នេះ​ដូច​គ្នា​ដែរ​។

លោក បាន​ពន្យល់​ថា ផ្សារ​ហ៊ុន គឺ​ជា​ការ​មក​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​ មិនមែន​ជា​ការ​មក​លេង​ហាង​ឆេង​នោះ​ទេ ប៉ុន្តែ​ជា​ការ​ទិញ​ភាគហ៊ុន​ដើម្បី​ក្លាយ​ទៅ​ជា​ម្ចាស់​អាជីវកម្ម​មួយ ហើយអាចក្លាយ​ទៅ​ជា​ម្ចាស់​អាជីវកម្ម​តូច​ ឬ​ធំ​ គឺ​ស្ថិត​នៅ​ត្រង់​ថា​យើង​បាន​​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ណាមួយ​នោះ​ចំនួន​ប៉ុន្មាន​ភាគរយនោះទេ។ ក្នុង​នោះ​អ្នក​ចូល​មក​ទិញ​ភាគហ៊ុន​អាច​មាន​គោលដៅ​ច្រើន ដោយ​ពួក​គេ​អាច​ទិញ​ភាគហ៊ុន​មក​ដើម្បី​លក់​ប្រចាំ​ថ្ងៃ និង​មួយ​ចំនួន​ទៀត​ទិញ លក់​ឆ្លង​ថ្ងៃ​ប្រចាំ​សប្ដាហ៍​ ដែល​ទិញ​មក​ក្នុង​គោលដៅ​លក់​ទៅ​វិញ​ដើម្បី​ទទួល​បាន​ផល​ចំណេញ​ជាង​មុន គេ​ហៅ​ថា Trader ។

«ដោយ​ឡែក​សម្រាប់​អ្នក​ដែល​ទិញ​​ហើយ​លក់​វិញ​នៅ​ក្នុង​ថ្ងៃ​ដដែល​ ហៅ​ថា Day Trader ហើយ​ចំពោះ​អ្នក​ដែល​ទិញ​នៅ​ថ្ងៃ​នេះ លក់​នៅ​ថ្ងៃ​នេះ ឬ​លក់​នៅ​ថ្ងៃ​ស្អែក​ ឬ​នៅ​សប្ដាហ៍​ក្រោយ គឺ​ហៅ​ថា Swing Trader ប៉ុន្តែ​សម្រាប់​អ្នក​ទិញ​ក្នុង​គោលដៅ​ថា​នឹង​អាច​បាន​ចំណូល​មក​ជា​ប្រាក់​ភាគ​លាប​ប្រចាំ​ត្រី​មាន ឬ​ប្រចាំ​ឆមាស​ ជា​ដើម​នោះ គេ​ហៅ​ថាជា​ Long term investor ដែល​នេះ​សុទ្ធសឹងតែ​ជា​គោលដៅ និង​យុទ្ធសាស្ត្រ​ខុស​ៗ​គ្នា»។ លោក ហុង សុខហួរ បន្ថែម​បែប​នេះ​។

ទន្ទឹម​នេះ​ កន្លង​មក​​លោក​ក៏​សង្កេត​ឃើញ​ម្ចាស់​ហ៊ុន​ធំ​ៗ​មួយ​ចំនួន​នៅ​កម្ពុជា​មានការ​​ចាប់​អារម្មណ៍​លើ​ទីផ្សារ​ហ៊ុន​នៅ​កម្ពុជា ដោយ​នេះ​ជា​មោទនភាព​មួយ​ដែល​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ចាប់​ផ្តើម​ឃើញ និង​ស្គាល់​អំពី​តម្លៃ​របស់​ភាគហ៊ុន ស្គាល់​អំពី​សក្ដានុពល​នៃ​ការ​ប្រើប្រាស់​ភាគហ៊ុន​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម