Connect with us

សេដ្ឋកិច្ច

​អ្នកឧកញ៉ា ហ៊ុន តូ ​ច្រាន​ចោល​ព័ត៌មាន​មិន​ពិត​ថា លោក​ជា​ម្ចាស់​​ក្រុមហ៊ុន ​ហួយវ័ន​

បានផុស

នៅ

អ្នកឧកញ៉ា ហ៊ុន តូ ​នៅ​ថ្ងៃ​ទី ​០៦ ​ឧសភា ២០២៦ ​បាន​ច្រានចោល​ព័ត៌មាន​មិន​ពិត​ថា ​រូប​លោក​ជា​ម្ចាស់​ក្រុមហ៊ុន ​ហួយវ័ន ផេ ​(HUIONE PAY PLC.) ខណៈដែលអតិថិជនបានផ្ទុះការតវ៉ានៅទីស្នាក់ការរបស់ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗកន្លងទៅនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការច្រានចោលរបស់អ្នកឧកញ៉ា ហ៊ុន តូ កើតមានឡើងបន្ទាប់ពី​​មានសារព័ត៌មានមួយ​ចំនួនបាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុង​បណ្តាញសង្គមថា ​រូបលោក​មានការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន ​ហួយវ័ន ផេ ម.ក ​(HUIONE PAY PLC.) ​ដែល​ជាគ្រឹះស្ថានដក ​និង​ដាក់​ប្រាក់ ​និង​ថា​លោក​ជាថៅកែ​ធំរបស់​ក្រុម​ហ៊ុន​នេះ​ ​ដោយ​បាន​ប្រមូលផ្តុំ​ធ្វើបាតុកម្មតវ៉ា​ឱ្យរូបលោកចេញមុខដោះស្រាយ។​​

​អ្នកឧកញ៉ា ហ៊ុន តូ ​បានបញ្ជាក់ថា​ កន្លងមករូបលោក​ពិតជាមានភាគហ៊ុននៅក្នុងក្រុមហ៊ុន​ ហួយវ័ន ផេ ចំនួន ៣០% ​​នៅក្នុង​លក្ខន្តិកៈ​ និងបទបញ្ជាផ្ទៃក្នុងរបស់​ក្រុម​ហ៊ុន ​ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២០។ ​ប៉ុន្តែផ្អែកលើជំពូក២ ចែង​អំពីដើមទុន-ភាគហ៊ុន ​និងប្រការ៩ ស្តីពីការបង់ប្រាក់​ភាគ​ហ៊ុន ​អ្នកឧកញ៉ា​បាន​បាត់បង់​សិទ្ធិចាត់​ចែងការងារទូទៅក្នុងនាមជាម្ចាស់ភាគហ៊ុន ៣០% នេះ តាំងពី​ចាប់ផ្តើមដំណើរ​ការ​ក្រុមហ៊ុនដំបូងពី​ឆ្នាំ២០២០ ​មកម៉្លេះ ​ដោយសារតែអ្នកឧកញ៉ា ​មិនបានបង់ប្រាក់សុទ្ធចំនួន ៣០% ដែលជាចំ​ណែក​ភាគហ៊ុន​របស់អ្នកឧកញ៉ា ​ចូលទៅក្នុងក្រុមហ៊ុនសម្រាប់បើកដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយមូលហេតុ ​ក្រុមហ៊ុនមិនបានបែងចែកសិទ្ធិអំណាច ឬសិទ្ធិសម្រេចកិច្ច ការងារក្នុងក្រុមហ៊ុន ដើម្បីឱ្យខ្ញុំទទួលខុសត្រូវ ជាពិសេស សិទ្ធិលើការគ្រប់គ្រងចំណូល ​ចំណាយ ​និង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​ក្រុមហ៊ុន។

​អ្នកឧកញ៉ា ហ៊ុន តូ ​បានបន្ថែមថា៖ «ខ្ញុំមិនដែលទទួលបានការអញ្ជើញឱ្យចូលរួមគ្រប់កិច្ចប្រជុំ ឬមហាសន្និបាត នៃម្ចាស់ ភាគហ៊ុននោះទេ ហើយខ្ញុំមិនធ្លាប់បានចាត់តំណាង ឬតែងតាំងអា​ណត្តិគាហករួមណាម្នាក់ធ្វើជាតំណាង ភាគហ៊ុន នៅក្នុងក្រុមហ៊ុនដូចដែលបាន​កំណត់ក្នុងប្រការ១២ ជំពូក២ នៃលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុននោះឡើយ»។

​អ្នកឧកញ៉ា ហ៊ុន តូ ​មិនធ្លាប់ទទួលបានប្រាក់ចំណេញ ប្រាក់ភាគលាភ និងទ្រព្យសកម្មបន្តិចណា​សោះពីក្រុមហ៊ុននោះឡើយ ​ហើយក៏មិនធ្លាប់បានចូលរួមបោះឆ្នោតក្នុងកិច្ចប្រជុំ និងចូលរួមអនុម័ត​កិច្ចការ​ផ្សេងៗរបស់ក្រុមហ៊ុននោះឡើយ ចំណែកឯព័ត៌មានពីប្រតិបត្តិការអ្វីទាំងអស់​ពីក្រុមហ៊ុន អ្នក​ឧកញ៉ា ​មិនធ្លាប់បានទទួលបានព័ត៌មាន។​

​នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនជម្រះបញ្ជី រីចន៍ & ផាតនើរ (REACHS & Partners Co.,Ltd.) ​បាន​បញ្ចប់ការជម្រះបញ្ជី ​និង​បានចេញរបាយការណ៍ចុងក្រោយ ​ស្តីពីការ​ជម្រះបញ្ជីគ្រឹះស្ថានផ្តល់​សេវា​ទូទាត់​សងប្រាក់ ​ហួយវ័ន ផេ ​ដោយបានបញ្ជាក់ពីការបញ្ចប់​ទាំងស្រុង​អំពីការជម្រះបញ្ជីរវាង​ម្ចាស់បំណុលជាមួយគ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ​។​

​ក្រោយពីធ្វើការ ​នៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនជម្រះបញ្ជីបានបញ្ជាក់ថា​ ទូទាត់​សងម្ចាស់បំណុលរួចរាល់អស់ហើយ គ្រឹះស្ថាន ​ហួយវ័ន ផេ នៅ​សល់​សាច់​ប្រាក់សុទ្ធចំនួនជាង ១,១ លានដុល្លារ (១.១៨៩.២៣៥,៥១) ​​និង​បានធ្វើការបែង​ចែក​ប្រាក់ ដែល​នៅ​សេស​សល់​នេះ​ជូនម្ចាស់ភាគហ៊ុន​ពិតប្រាកដដែលទទួលខុសត្រូវក្នុងប្រតិបត្តិការរបស់​ក្រុមហ៊ុនកន្លង​មក។​

​អ្នកឧកញ៉ា ​មិនមានចំណែកក្នុងការទទួលប្រាក់ដែលសល់ក្រោយពីជម្រះបញ្ជីនោះទេ​ ដោយសារតែលោក​មិនមែនជាម្ចាស់ភាគហ៊ុនដែល​បានពាក់ព័ន្ធជាមួយ​ប្រតិបត្តិការក្រុម​ហ៊ុនកន្លងមក ​(ដូចមានក្នុងរបាយការណ៍ជម្រះបញ្ជីចុងក្រោយភ្ជាប់មកជាមួយ)។​

​អ្នកឧកញ៉ា ​បញ្ជាក់ថា ​ចំពោះគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ H-PAY SERVICE PLC. លោក ​មិនមានភាគហ៊ុន ឬពាក់ព័ន្ធក្នុងក្រុមហ៊ុននោះឡើយ។​

​សេចក្តីបំភ្លឺនេះ ជាភស្តុតាង ដែលបញ្ជាក់ការពិត អំពីការមិនពាក់ព័ន្ធកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុន ហួយវ័ន ផេ ដើម្បីកុំអោយមានការយល់ច្រឡំមកលើរូបលោកថា ជាម្ចាស់​របស់ក្រុមហ៊ុន ហួយវ័ន ផេ បន្តទៅទៀត។​ អ្នកឧកញ៉ាថា នឹង​សហការយ៉ាងពេញលេញ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ និងត្រៀមផ្តល់ឯកសារ ឬភស្តុតាងនានា តាមដែលច្បាប់តម្រូវ។​

ពាក់ព័ន្ធនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ដំណោះស្រាយឱ្យប្រជាពលរដ្ឋដែលបានធ្វើបាតុកម្មតវ៉ារបស់ក្រុមហ៊ុន ​ហួយវ័ន ហួសដែនសមត្ថកិច្ចរបស់ធនាគារជាតិកម្ពុជា។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ​បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ធនាគារជាតិ ប្រកាន់ភ្ជាប់ទៅនឹងផលប្រយោជន៍របស់អតិថិជន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី នៅពេលដែលយើងបានឃើញមានការតវ៉ានេះ ធនាគារជាតិជាតិជំរុញឱ្យអតិថិជនទាំងនោះប្រើសិទ្ធិតាមយន្តការតុលាការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម