Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​រឹបអូស​ទុរេនខ្ចី ១,៥ តោនពី​កន្លែងវេចខ្ចប់នាំចេញ​ ​​ដោយខ្លាចខូចកេរ្តិ៍ឈ្មោះទុរេន​របស់ប្រទេស​

បានផុស

នៅ

អាជ្ញាធរថៃ បាន​រឹបអូសទុរេនខ្ចីជាង ១,៥ តោន ពីកន្លែងវេចខ្ចប់មួយនៅខេត្តចន្ទបុរី ​ក្នុងកិច្ចប្រឹងប្រែង​ទប់ស្កាត់ការនាំចេញផ្លែឈើដែលមានគុណភាពអន់​ ហើយ​បំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីថៃនិយាយថា ប្រតិបត្តិការបង្រ្កាប ដែលចូលរួមដោយ​ភ្នាក់ងារសន្តិសុខ និងអាជ្ញាធរកសិកម្ម ​បានកំណត់គោលដៅ​លើ​កន្លែង​រៀបចំ​ និងនាំចេញផ្លែទុរេន នៅទីតាំងជាច្រើន រួមទាំងស្រុក Tha Mai ​និង​ទីរួមខេត្តចន្ទបុរី។ ​

នៅ​ទីតាំង​មួយកន្លែង ​ក្រុមអាជ្ញាធរ​បាន​រក​ឃើញ​ផ្លែ​ទុរេន​ដែល​គេវេច​ខ្ចប់​ដាក់ក្នុង​ប្រអប់​រួច ហើយ​រង់ចាំ​ការ​ដឹក​ចេញ។ ការ​ធ្វើ​តេស្ត​ចៃដន្យ​បាន​បង្ហាញ​ថា ផ្លែ​ទុរេនក្នុងប្រអប់នោះ ​មិន​បាន​បំពេញ​តាម​ស្តង់ដារ​​អត្រាស្ងួត​​ ដែលវាមាន​ន័យថា វាមិនទាន់ទុំស្រួលបួល។

អាជ្ញាធរបាន​បញ្ជាឱ្យ​បើកប្រអប់ចំនួន ៣៥០ ក្នុងទម្ងន់សរុប ៧ តោន ដើម្បីត្រួតពិនិត្យ ហើយបាន​រកឃើញទុរេនមិនទាន់ទុំចំនួន ៥២៩ ផ្លែ ក្នុងទម្ងន់សរុបចូលគ្នា ១,៥ តោន។ ​ក្រោយការរកឃើញនេះ អាជ្ញាធរ​បាន​ចេញ​ការព្រមាន​ជា​ផ្លូវការ​មួយ​ដល់​ប្រតិបត្តិករកន្លែងចាប់បាន​នោះ ដោយ​បញ្ជាក់​ថា ការ​រំលោភ​បំពាន​ម្តង​ហើយ​ម្តងទៀត​ អាច​នាំ​ឱ្យ​មាន​ការ​ព្យួរ​អាជ្ញាប័ណ្ណ​នាំចេញ​រយៈពេល​ពី ៣០ ទៅ ៩០ ថ្ងៃ ឬ​អាច​នឹង​​​ដកហូត​តែម្ដង។

មន្ត្រី​ថៃបាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការគ្រប់គ្រង​គុណភាព​យ៉ាង​តឹងរ៉ឹង ដោយ​ព្រមាន​អ្នកនាំចេញ​មិន​ឱ្យ​ដាក់ផ្លែ​ទុរេន​មិនទាន់​ទុំ ឬ​ខូច​​ រួមទាំង​ផ្លែឈើ​ដែល​រង​ផលប៉ះពាល់​ដោយ​ព្យុះ ចូលទៅ​ក្នុង​ខ្សែ​ច្រវ៉ាក់​​នាំចេញ​ឡើយ។

​មែនទែនទៅ ការបង្រ្កាបរបស់អាជ្ញាធរថៃ ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំប្រឹងប្រែង​​ដើម្បី​ការពារ​ស្តង់ដារ​កសិកម្ម​របស់​​ថៃ និង​រក្សា​ទំនុកចិត្ត​លើ​ការនាំចេញ​ផ្លែឈើ​របស់ខ្លួន ជាពិសេស​នៅក្នុង​ទីផ្សារ​សំខាន់ៗ​នៅ​ក្រៅប្រទេស​ ដូចជាចិន​ ចំពេលដែលរដូវប្រមូលផលធំចូលមកដល់នៅខែឧសភានេះ។

កាលពីឆ្នាំមុន ការនាំចេញទុរេនរបស់ថៃបាន​ជួបនៅបញ្ហាក្រោយអាជ្ញាធរចិនរកឃើញសារធាតុហាមឃាត់បង្កជំងឺមហារីក​ ដែលធ្វើឱ្យ​ថៃរឹងបន្តឹងលើ​គុណភាពទុរេនដើម្បីរក្សាកេរ្តិ៍ឈ្មោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម