Connect with us

សេដ្ឋកិច្ច

ពិព័រណ៍អាហារនិងភេសជ្ជៈដ៏ធំបំផុតនៅអាស៊ី THAIFEX-ANUGA ASIA 2025 ត្រលប់មកវិញ ថ្ងៃទី ២៧-៣១ ឧសភានេះ រំពឹងជំរុញសេដ្ឋកិច្ចដល់ ៣ពាន់លាន ដុល្លារ

បានផុស

នៅ

ទីបំផុត ព្រឹត្តិការណ៍ “THAIFEX – ANUGA ASIA 2025” ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេបង្អស់នៅអាស៊ី ដែលផ្តោតលើ វិស័យអាហារនិងភេសជ្ជៈ បានត្រឡប់មកវិញហើយ! កម្មវិធីនេះនឹងប្រព្រឹត្តឡើងចំនួន ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋាន IMPACT មួងថងថានី រាជធានីបាងកក ប្រទេសថៃ។ នេះបើតាមឱ្យដឹងពីការប្រកាសរបស់ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) នៃក្រសួងពាណិជ្ជកម្មថៃ ក្នុងកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មថៃ (TCC) និង មជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ Koelnmesse (KM) អាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះនឹងផ្តល់ឱកាសដល់សហគ្រិនគ្រប់រូប អាចស្វែងរកផលិតផល ភាពច្នៃប្រឌិតនៃម្ហូបអាហារ ឈ្វេងយល់ពីឱកាសអាជីវកម្ម និងទទួលបានទស្សនៈអាជីវកម្មថ្មីៗ។ ការតាំងពិព័រណ៌នេះក៏ពង្រឹងដល់តួនាទីរបស់ប្រទេសថៃក្នុងនាមជាអ្នកនាំមុខគេលើពិភពលោកលើឧស្សាហកម្មម្ហូបអាហារផងដែរ ក្រោមគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្មថៃ «ផ្ទះបាយថៃទៅកាន់ពិភពលោក Thai Kitchen to the world»។

បើប្រៀបធៀបជាមួយឆ្នាំមុន ព្រឹត្តិការណ៍ THAIFEX – ANUGA ASIA 2025 បានទទួលការឆ្លើយតបជាវិជ្ជមានដ៏លើសលប់ ជាមួយនឹងចំណាប់អារម្មណ៍កើនឡើងគួរឱ្យកត់សម្គាល់។ ឆ្នាំនេះមានក្រុមហ៊ុនចូលរួមដាក់តាំងពិព័រណ៍ចំនួន ៣២៣៣ ចំណែកស្តង់វិញមានដល់ទៅ ៦២០៥ស្តង់ ឯណោះ ក្នុងនោះតំណាងមកពីប្រទេសថៃ និងលើសពី ៥៦ ប្រទេសលើពិភពលោក។

ក្រុមហ៊ុនទាំងនោះត្រៀមដាក់តាំងផលិតផលជាច្រើនប្រភេទរួមមាន អាហារប្រណិត អាហារគុណភាពស្របតាមបច្ចេកវិទ្យាទំនើប ភេសជ្ជៈ អាហារកក ផ្លែឈើ បន្លែ សាច់ អង្ករ គ្រឿងសមុទ្រ ស្ករ និងបង្អែម។ ព្រឹត្តិការណ៍ចំនួន ៥ថ្ងៃនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរួមជាង ៩ម៉ឺននាក់ ជុំវិញពិភពលោក ហើយតម្លៃប៉ាន់ស្មាននៃការបញ្ជាទិញភ្លាមៗ និងក្នុងរយៈពេលមួយឆ្នាំ អាចបានប្រមាណ ៣ពាន់លានដុល្លារ។

ក្នុងនាមជាពិព័រណ៍ពាណិជ្ជកម្មឧស្សាហកម្មម្ហូបអាហារធំជាងគេទី ៤ របស់ពិភពលោក THAIFEX – ANUGA ASIA ដើរតួយ៉ាងសំខាន់រុញច្រានវិស័យម្ហូបអាហារនិងភេសជ្ជៈ ផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម អាជីវកម្ម Startups និងសហគ្រាសធំៗទាំងអស់់ មានលទ្ធភាពភ្ជាប់ទំនាក់ទំនងជាមួយអ្នកនាំចូល អ្នកទិញ និងដៃគូពាណិជ្ជកម្មពីគ្រប់ទិសទី។ ឆ្នាំនេះ ក្រុមហ៊ុនថៃ ១១៨៤ នឹងចូលរួម ក្នុងនោះក៏មានសហគ្រាសធុនតូច និងមធ្យម ជាង ៥០០ ផងដែរ។ ចំណែកក្រុមហ៊ុនអន្តរជាតិវិញ មកពីតំបន់ផ្សេងៗដូចជា អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អឺរ៉ុប សហរដ្ឋអាមេរិក អាមេរិកឡាទីន និង អាហ្រ្វិក សរុបជាង ២០០០ ក៏នឹងចូលរួមការតាំងពិព័រណ៌នេះផងដែរ។

លោកបណ្ឌិត Kitsana Vachekrilas អនុប្រធានសភាពាណិជ្ជកម្មថៃ បានមានប្រសាសន៍ថា បច្ចុប្បន្នថៃជាប់ចំណាត់ថ្នាក់លេខ ១២ លើពិភពលោក ក្នុងការនាំចេញអាហារ ហើយតម្លៃនាំចេញសម្រាប់ឆ្នាំ ២០២៥ រំពឹងថា ហក់ដល់ជាង ៥៣ពាន់លានដុល្លារ ពោលកើនឡើង ៦.៨% បើធៀបនឹងឆ្នាំមុន។​ THAIFEX – ANUGA ASIA 2025 នឹងផ្តោតខ្លាំងលើនិន្នាការអាហារនិងភេសជ្ជៈធំជាងគេ ដូចជា ផលិតផលផ្សំពីរុក្ខជាតិ អាហារផ្តោតលើមុខងារសុខភាព និងផលិតផលកសិកម្មសរីរាង្គ ទាំងអស់នេះស្របតាមកំណើននិងតម្រូវការទីផ្សារដូចជា អឺរ៉ុប និងចិន។ ជាក់ស្តែង កាលពីឆ្នាំមុន មានសហគ្រាសធុនតូច និងមធ្យម មកតាំងបង្ហាញផលិតផល ទោះជានៅក្នុងស្តង់តូចមួយប៉ុណ្ណោះ ប៉ុន្តែក៏នៅតែមានឱកាសទទួលបានពានរង្វាន់ THAIFEX – ANUGA tasteInnovation Award ធ្វើឱ្យកេរ្តិ៍ឈ្មោះម៉ាកយីហោល្បី និងទទួលបានជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវិនិយោគិនពីឥណ្ឌាថែមទៀតផង។

អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ លោកស្រី Sunanta Kangvalkulkij បានមានប្រសាសន៍ថា ប្រទេសថៃមាន គុណសម្បត្តិជាច្រើននៅក្នុងឧស្សាហកម្មម្ហូបអាហារ ព្រោះកត្តាជាច្រើនដូចជា ភាពសម្បូរបែបនៃវត្ថុធាតុដើម ធនធានធម្មជាតិ វប្បធម៌អាហារប្លែកៗ និងសមត្ថភាពរបស់សហគ្រិនថៃ ដែលឆ្លើយតបយ៉ាងល្អចំពោះនិន្នាការទីផ្សារពិភពលោក។ ចំណុចខ្លាំងទាំងអស់នេះ ធ្វើឱ្យរដ្ឋាភិបាលកាន់តែសកម្ម ជំរុញវត្តមានអាហារថៃឱ្យមានការទទួល​ស្គាល់​ជា​អន្តរជាតិ និង​លើក​កម្ពស់​ប្រទេស​ក្លាយទៅជា​មជ្ឈមណ្ឌល​អាហារ​ប្រចាំ​តំបន់។ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ បានជួយគាំទ្រសហគ្រិនថៃអនុវត្តគំនិតផ្តួចផ្តើមជាង ៧០០គម្រោង ជាមួយគោលដៅបង្កើតតម្លៃពាណិជ្ជកម្មសរុបប្រមាណ ២.៨ពាន់លានដុល្លារ ក៏ដូចជាអាជីវកម្មផ្សេងៗជាង ២៦ម៉ឺនអាជីវកម្ម ។ អ្នកប្រឹក្សាពាណិជ្ជកម្ម ៥៨នាក់ ដែលជាបណ្តាញរបស់នាយកដ្ឋាន ប្រឹងប្រែងធ្វើការយ៉ាងជិតស្និទ្ធតាមដានការអភិវឌ្ឍន៍ពាណិជ្ជកម្ម។ បន្ថែមពីនេះ កំណត់ឡើងវិញនូវវិញ្ញាបនប័ត្រ Thai SELECT គិតមកដល់បច្ចុប្បន្នទទួលស្គាល់គ្រឹះស្ថានចំនួន ១៧៧៩ នៅទូទាំងពិភពលោក តាមរយៈលក្ខណៈវិនិច្ឆ័យថ្មីគឺប្រព័ន្ធ “Star of Honour” តំណាងដោយនិមិត្តសញ្ញារាងជាផ្កាអ័រគីដេ ដែលបង្ហាញពីឧត្តមភាពចម្អិនម្ហូបប្រទេសថៃ។

