Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ជាប្រវត្តិសាស្រ្តនៅភាគកណ្ដាល​វៀតណាម បង្កការខាតបង់សេដ្ឋកិច្ចជាង ១០០ លាន​ដុល្លារ

បានផុស

នៅ

ទឹកជំនន់កម្រិតធ្ងន់់ធ្ងរជាប្រវត្តិសាស្រ្តនៅខេត្ត និងតំបន់ខ្ពស់រាបភាគកណ្ដាលនៃប្រទេសវៀតណាម បាន​បង្កការខាតបង់សេដ្ឋកិច្ចប្រមាណ ១១៣ លាន​ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ដែលស្រង់់ទិន្នន័យប៉ាន់ស្មាន​រដ្ឋាភិបាលចេញផ្សាយនាព្រឹកថ្ងៃសុក្រនេះ (២១ វិច្ឆិកា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាន​ឱ្យដឹងថា ​ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបង្កឱ្យមានទឹកជំនន់​ទ្រង់ទ្រាយធំនៅទូទាំងខេត្ត Gia Lai, Đắk Lắk, Huế, Đà Nẵng, Khánh Hòa, Quảng Trị និង Lâm Đồng ដោយបន្សល់ទុកនូវ​ការបំផ្លិចបំផ្លាញយ៉ាងដំណំ។

គិតត្រឹមថ្ងៃសុក្រដដែល មនុស្ស ៤៣ នាក់ ​បាន​ស្លាប់ និង ៩ នាក់ទៀត កំពុងបាត់ខ្លួន។​ ផ្ទះប្រជាជនប្រមាណ ៦៨ ០០០ គ្រួសារ ត្រូវបាន​ជនលិច ដោយ​ខេត្ត Gia Lai, Đắk Lắk និង Khánh Hòa រាយការណ៍ពីផលប៉ះពាល់ខ្លាំងជាងគេ។

ការខាតបង់ផ្នែកកសិកម្ម​ មាន​សភាព​ធ្ងន់ធ្ងរ ដោយ​វាល​ស្រូវប្រហែល ១៥​ ០០០ ហិកតា និងដំណាំផ្សេងៗទៀតត្រូវបានបំផ្លាញ ហើយសត្វពាហនៈ និងបសុបក្សីជិត ៣១​ ០០០ ក្បាល បាន​ងាប់ ឬត្រូវទឹកអូសយកទៅ។

ក្រៅពីនេះ ទឹកជំនន់ និងការរអិលបាក់ដី ក៏បាន​បង្កការខូចខាត ឬបិទផ្លូវជាច្រើនកន្លែងទូទាំងតំបន់រងគ្រោះផងដែរ។

បើតាមកាសែតវៀតណាម Viet Nam News ភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្ដើមនៅថ្ងៃទី ១៦ វិច្ឆិកា ដោយ​ត្រឹមតែរយៈពេល ៥ ថ្ងៃ តំបន់មួយចំនួនបាន​កត់ត្រាពីកម្រិតទឹកភ្លៀងចន្លោះពី ១ ០០០ – ១ ៨០០ មីលីម៉ែត្រ ដែលបង្កទឹកជំំនន់ទន្លេ និងវាលទំនាប។

អាជ្ញាធរឧត្តុនិយមវៀតណាមរំពឹងថា តំបន់ភាគកណ្ដាលនឹង​បន្តមាន​ភ្លៀងធ្លាក់ខ្លាំងទៀត ដោយ​សារ​តែ​ឥទ្ធិពលនៃខ្យល់មូសុងឦសាន ដែលនាំយកសំណើមពីមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ជាពិសេសសមុទ្រចិន​ខាងត្បូង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម