Connect with us

សេដ្ឋកិច្ច

ការដោះដូរទំនិញ​កម្ពុជា ​ជាមួយដៃគូ​អន្តរជាតិសម្រេច​បាន​ទំហំជាង ២៣ ពាន់លានដុល្លារ កើនឡើង​ជិត ២០% នៅរយៈពេល ៤ ខែ

បានផុស

នៅ

ការដោះដូរ​ទំនិញ​កម្ពុជា ​ជាមួយ​ដៃគូអន្តរជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹកប្រាក់​ជាង ​២៣,៣៨ ​ពាន់លានដុល្លារ ​នៅ​ក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កើនឡើង ១៩,៩% ប្រៀបធៀប​នឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ដែលមានទឹកប្រាក់ ១៩,៥០ ពាន់លានដុល្លារ។ នេះបើយោង​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា (GDCE) ​ចេញផ្សាយនៅថ្ងៃទី ​១១ ​ឧសភា ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់ ​GDCE បង្ហាញថា ​ចាប់ពីខែមករា ​ដល់ខែឧសភា ​២០២៦ កម្ពុជានាំទំនិញចេញ​ទៅ​ប្រទេស​ដៃគូអន្តរជាតិ​មាន​តម្លៃ​ជាង​ ១១,១២ ពាន់​លានដុល្លារ កើនឡើង ២១,៧% ចំណែកឯ​ទំនិញ​នាំចូលមកវិញ​មាន​តម្លៃ ១២,២៦ ពាន់លានដុល្លារ កើនឡើង ១៨,៣%។​

​អ្នកឧកញ៉ា ​លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​មានប្រសាសន៍​ថា​ ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា​ជាមួយ​ដៃគូ​អន្តរជាតិ​មានការកើនឡើង ​ដោយសារ​កំណើន​នៃការចុះបញ្ជីវិនិយោគ​នៅ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ​នៅ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ ​កន្លង​មក​មាន​ជាង ​១ ពាន់គម្រោង ​ដែល​បំបែក​កំណត់ត្រាខ្ពស់បំផុត។ ​

​លោក​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​អនុប្រធានទី១ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​មានប្រសាសន៍​ថា រំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីសំខាន់ ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះក្នុងការជំរុញពិពិធកម្ម​ឧស្សា​ហ​កម្ម​នៅកម្ពុជា មុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មថ្មីៗ ក្រៅពីវិស័យកាត់ដេរ សម្លៀក​បំពាក់​ ស្បែកជើង និងផលិតផលធ្វើដំណើរ ភាគច្រើនប្រមូលផ្ដុំ និងមានសកម្មភាព​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា ការផ្គុំដំឡើងយានយន្ត គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិក និងអគ្គិ​សនី។

​យោងតាម​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB) ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបានព្យាករថា ​នឹងកើន ៤,៥%​ នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខាន​ដល់ទីផ្សារ​ទំនិញ​សកល ​ដែលបង្កឡើងដោយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​មិនត្រូវបានអូសបន្លាយយូរ។​

​របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ​ខែមេសា ​ឆ្នាំ២០២៦ ​ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាល​​​ម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផល​ឧស្សា​ហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញ​សម្លៀកបំពាក់ច្រើន​គួរ​សម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅ​ពីវាយនភណ្ឌ​ ដែលរួម​មានគ្រឿង​បង្គំ​អគ្គិសនី ​សំបកកង់​ និង​គ្រឿង​សង្ហារឹម​។​​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា​ សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ ៦៥,២៥ ​ពាន់​លានដុល្លារ​ កើនឡើង ​១៨% ​ធៀបនឹងឆ្នាំ ​២០២៤ ​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើន​ឡើង ១៧% ​និង​នាំ​ចូលមកវិញ​មានតម្លៃ ​៣៣,៩៦ ​ពាន់លានដុល្លារ កើនឡើង ១៨%៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម