Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ សង្ឃឹមខ្ពស់ថា ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមកាលពីថ្ងៃព្រហស្បតិ៍​ទី​១៤​ខែ​សីហា​ឆ្នាំ​២០២៥​ថា លោក វ្ល៉ាឌីមៀរ ពូទីន ត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចប់សង្រ្គាមរបស់​រុស្ស៊ីនៅអ៊ុយក្រែន ប៉ុន្តែបានព្រមានថា សន្តិភាពយូរអង្វែង ទំនងជាទាមទារ​ឲ្យ​មានកិច្ចប្រជុំកំពូលជាបន្តបន្ទាប់ រួមទាំង​វត្តមាន​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផងដែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​និយាយ​ថា «ខ្ញុំគិតថា ប្រធានាធិបតីពូទីននឹងបង្កើតសន្តិភាព ខ្ញុំគិតថា ប្រធានាធិបតីហ្សេលេនស្គីនឹងបង្កើតសន្តិភាព។ ខ្ញុំគិតថា វានឹងជាកិច្ចប្រជុំដ៏ល្អ ប៉ុន្តែកិច្ចប្រជុំសំខាន់ជាងនេះនឹងក្លាយជាកិច្ចប្រជុំទីពីរដែលយើងនឹង​មាន។ យើងនឹងជួបជាមួយប្រធានាធិបតីពូទីន ប្រធានាធិបតី​ហ្សេលេនស្គី ខ្លួនខ្ញុំផ្ទាល់ ហើយប្រហែលជាយើងនឹងនាំមេដឹកនាំអឺរ៉ុបមួយចំនួនមកជាមួយ»។

ប៉ុន្តែ​មេ​ដឹក​នាំ​អាមេរិក​រូប​នេះ បាន​ឲ្យ​ដឹង​ថា លោក​មិន​រំពឹង​​ថា​នឹង​មាន​បទឈប់បាញ់ភ្លាមៗ​នោះ​ទេ​បន្ទាប់​ពី​កិច្ចប្រជុំកំពូលនៅ​រដ្ឋ​អាឡាស្កានា​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។ បន្ថែម​ពី​នេះ លោក​បាន​ដាក់​ការ​សន្មត​ថា «មានឱកាស ២៥% ដែល​កិច្ចប្រជុំលើកដំបូងនេះអាច​បរាជ័យ»។

សូម​ជម្រាប​ថា រុស្ស៊ីគ្រប់គ្រង​ប្រហែល​មួយភាគប្រាំនៃអ៊ុយក្រែន ដោយទាំង​លោក ហ្សេលេនស្គី និង​អឺរ៉ុប ព្រួយបារម្ភថា កិច្ចព្រមព្រៀងណាមួយ អាច​នឹង​ផ្ដល់​ឲ្យ​រុស្ស៊ី​នូវ​​សិទ្ធិ​ពេញលេញក្នុង​ការ​គ្រប់គ្រង​ទឹកដីទាំង​នោះ​ បន្ទាប់​ពី​ការ​ឈ្លានពាន​អស់រយៈពេល​១១​ឆ្នាំ​របស់​ក្រុង​មូស្គូ​ទៅ​លើ​ក្រុង​កៀវ ដែល​កត្តា​នេះ​អាច​ជំរុញ​ ពូទីន ឲ្យ​ពង្រីក​ការ​ឈ្លានពាន​បន្ថែមទៀតទៅកាន់អឺរ៉ុប៕

លោក​ វ៉្លាឌីមៀរ ពូទីន និង​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ WSJ៖ ត្រាំ ខ្លាចវត្តមានរបស់ ហ្សេលេនស្គី អាចរំខានដល់ការពិភាក្សាជាមួយ ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម