Connect with us

សេដ្ឋកិច្ច

តម្លៃ​មាស​បំបែក​កំណត់​ត្រា​ខ្ពស់បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃ​​ហាងឆេងមាស​បាន​ហក់​ឡើងជា​បន្តបន្ទាប់ ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ ២០២៥ ​រហូតដល់ជិត ៤៤០០ ដុល្លារ ក្នុងមួយតម្លឹង ដោយ​សារ​​តែ​ព័ត៌​មាន​នៃការ​ត្រៀម​ទម្លាក់​អត្រា​ការប្រាក់​នៅ​សហ​រដ្ឋ​អា​មេរិក​នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២៥ និង​ស្ថា​ន​ភាព​​សង្គ្រាម​ពិភពលោក​​​នៅ​តែ​បន្ត។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​ត្រឹម​ម៉ោង​ ៩ ព្រឹកថ្ងៃទី ​១០ ខែ​កញ្ញា ឆ្នាំ ២០២៥ តម្លៃ​ហាងឆេង​មាស​ជួញដូរ​ក្នុង​តម្លៃ ​៤៣៧០ ដុល្លារ ​ក្នុងមួយតម្លឹង ដែលជាតម្លៃបំបែកកំណត់ត្រាខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។​

​លោក ឡុង សំណាង ​ប្រធានផ្នែក​ប្រឹក្សាយោបល់​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​PP Link securities ​មាន​ប្រសា​សន៍ថា ​បច្ចុប្បន្នតម្លៃហាងឆេងមាសកំពុងនៅជាមួយព័ត៌មានអត្រាការប្រាក់ របស់អាមេរិក ដែលនឹង​ប្រកាសនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដែលអាមេរិកអាចនឹងកាត់បន្ថយពី ៤.៥០% មក ៤.២៥% ឬក៏ ៤.០០% ដែលនឹងធ្វើឱ្យមាសកើនឡើងបន្ថែមទៀត។​

​លោក ឡុង សំណាង យល់ឃើញថា៖ «​តម្លៃមាស​នឹងបន្តកើនឡើង​ដល់ជាង ៤៥០០ ដុល្លារ ក្នុង​មួយ​តម្លឹង ដោយ​សារ​តែ​វិនិយោគគិន និង​ធនា​គារធំៗ បាន​ដឹងព័ត៌​មាននៃការដែល​អាមេរិក​ត្រៀមកាត់បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញានេះ ពួក​គាត់​ចាប់ផ្ដើម​ដក​លុយ​ចេញ​ពីការ​សន្សំ​យក​ការប្រាក់ ឬការ​ប្រើលុយ​ដុល្លារ​​យក​​ផល​ចំណេញ យក​ទៅទិញ​លើតម្លៃ​ហាង​ឆេងមាស»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម