នយោបាយ
ប្រធានសភាកម្ពុជាជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសភាវៀតណាម ឡាវ នៅទីក្រុងគូឡាឡាំពួ
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានជូបពិភាក្សាការងារជាមួយប្រធានសភាវៀតណាម និងអនុប្រធានសភាឡាវ ក្នុងពេលដែលអ្នកទាំងបីទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

ក្នុងជំនួបនោះប្រធានសភាវៀតណាមបានរម្លឹកពីប្រវត្តិនៃការជួយគ្នារវាងកម្ពុជានិងវៀតណាម ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈអនុប្រធានសភាឡាវបានបញ្ជាក់ពីចំណងមិត្តភាពដ៏មានតម្លៃរវាងប្រទេសទាំងពីរ។

យោងតាមការចុះផ្សាយរបស់រដ្ឋសភាក្នុងជំនួបជាប្រធានសភាវៀតណាមលោក ជិន ថាញ់មិន ភាគីទាំងពីរបានវាយតម្លៃខ្ពស់ការការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណគ្នាទៅវិញទៅមកចំពោះការជួយគាំទ្រគ្នា។ ប្រធានសភាវៀតណាមបានលើកឡើងថា ទំនាក់ទនងល្អនៃប្រទេសទំាងពីរបានផ្តល់ផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង ដែលជាបច្ច័យនាំឱ្យទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានការកើនជាលំដាប់។ លោកក៏បានអប អរសាទរចំពោះការបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ ដែលមានលក្ខណៈទំនើបនិងខ្នាតធំផងដែរ។
ចំពោះជំនួបជាមួយអនុប្រធានសភាឡាវលោកស្រី សុធន់ សាយ៉ាចាក់ (Sounthone XAYACHACK) វិញ ភាគីទាំងពីរ បានប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភាក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយមិត្តជិតខាង ជាពិសេសមិត្តឡាវ និងតែងតែចាត់ទុកមិត្តឡាវជាប្រទេសជិតខាងដ៏សំខាន់សម្រាប់គោលនយោបាយការបរទេសរបស់ខ្លួន។
សម្ដេចថា៖ «ទំនាក់ទំនងរវាង កម្ពុជា–ឡាវ គឺជាទ្រព្យដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ពីព្រោះទំនាក់ទំនងនេះ ត្រូវបានកសាងឡើងតាំងពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់បច្ចុប្បន្ន ប្រកបដោយភាពស្អិតរមួត រឹងមាំ និងយូរអង្វែង»។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំសភាវៀតណាម និងឡាវ សម្ដេចប្រធានសភាកម្ពុជា បានជម្រាបពីគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួន ដើម្បីដាក់ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦នេះ រួមមាន ការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា ដែលមានគោលបំណងលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍។

សេចក្ដីព្រាងសេចក្ដីសម្រេចមួយទៀតស្ដីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បងដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងមជ្ឈភាពអាស៊ានដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីគឺ “បរិយាបន្ន និងចីរភាព” និងសេចក្តីព្រាងបន្ទាប់ទាក់ទងការលើកកម្ពស់សុខសន្តិភាព សាមគ្គីភាពនៅក្នុងតំបន់អាស៊ាន ហើយជាពិសេស ទាក់ទងនឹងជម្លោះរវាងព្រំដែនកម្ពុជានិងថៃ កម្ពុជាប្រកាន់យកនូវគោលការណ៍សន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការមានស្រាប់ សំដៅធ្វើយ៉ាងណា ឱ្យបញ្ហាព្រំដែនវិលទៅរកប្រក្រតីភាពឡើងវិញ ធានាការពារសុខសុវត្ថិភាពជូនពលរដ្ឋ ដែលមិនត្រឹមសម្រាប់ពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ គឺសម្រាប់ពលរដ្ឋនៅក្នុងតំបន់ទំាងមូលផងដែរ។

សម្ដេចប្រធានសភាក៏បានថ្លែងអំណរគុណប្រទេសឡាវដែលបានគាំទ្រចូលរួម និងបន្តតាមដានយ៉ាងសកម្មលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ ។ ការចូលរួម និងតាមដានការអនុវត្តលើបទឈប់បាញ់នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលបានជួយស្ថានភាពនៅតំបន់ជម្លោះឱ្យមានភាពស្ងប់ស្ងាត់ ទប់ស្កាត់បាននូវការប៉ះទង្គិច និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាជននៅតាមតំបន់ព្រំដែនបានជាអតិបរមា ហើយសង្ឃឹមថា ទំនាក់ទំនងជាប្រក្រតីភាពនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ និងធានាបាននូវសន្តិភាពយូរអង្វែង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