នាយកគ្រប់គ្រង និងជាអនុប្រធានក្រុមហ៊ុន Koelnmesse អាស៊ីប៉ាស៊ីហ្វិក លោក Mathias Kuepper បានឱ្យដឹងថា ក្រុមហ៊ុនលក់រាយធំៗជាច្រើនមកពីឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍ ដូចជា AEON (ជប៉ុន) Angliss (ហុងកុង) និង Choithrams (អារ៉ាប៊ីសាអ៊ូឌីត) ក៏មានវត្តមាននៅក្នុងកម្មវិធីនេះដែរ។

ព្រឹត្តិការណ៍ឆ្នាំ ២០២៥ នឹងមានបញ្ចូលកម្មវិធីជាច្រើនទៀត តួយ៉ាង THAIFEX – ANUGA tasteInnovation Show, THAIFEX – ANUGA Startup, THAIFEX – ANUGA Trend Zone សហការជាមួយ Innova Market Insights, Future Food Experience+ ការប្រកួតប្រជែងរសជាតិ ការតាំងបង្ហាញម្ហូបឥស្លាម(ហាឡាល់) និងតាំងបង្ហាញផលិតផលសរីរាង្គ។ កាន់តែរំភើបជាមួយ Thailand Ultimate Chef Challenge ប្រមូលផ្តុំមេចុងភៅជាង ៤០០នាក់ ប្រកួតប្រជែងពីទេពកោសល្យធ្វើម្ហូបចំនួន ២០ផ្នែកផ្សេងៗគ្នា។ ការប្រកួតប្រជែងនេះទៀតសោត ត្រូវបានវិនិច្ឆ័យដោយអ្នកជំនាញធ្វើម្ហូបដ៏ល្បីជាង ៥០នាក់ មកពី ១២ប្រទេសផងដែរ។ អ្វីដែលសំខាន់នោះ គឺជាការច្នៃប្រឌិតផលិតផល ដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត AI អភិវឌ្ឍទៅជាអាហាររូបត្ថម្ភផ្សំពីរុក្ខជាតិ និងអាហារជួយដល់មុខងារសុខភាព ទាំងការគេង ការយល់ដឹង និងសុខុមាលភាពទូទៅ។

ព្រឹត្តិការណ៍ THAIFEX – ANUGA ASIA 2025 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧-៣០ ឧសភា ចាប់ពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច។ ដោយឡែក នៅថ្ងៃទី ៣១ ខែឧសភា ចាប់ពីម៉ោង ១០ព្រឹក ដល់ ៨យប់ សាធារណជនទូទៅអាចចូលរួមដោយសេរីនៅសាល IMPACT Challenger ១-៣ និងសាល IMPACT Exhibition ៥-១២ នៅពហុកីឡដ្ឋាន IMPACT Muang Thong Thani។

  • ចុះឈ្មោះនៅទីនេះ៖ https://registration.thaifex-anuga.com
  • ព័ត៌មានផ្សេងៗ អាចទំនាក់ទំនងទៅកាន់នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ឬចូលទៅកាន់វេបសាយ www.ditp.go.th

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ

Sokha Hotels

ព័ត៌មានពេញនិយម