វប្បធម៌ ជំនឿ
មិននឹកស្មានថា ក្រសួងវប្បធម៌ ពិនិត្យលម្អិតខ្លាំងដល់ម្លឹង ក្នុងការបង្ហាញភាពជាខ្មែរ
ក្នុងខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជា បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គឺធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេមលើកទី៣២។ ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជាបានបង្ហាញពីប្រវត្តិ និងអត្តសញ្ញាណជាតិខ្លួនដល់សាកលលោកបានជ្រួតជ្រាប និងធ្វើប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានមោទនភាព និងក្ដីរំភើបដោយបានឃើញទិដ្ឋភាពលក្ខណៈខ្មែរដ៏អស្ចារ្យ ថ្វីដ្បិតមានជំនួយបច្ចេកវិទ្យាពីមិត្ត សាធារណរដ្ឋប្រជាមានិតចិនក្ដី។ លទ្ធផលនេះមិនមែនកើតដោយចៃដន្យទេ ដ្បិតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យពិច័យយ៉ាងលម្អិត សូម្បីតែទងស្មៅ។

លោក ទិត ថាវរិទ្ធ សមាជិក នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍បើកបិទកីឡាស៊ីហ្គេម និងជាអនុគណៈកម្មការផ្នែកសិល្បៈទស្សនីយភាព នៃក្របខណ្ឌក្រសួងវប្បធម៌ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រុមការងារបានចំណាយពេលជាង ៣ខែ ដែលសម្រុកខ្លាំងទៅលើការរៀបចំ ការស្រាវជ្រាវ ការជជែកពិភាក្សាធ្វើយ៉ាងម៉េចឱ្យទទួលបានផលល្អប្រសើរ មិនមានបញ្ហាកើតឡើង ឬក៏មានចំណុចខ្វះខាតណាមួយ។ ជាមួយគ្នានេះ លោកមានតួនាទី ទទួលបន្ទុកលើកិច្ចការប្រតិបត្តិ ដែលមានភារកិច្ចដឹកនាំ សម្របសម្រួលការងារទូទៅលើប្រតិបត្តិការ ដែលសហការជាមួយអ្នកបច្ចេកទេស មកពីប្រទេសចិន។

លោក ទិត ថាវរិទ្ធ មានប្រសាសន៍ថា៖ “យើងបានជជែកលម្អិតអំពីវប្បធម៌ អំពីសិល្បៈ អំពីការទទួលយកនូវផ្នត់គំនិតថ្មីៗ និយាយពី Technology នៃបច្ចេកវិទ្យាជំនាន់ថ្មីនេះ គឺយើងបានជជែកគ្នាលម្អិត។ ឧទាហរណ៍ថា អ្នកជំនាញផ្នែកបច្ចេកទេស លោករស់នៅប្រទេសធំដែលមានផ្នត់គំនិតការយល់ឃើញខុសពីយើង ដោយឡែកយើងបានរក្សាខ្ជាប់ ទី១ វប្បធម៌របស់យើង ទី២ គឺបញ្ហានយោបាយ ដែលគិតថាម៉ោងនេះយើងអត់អាចធ្វេសប្រហែស និងធ្វើអ្វីមួយឱ្យមានការរិះគន់បានទេ។ រាជរដ្ឋាភិបាលបាន ចំណាយច្រើនណាស់ដើម្បីរៀបចំព្រឹត្តិការណ៍នេះមួយ ដើម្បីបង្ហាញទៅពិភពលោកឱ្យស្គាល់ពីកម្ពុជាច្បាស់ ដូច្នេះហើយក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ ពិសេសយើងខ្ញុំបានទទួលអនុសាសន៍ណែនាំខ្ពង់ខ្ពស់ៗពី លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ លោកបានផ្ដល់អនុសាសន៍ ហើយលោកបានឈរជាមួយយើង ធ្វើជាមួយយើង រួមគ្នាគិត រួមគ្នាធ្វើទាំងអស់គ្នា”។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងបន្តថា ទាំងថ្នាក់ដឹកនាំ មន្ត្រីគ្រប់កម្រិត សិល្បករសិល្បការនី បានរួមគ្នាគិតទាំងអស់គ្នា ដោយប្រើចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ផ្សេងៗរួមគ្នា ធ្វើឱ្យកម្ពុជាទទួលបានលទ្ធផលល្អ។

លោក ទិត ថាវរិទ្ធ បញ្ជាក់ថា៖ “ខ្ញុំចង់ជម្រាបថា លទ្ធផលដែលទទួលបានល្អប្រសើរនោះ គឺកើតចេញពីឆន្ទៈ កើតចេញពីការប្ដេជ្ញាចិត្តខ្ពស់របស់សិល្បករទាំងអស់ គ្រប់ទម្រង់ គ្រប់ជំនាញ និងពីលោកគ្រូអ្នកគ្រូ គ្រូបង្វឹកទាំងអស់ បានធ្វើឱ្យយើងអាចរួមគ្នាបាន បង្កើតនូវសមិទ្ធផលល្អប្រសើរ ហើយក៏មិនអាចរំលងបានដែរអំពីការនាំចូលមកជួយយើងនូវផ្នែក Technology របស់ខាងប្រទេសចិន មានដូចជាបច្ចេកទេសភ្លើង ពន្លឺ ក្រាហ្វិក សំឡេងផ្សេងៗ”។

លោក ទិត ថាវរិទ្ធ លើកឡើងបន្តថា៖ ចំណែកខាងកម្ពុជាគឺបញ្ជូលផ្នែកវប្បធម៌ ផ្នែកសិល្បៈ ធនធាន និងគំនិតមូលដ្ឋានផ្សេងៗ។ យើងមើលទាំងអស់អំពីពណ៌ ពន្លឺ និងរូបភាពដែលយើងដាក់ទៅ យើងមើលលម្អិត។ ឧទាហារណ៍ថា សូម្បីសត្វនាគ គឺយើងត្រូវពិនិត្យមើលថា នាគខ្មែរយើងយ៉ាងម៉េច ស្រកានាគយ៉ាងម៉េច និយាយជារួមគឺមើលលម្អិតទាំងអស់ សូម្បីតែទងស្មៅ ទងផ្កា រចនាប័ទ្មក្បាច់ប្រាសាទ ក្បាច់ចម្លាក់ផ្សេងៗនៅលើបល្ល័ង្ក លើឆាក សម្លៀកបំពាក់ សំឡេងតន្ត្រី ឧបករណ៍តន្ត្រី ក្បាច់រាំ ឬក្បាច់អី គឺក្រសួងវប្បធម៌ពនិត្យមើលខ្លាំង”។

លោក ទិត ថាវរិទ្ធ បានឱ្យដឹងថា ក្នុងពេលដែលកំពុងហ្វឹកហាត់ លោកបារម្ភច្រើន ទាំងបញ្ហាអាកាសធាតុ សុខភាពរបស់សិល្បករ លោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំទាំងអស់ដែលចុះធ្វើការផ្ទាល់ ក៏ដូចជាបារម្ភការមិនសូវបានជួបជុំគ្នាដោយសារមានគ្នាច្រើន ហើយពិបាកប្រមូលផ្ដុំកម្លាំង។ ប៉ុន្តែនៅពេលសមជាមួយពន្លឺភ្លើង ក្រាហ្វិក ពីមួយថ្ងៃទៅមួយថ្ងៃមានភាពប្រសើរឡើង ធ្វើឱ្យលោកចាប់ផ្ដើមមានការជឿជាក់ថា យើងអាចធ្វើបាន។ លោកបានឱ្យដឹងថា នៅថ្ងៃសម្ដែង ខ្ញុំមានអារម្មណ៍ក្តុកក្ដួលហើយក៏ស្រក់ទឹកភ្នែក រំភើបព្រោះ ទីបំផុតខ្មែរអាចធ្វើបាន ធ្វើទៅដោយរលូន និងជោគជ័យអត់មានឧបសគ្គអ្វីទាំងអស់។

លោក ទិត ថាវរិទ្ធ បង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំគ្រាន់តែចង់ជម្រាបជូនទៅទស្សនិជនទាំងអស់ដែលបានចូលរួមទស្សនានូវព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម២០២៣ លើកទី៣២នេះ គឺថា សូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នារួបរួមគ្នាឡើង ធ្វើម៉េចថែរក្សាឱ្យបាននូវសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ លោកបានប្រឹងប្រែងណាស់ ថ្នាក់ដឹកនាំជាតិទាំងអស់លោកបានប្រឹងប្រែងណាស់ដោយធ្វើឱ្យប្រទេសជាតិយើងមាន ស្ថេរភាពនរយោបាយ មានសន្តិភាព មានបរិយាកាសល្អ ពិសេសបំផុតគឺមានលទ្ធភាព និងអាចធ្វើអ្វីៗដូចគេ ដែលពីមុនយើងមិនដែលគិតទេថា យើងអាចធ្វើបានប៉ុណ្ណេះ”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រៀបចំឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមនេះ មានទស្សនីយភាពជាច្រើន ក្នុងនោះមានទស្សនីយភាពឈុតធំមួយនិយាយពីដំណើរជាតិកម្ពុជា ដែលសម្ដែងដោយសិល្បករប្រមាណ ៣ ២៩២ នាក់ ចែកចេញជា ៥វគ្គ វគ្គទី១ និយាយពីកំណើត នៃការកកើតទឹកដី មនុស្ស បុព្វបុរសកម្ពុជា។

វគ្គទី២ និយាយពី ភាពរុងរឿងនៃអរិយអង្គរ និយាយពីភាពអស្ចារ្យ ភាពល្បីល្បាញបុព្វបុរសខ្មែរជំនាន់ដើម ព្រមទាំងបង្ហាញសំលៀកបំពាក់បុរាណខ្មែរ វប្បធម៌ សិល្បៈខ្មែរច្រើនទម្រង់ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក។ វគ្គទី៣ គឺស្នាមញញឹមខ្មែរ និយាយពីភាពរីកលូតលាស់គ្រប់វិស័យនៃសង្គមខ្មែរ។ វគ្គ៤ អនាគតកម្ពុជា បង្ហាញពីសិល្បៈនៃការវាយស្គរ និងបង្ហាញឈុតសម្ដែងដែលមានស្គរចំនួនជាង ៤០០ស្គរ។ វគ្គ៥ គឺសហគមន៍ជោគវាសនាតែមួយនៃអាស៊ាន៕
អត្ថបទ៖ ច័ន្ទ វីរៈ, ជំនួយការ៖ ហ៊ិន ស៊ីថា


-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


