Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ហៅខ្លួនគាត់ និង​ ណេតាន់យ៉ាហ៊ូ ថាជា«វីរបុរសសង្គ្រាម»

បានផុស

នៅ

យោង​តាម​​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Jerusalem Post កាល​ពី​ថ្ងៃទី​២០​ខែ​សីហា​ឆ្នាំ​២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅខ្លួនគាត់ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាជា«វីរបុរសសង្រ្គាម»។

លោក ដូណាល់ ត្រាំ និង​លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយថា «គាត់ (ណេតាន់យ៉ាហ៊ូ) ជាវីរបុរសសង្រ្គាម ពីព្រោះយើងធ្វើការជាមួយគ្នា។ គាត់គឺជាវីរបុរសសង្រ្គាម។ ខ្ញុំគិតថាខ្ញុំក៏ដូចគ្នាដែរ។ ខ្ញុំបានបញ្ជូនយន្តហោះទាំងនោះ​ទៅ» ដោយ​សំដៅលើ​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​ដើម្បី​កម្ទេច​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​កាល​ពី​ខែ​មិថុនា។

Jerusalem Post បាន​ផ្សាយ​ថា ការអត្ថាធិប្បាយនេះ គឺជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយ​ដោយសារតែលោក ត្រាំ មិនធ្លាប់បម្រើការនៅក្នុង​វិស័យ​យោធាសហរដ្ឋអាមេរិក​នោះ​ទេ តែ​បែរ​ជា​ដាក់ខ្លួនឯងនៅក្នុងប្រភេទដូចគ្នាជាមួយលោក ណេតាន់យ៉ាហ៊ូ ដែលជាអតីតយុទ្ធជននៃអង្គភាពយោធាអ៊ីស្រាអែល Sayeret Matkal ហើយបានចូលរួមក្នុងបេសកកម្មជួយសង្គ្រោះចំណាប់ខ្មាំងដ៏ល្បីល្បាញ​មួយក្នុង​ហេតុការណ៍​ប្លន់​យន្តហោះ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​កាល​ពី​ឆ្នាំ​១៩៧២។

លោក ត្រាំ បានធ្វើការកត់សម្គាល់ទាំងនេះ នៅពេលដែលអ៊ីស្រាអែល​កំពុង​រៀបចំ​ផែនការ​សម្រាប់ប្រតិបត្តិការយោធាដ៏ធំមួយ ដើម្បីកាន់កាប់​តំបន់​ហ្គាហ្សា​ទាំង​ស្រុង។ មន្ត្រីអ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការនេះនឹងដំណើរការ លុះត្រាតែកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច ដែលរួមបញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលស្ថិត​នៅ​ក្រោម​កណ្ដាប់​ដៃ​​ក្រុមហាម៉ាស និង​ការ​បញ្ចប់​សង្គ្រាម​ក្នុង​លក្ខខណ្ឌ​កំណត់​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ណេតាន់យ៉ាហ៊ូ។

កាល​ពី​ដើម​សប្ដាហ៍ ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស បានប្រាប់អ្នកសម្របសម្រួលអេហ្ស៊ីប និងកាតាថា​ ខ្លួន​យល់ព្រមចំពោះ​សំណើ​ថ្មី​ស្ដី​ពី​បទឈប់បាញ់ និង​ដោះលែង​ចំណាប់ខ្មាំង​នៅ​ហ្គាហ្សា​ហើយ។ យ៉ាង​ណាមិញ ភាគី​អ៊ីស្រាអែល​មិន​ទាន់​ផ្ដល់​សញ្ញា​អ្វី​ឡើយ​ចំពោះ​សំណើ​បទ​ឈប់បាញ់​ចុងក្រោយ​នេះ​​នៅ​ឡើយទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម