Connect with us

សេដ្ឋកិច្ច

​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​បាន​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​ កើនឡើង​ ៣១% ក្នុង​រយៈពេល​ ៥ ខែឆ្នាំនេះ​​

បានផុស

នៅ

កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​សហរដ្ឋអាមេរិក​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង​ ៥,៧៣ ​ពាន់​លាន​ដុល្លារ ​នៅ​ក្នុង​រយៈពេល​ ៥ ​ខែ ២០២៦ ​កើន​ឡើង​ ៣១,៥% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាល​ពី​ឆ្នាំ​មុន ​ដែល​មាន​ទំហំ ៤,៣ ​ពាន់​លានដុល្លារ​។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ទិន្នន័យ​របស់​ GDCE ​គិត​ចាប់​ពីខែមករា ​ដល់​ខែឧសភា ​២០២៦ ​ទំហំពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-សហរដ្ឋអាមេរិក​សម្រេច​បាន​ជិត ៦ ពាន់លានដុល្លារ ​កើនឡើង ៣៣,២% ​ក្នុងនោះកម្ពុជា នាំ​ទំនិញ​ចេញ​ទៅ​សហ​រដ្ឋ​អាមេរិក​មាន​តម្លៃជាង​ ​៥,៧៣ ​ពាន់​លានដុល្លារ​ កើន​ឡើង​ ៣១,៥% ​ចំណែក​ឯសហរដ្ឋអាមេរិក​នាំចូល​មក​វិញ​​មាន​តម្លៃ​ ២៣១ លានដុល្លារ ​កើន ៩២,៥%។​​

​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​មាន​ដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើ​ប្រាស់មួយចំនួនទៀត។ ​ចំណែកឯ​អាមេរិក​នាំចូល​មកវិញ មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿង​​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

​​អ្នកឧកញ៉ា ​លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធ ​ទី ១០ ​ខែមិថុនា ២០២៦​នេះ​ថា ​ការនាំចេញ​ទៅ​សហរដ្ឋអា​មេរិក​មាន​សញ្ញាវិជ្ជមាន​ល្អ​កន្លងមក​ ប៉ុន្តែក៏យើង​មាន​ការព្រួយ​បារម្ភដែរថា តើការដាក់បន្ទាត់ពន្ធថ្មី​របស់អាមរិក មានវិសាលភាពដូច​ដែលយើង​កំពុង​អនុវត្ត ​១០% ​ទាំង​អស់គ្នា​ទូទាំងពិភពលោក​ ក្នុង​ការ​នាំទំនិញ​ទៅ​អាមេរិក​ឬយ៉ាងណា។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា​ កម្ពុជា​បន្តរក្សាបាននូវទីផ្សារ​សហរដ្ឋអា​មេរិក​ ដែលជាទីផ្សារធំមួយសម្រាប់ការនាំចេញសម្លៀកបំពាក់ វាយ​នភណ្ឌ ស្បែក​ជើង​ សម្ភារធ្វើ​ដំណើររបស់កម្ពុជា។ ​

​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ មានប្រ​សាសន៍​ថា ​​កម្ពុជា​ជាប្រទេសទី១ ដែល​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​ជា​មួយ​សហរដ្ឋអាមេរិក ​កាល​ពីថ្ងៃទី ​២៦ ​តុលា ២០២៥។​

​លោក ​ស៊ុន ចាន់ថុល ​បន្ថែមថា៖ «​យើង​នៅតែ​មាន​លទ្ធ​ភាព​ក្នុង​ការ​ចរចា​ជាមួយ​សហ​រដ្ឋអាមេរិក​ ធ្វើយ៉ាង​ណា​ប្រើប្រាស់​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ​ដែល​បាន​សម្រេចកន្លងមក ​ជាមូលដ្ឋាន​ក្នុង​ការ​កំណត់អត្រាពន្ធគយថ្មីៗ​នៅ​ពេលខាងមុខ ​មិន​ឱ្យខ្ពស់​ជាង​អត្រាពន្ធ១៩% ដែលយើងទទួលបានលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មបដិការ​ជាមួយ​សហរដ្ឋ​អាមេរិក»។ ​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា-អាមេរិក ​សម្រេច​បានជាង ​១៣,១៤ ​ពាន់លានដុល្លារ ​កើនឡើង ២៩,២៤% ​ក្នុងនោះ ​កម្ពុជានាំចេញទៅអាមេរិក មាន​តម្លៃ ​១២,៧៣ ​ពាន់លានដុល្លារ កើនឡើង​២៨,៤៨% ​ចំណែក​អាមេរិកនាំចូល​មកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម