Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល​ ត្រាំ គ្រោងចំណាយជាង​ ១០ ប៊ីលាន​ដុល្លារ ជួយកសិកររងផលវិបាកនៃ «ពន្ធត្រាំ»

បានផុស

នៅ

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោង​នឹង​ប្រកាសពីកញ្ចប់ថវិកាជាង ១០ ប៊ីលាន​ដុល្លារ នៅថ្ងៃអង្គារនេះ ដើម្បីជួយដល់់​កសិករអាមេរិក ដែលរងផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្ម​ ដែល​ផ្ទុះ​ខ្លាំង​ឡើងវិញ​ដោយសារតែគោលនយោបាយពន្ធគយរបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័របាន​រាយការណ៍​ដោយ​ស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ​ថា កញ្ចប់ថវិកានេះ អាច​មាន​ចន្លោះពី ១០-១៥ ប៊ីលាន​ដុល្លារ ដើម្បីជួយកសិករឱ្យរួចផុតមួយ​ពេលនៃ​រដូវប្រមូលផល​ឆ្នាំ ២០២៥​។ ប្រភពបាន​អះអាងថា ​រដ្ឋបាល​ ត្រាំ នឹង​ប្រើប្រាស់កញ្ចប់ថវិកាសម្រាប់​កសិករសណ្តែកសៀងដែលរងផលប៉ះពាល់ដោយជម្លោះពាណិជ្ជកម្មជាមួយ​ចិន ក៏ដូចជា​កសិករដាំទំនិញសំខាន់ៗផ្សេងទៀត​។ យ៉ាងណាមិញ ព័ត៌មាន​លម្អិត​អំពីកញ្ចប់ថវិកានេះ មិនទាន់ត្រូវបាន​លាតត្រដាងនៅឡើយទេ។

គេមើលឃើញថា កសិករ​អាមេរិក ជាពិសេស​លើវិស័យដាំសណ្ដែងសៀង ដែលពឹង​ផ្អែកខ្លាំង​លើការនាំចេញ បាន​រងគ្រោះដោយសារតែសង្រ្គាម​ពាណិជ្ជកម្មដែល​ផ្ដួចផ្ដើមឡើងដោយ​លោក ត្រាំ ហើយបង្កការសងសឹងពីចិន ដែល​ដាក់ពន្ធខ្ពស់លើទំនិញ​អាមេរិកដូចគ្នា ហើយ​ងាកទៅរក​ប្រភព​ជំនួសវិញ។ ការណ៍នេះ បណ្ដាលឱ្យ​ការនាំចូល​របស់ចិន​ លើ​ផលិតផល​កសិកម្មអាមេរិក ដូចជាសណ្ដែកសៀង និងសាច់់គោ ធ្លាក់់ចុះជាគំហុកក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយ​។

​វាបង្ហាញឱ្យឃើញថា កសិករអាមេរិក ដែល​កំពុង​ចូលដល់រដូវប្រមូលផលធំប្រចាំឆ្នាំហើយ​នោះ កំពុងរងការគំរាមកំហែងទាំងប្រាក់ចំណូល និងផលចំណេញ ហើយ​ឈាន​ទៅដល់ការខាតបង់ផង ប្រសិន​បើគ្មានវិធានការពីរដ្ឋទេ។ បើតាមរ៉យទ័រ កសិករអាមេរិកភាគច្រើនគាំទ្រលោក ត្រាំ។

កន្លងមក សមាជិកសភាគណបក្សសាធារណរដ្ឋរបស់ លោក ត្រាំ បានព្រមានថា កសិករអាមេរិក​អាចប្រឈមនឹង «មហន្តរាយហិរញ្ញវត្ថុ» ប្រសិនបើពួកគេ​មិនទទួលបានជំនួយមុនដំណាច់ឆ្នាំទេនោះ​។ រដ្ឋមន្ត្រី​រតនាគារ លោក Scott Bessent កាលពីសប្តាហ៍មុន​អះអាងថា សេតវិមានគ្រោង​នឹងប្រកាសកញ្ចប់ជំនួយសម្រាប់កសិករ​នៅថ្ងៃអង្គារនេះ ជាពិសេសកសិករដាំសណ្ដែកសៀង។

យ៉ាង​ណាមិញ ការប្រើប្រាស់ថវិកាជួយសង្រ្គោះកសិករនាពេលនេះ អាចនឹង​ជួបការលំបាក​ ព្រោះវាត្រូវការការអនុម័តពីសភា ​ចំពេលដែល​រដ្ឋាភិបាលអាមេរិក​បន្ត​បិទដំណើរការ ដោយសារតែសភាទាំង២បក្ស បរាជ័យក្នុងការអនុម័តលើកញ្ចប់ថវិកា​សហព័ន្ធ​កាលពីសប្ដាហ៍មុន។

លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា រដ្ឋបាលរបស់លោក​នឹងប្រើប្រាស់ប្រាក់ចំណូលពីពន្ធ ដើម្បីចំណាយ​ក្នុង​ជំនួយកសិករ។ ប៉ុន្តែតាមច្បាប់ ការចំណាយប្រាក់ដោយផ្ទាល់ដល់កសិករបែបនេះ ត្រូវបានកំណត់ត្រឹម ៣៥០ លាន​ដុល្លារ ដែលវាតិចជាងតម្រូវការ ហើយមានតែសសភាប៉ុណ្ណោះ ដែលអាចកែប្រែតួលេខនេះ។ ​

ជម្រើសមួយក្នុងការផ្តល់ជំនួយ​ដល់កសិករនោះ គឺការប្រើប្រាស់សាជីវកម្មឥណទានទំនិញ (CCC) ដែលជាឧបករណ៍ផ្តល់មូលនិធិរបស់ USDA ដែលត្រូវចាក់បញ្ចូលថវិកាជារៀងរាល់រដូវស្លឹកឈើជ្រុះ ។ ​ប៉៉ុន្តែអ្នកជំនាញនិយាយថា ដោយសារតែការបិទរដ្ឋាភិបាល ​CCC មិនអា​ចមាន​មូលនិធិថ្មីនោះទេ។

កាលពីអាណត្តិទី១របស់លោកក្នុងបរិបទសង្រ្គាមពាណិជ្ជកម្មដូចគ្នា ​លោក​ ត្រាំ​ បាន​ផ្ដល់ជំនួយពាណិជ្ជកម្មជាង ២៣ ​ប៊ីលានដុល្លារ ទៅកាន់កសិករ​តាមរយៈ CCC ​ដោយ​លើសចំនួនអនុញ្ញាតប្រមាណ ៣ ប៊ីលាន​ដុល្លារ។ ​នេះបើ​តាមការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាល។

មូលនិធិបច្ចុប្បន្នរបស់ CCC ​អាចនឹង​មាន​ទាបពេក​ដើម្បីប្រើប្រាស់ក្នុងកញ្ចប់ជំនួយថ្មីនេះ ខណៈរដ្ឋាភិបាលអាមេរិក​បាន​កំណត់ប្រាក់ជាង ៤០ ប៊ីលាន​ដុល្លារ រួចហើយ ដើម្បីជាជំនួយសម្រាប់់កសិករឆ្នាំនេះ ដោយសារតែ​គ្រោះមហន្តរាយ និងការសង្គ្រោះសេដ្ឋកិច្ច​ ដែលត្រូវបាន​អនុម័តដោយសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម