Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន EU គាំទ្រ​ណាតូបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីដែល​បំពាន​ដែនអាកាស

បានផុស

នៅ

ប្រធានសហភាព​អឺរ៉ុប(EU) លោកស្រី Ursula von der Leyen បាននិយាយ​ថា សមាជិក​ណាតូត្រូវតែត្រៀមខ្លួនក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ប្រសិនបើពួកគេឈ្លានពានចូលទៅក្នុងដែនអាកាសសម្ព័ន្ធមិត្ត។

លោកស្រី Ursula von der Leyen (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី von der Leyen បានប្រាប់ CNN កាល​ពីថ្ងៃពុធ​ទី​២៤​ខែ​កញ្ញា​ថា «គំនិតរបស់ខ្ញុំគឺយើងត្រូវការពារគ្រប់សង់ទីម៉ែត្រការ៉េនៃទឹកដី។ នោះមានន័យថា ប្រសិនបើមានការឈ្លានពាននៅក្នុងដែនអាកាស បន្ទាប់ពីការព្រមាន បន្ទាប់ពីមាន​ការ​ជូន​ដំណឹង​ច្បាស់លាស់ហើយ ពិតណាស់ជម្រើសនៃការបាញ់ទម្លាក់យន្តហោះចម្បាំងដែលកំពុងឈ្លានពានដែនអាកាសរបស់យើងគឺជា​រឿង​ដែល​ត្រូវ​ធ្វើ»។

លោកស្រី Von der Leyen បានព្រមានថា រុស្ស៊ីកំពុងសាកល្បងអឺរ៉ុប តាមរយៈយុទ្ធសាស្ត្រសង្គ្រាមកូនកាត់ ហើយបានសង្កត់ធ្ងន់ថា ណាតូត្រូវតែរឹងមាំ។ លោកស្រី​​បាន​និយាយ​ថា «វា​ជា​ការ​សម្រេច​ចិត្ត​របស់​អង្គការ​ណាតូ ប៉ុន្តែ​ខ្ញុំ​សូម​និយាយ​ឲ្យ​ច្បាស់​ថា អ្នក​មិន​អាច​ប៉ះ​លើ​ទឹក​ដី​របស់​យើង​ទេ»។

សុន្ទរកថារបស់លោកស្រី បានបន្លឺឡើង​បន្ត​ពីប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ដែលកាលពីថ្ងៃអង្គារបាននិយាយថា ប្រជាជាតិណាតូគួរតែ «បាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលចូលក្នុងដែនអាកាសរបស់ពួកគេ» ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ​​ ហ្សេលេនស្គី នៅមហាសន្និបាតអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Sikorski បានគាំទ្រជាសាធារណៈនូវគោលជំហររបស់លោក ត្រាំ។

ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​ចំ​ពេល​មាន​ការ​កើន​ឡើង​នៃ​ការ​រំលោភ​ដែន​អាកាស​ដោយ​ក្រុង​មូស្គូ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសប៉ូឡូញ ដោយមានការគាំទ្រពីអង្គការណាតូ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿង ខណៈដែលមន្ត្រីអេស្តូនីបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីបានចូលទៅក្នុងដែនអាកាសរបស់ពួកគេ ដែលជំរុញ​ឲ្យ​​ខ្លួន​អនុវត្ត​មាត្រា​៤​ នៃសន្ធិសញ្ញាណាតូ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានពង្រឹងជំហររបស់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា «សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនឹងការពារគ្រប់អ៊ីញនៃទឹកដីរបស់អង្គការណាតូ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម