Connect with us

សន្តិសុខសង្គម

សន្ទុះពលករខ្មែរវិលត្រលប់ពីប្រទេសថៃ ចូលកម្ពុជា តាមព្រំដែនចាំយាមបានថយចុះ

បានផុស

នៅ

គិតត្រឹម២ ទៅ៣ថ្ងៃចុងក្រោយនេះ សន្ទុះចំនួនពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បានថយចុះច្រើនគួរឱ្យគត់សម្គាល់ បើធៀបនឹងពេលកន្លងទៅខ្ទង់រយនាក់។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្រ្តីប្រចាំព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីសមត្ថកិច្ចដែលប្រចាំការនៅច្រកព្រំដែនចាំយាម បានឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា នេះថា នៅចន្លោះពី២ទៅ៣ថ្ងៃកន្លងមកនេះ ក្នុង១ថ្ងៃមានពលករតែ​១០ ទៅ១៥នាក់ប៉ុណ្ណោះដែលវិលត្រលប់មកប្រទេសកំណើតវិញ ដោយពួកគាត់មានត្រឹមតែអត្តសញ្ញាណបណ្ណប្រើប្រាស់សម្រាប់ឆ្លងដែន មិនមានបណ្ណព្រំដែន ឬលិខិតឆ្លងដែននោះទេ។ តែទោះយ៉ាងណា ក្រុមមន្រ្តីជំនាញប្រចាំការព្រំដែននៅតែបន្តសម្របសម្រួលបែបបទនិតីវិធីរបស់នគរបាលអន្តោប្រវេសន៍។

ចំណែកមន្រ្តីសុខាភិបាល និងមន្រ្តីមន្ទីរការងារ ក៏តាមដានសុខភាព និងផ្សព្វផ្សាយពីព័ត៌មានឱកាសការងារជូនពលករជាបន្តបន្ទាប់ ដើម្បីទទួលបានការងារធ្វើចៀសវាងការចំណាកស្រុកបន្តទៀត។

ក្រុមពលករខ្មែរដែលបានត្រលប់មកពីប្រទេសថៃ បានលើកឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះថា ការដែលពួកគាត់សម្រេចត្រលប់មកកម្ពុជាវិញនៅពេលនេះ ដោយសារទើបតែបានបើកប្រាក់ខែពីថៅកែ និងអស់ការងារធ្វើ។ កន្លែងធ្វើរបស់ពួកគាត់មានសភាពល្អប្រសើរពុំមានការធ្វើទុក្ខបុម្នេញដល់ពួកគាត់នោះទេ ប៉ុន្តែទោះយ៉ាងណាក៏បារម្ភពីសុវត្ថិភាពរស់នៅធ្វើការខ្លាំងដែរ។

ដោយឡែកលោក រ៉ន ស៊ីដេត និងលោក រស់ សុរ៉ា ជាពលករធ្វើផ្នែកកសិកម្មនៅខេត្តត្រាត ប្រទេសថៃ អះអាងថា ស្ថានភាពនៅកន្លែងពួកគាត់ធ្វើមិនចោទជាបញ្ហាអ្វីទេ ប៉ុន្តែដោយសារតែអស់ការងារធ្វើ និងបារម្ភពីសុវត្ថិភាព ទើបសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ។ ពួកគាត់សន្យាថា នឹងមិនត្រលប់ទៅធ្វើការងារនៅថៃវិញនោះទេ ព្រោះកម្ពុជាក៏មានឱកាសការងារច្រើនផងដែរតាមការផ្សព្វផ្សាយពីរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

តាមរបាយការណ៍របស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែសីហា បង្ហាញថា គិតចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរធ្វើការនៅប្រទេសថៃបានវិលចូលមកក្នុងប្រទេសវិញមានចំនួនជិត៥ពាន់នាក់ ក្នុងនោះស្រីជិត២ពាន់នាក់ និងកុមារ៨០២នាក់។ ជាក់ស្តែងពលករខ្មែរទាំងនោះមកពី១៧រាជធានីខេត្ត៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម