ព័ត៌មានអន្ដរជាតិ
បេសកជនពិសេសអាមេរិក អាចធ្វើដំណើរទៅក្រុងមូស្គូ មុនដល់ថ្ងៃកំណត់ឱសានវាទរបស់លោក ត្រាំ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បេសកជនពិសេស Steve Witkoff អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅថ្ងៃទី៦ឬ៧ខែសីហា ប៉ុន្មានថ្ងៃមុនកាលបរិច្ឆេទកំណត់ ដែលជាឱសានវាទរបស់សេតវិមានសម្រាប់រុស្ស៊ី ដើម្បីយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន ឬប្រឈមមុខនឹងទណ្ឌកម្មដ៏ធំធេង ដែលផ្តោតលើការនាំចេញប្រេង។

លោក ត្រាំ បានបញ្ជាក់ថា លោក Witkoff នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចបច្ចុប្បន្ននៅអ៊ីស្រាអែល ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់ទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី៣ខែសីហា លោកប្រធានាធិបតីបានរំលឹកឡើងវិញនូវឱសានវាទរបស់លោកទៅកាន់វិមានក្រឹមឡាំង ខណៈពេលដែលបង្ហាញការសង្ស័យលើប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មតែឯង។
លោក ត្រាំ បាននិយាយថា «នឹងមានការដាក់ទណ្ឌកម្ម ប៉ុន្តែពួកគេហាក់ដូចជាល្អណាស់ក្នុងការគេចពីទណ្ឌកម្ម។ ពួកគេជាតួអង្គដែលសម្បូរឧបាយកល… ដូច្នេះយើងនឹងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើង»។
ទណ្ឌកម្មដែលបានស្នើឡើង នឹងពង្រីកដល់ប្រទេសមួយចំនួនដូចជា ចិន និងឥណ្ឌា ដែលជាអតិថិជនប្រេងដ៏ធំបំផុតរបស់រុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយចំណូលពីសង្គ្រាមរបស់ទីក្រុងមូស្គូ។
ការប្រកាសនេះ ធ្វើឡើងខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅអ៊ុយក្រែន។ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា នៅថ្ងៃទី៣ខែសីហា ជនស៊ីវិល ៣នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Stepnohirsk តំបន់ Zaporizhzhya បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី។ នៅទីក្រុង Mykolayiv យ៉ាងហោចណាស់មនុស្ស ៧នាក់បានរងរបួស ហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីល។
ទន្ទឹមនឹងនេះ អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងនៅក្នុងប្រទេសរុស្ស៊ី។ នៅទីក្រុង Sochi យន្តហោះគ្មានមនុស្សបើកបានដុតបំផ្លាញឃ្លាំងប្រេងក្នុងតំបន់ ដោយតម្រូវឲ្យមានអ្នកពន្លត់អគ្គិភ័យជាង ១២០នាក់ទើបអាចគ្រប់គ្រងភ្លើងបាន។ មន្ត្រីរុស្ស៊ីក៏បានរាយការណ៍ផងដែរអំពីការប៉ុនប៉ងធ្វើការវាយប្រហារលើមូលដ្ឋាននៅ Ryazan, Penza និង Voronezh។
លោក ត្រាំ បានបង្ហាញពីការប្ដេជ្ញាចិត្តខ្លាំងជាងមុនចំពោះទីក្រុងមូស្គូក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយព្រមានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អំពី«ពន្ធធ្ងន់ធ្ងរ» ប្រសិនបើគាត់បរាជ័យក្នុងការយល់ព្រមលើបទឈប់បាញ់។ ឱសានវាទកាលពីថ្ងៃទី១៤ខែកក្កដារបស់ប្រធានាធិបតីអាមេរិក បានផ្តល់ពេល ៥០ថ្ងៃដើម្បីឲ្យរុស្ស៊ីឈានដល់បទឈប់បាញ់ ប៉ុន្តែការកំណត់ពេលវេលានេះត្រូវលោក ត្រាំ កាត់មកខ្លីជាងមុន ដោយកំណត់ត្រឹមថ្ងៃទី៨ខែសីហាវិញ ក្រោយការវាយប្រហារកាន់តែខ្លាំងឡើងរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅលើទីក្រុងកៀវ ដែលបានសម្លាប់ជនស៊ីវិល ៣១នាក់។
លោក ពូទីន មិនទាន់ឆ្លើយតបជាសាធារណៈចំពោះការដាក់ឱសានវាទរបស់លោក ត្រាំ នៅឡើយទេ។ ខណៈពេលដែលទីក្រុងមូស្គូធ្លាប់បានអះអាងថាបើកចំហសម្រាប់ការចរចា ទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិច បាននិយាយថា លក្ខខណ្ឌទាមទាររបស់រុស្ស៊ីគឺមិនអាចទទួលយកបានទេសម្រាប់សន្តិភាពយូរអង្វែង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


