Connect with us

សេដ្ឋកិច្ច

សហគ្រាសក្នុងខេត្តបាត់ដំបងមួយ ទិញចេកពីកសិករប្រមាណជាង១០តោន ផលិតម្សៅចេកជិត១ម៉ឺនប្រអប់ ក្នុងមួយខែ

បានផុស

នៅ

សហគ្រាសផលិតម្សៅចេកមួយ ស្ថិតនៅខេត្តបាត់ដំបង បានជួយទិញចេកណាំវ៉ាពីកសិករប្រមាណជាង១០តោន ផលិតចេញម្សៅចេកជិត១ម៉ឺនប្រអប់ក្នុងមួយខែ ដើម្បីបំពេញតម្រូវការក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សេង សំណាង អាយុ៤២ឆ្នាំ ជាម្ចាស់សហគ្រាសកែច្នៃផលិតផលផ្លែឈើ (ជេអឹមអិលអេច) ប្រាប់ កម្ពុជាថ្មី ថា រយៈពេលជិត៥ឆ្នាំមកនេះ សហគ្រាស​របស់អ្នកស្រី តែងតែបានជួយទិញចេកណាំវ៉ា ពីប្រជាកសិករដែលរស់នៅក្នុងខេត្តបាត់ដំបង ដើម្បីផលិតចេញជាម្សៅចេកដែលមានគុណភាព សម្រាប់ចែកចាយទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅក្រៅប្រទេសខ្លះផងដែរ។

អ្នកស្រី សេង​ សំណាង បានឱ្យដឹងដែរថា សហគ្រាសរបស់អ្នកស្រី បានជួយទិញចេកណាំវ៉ាពីកសិករ​ប្រមាណជាង ១០តោន ក្នុងមួយខែ ដើម្បីផលិតម្សៅចេកជិត១ម៉ឺនប្រអប់សម្រាប់ចែកចាយទៅកាន់ទីផ្សារក្នុងស្រុកវិញ។

ម្ចាស់សហគ្រាសរូបនេះ បញ្ជាក់ដែរថា ម្សៅចេក មានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាពមនុស្សទូទៅ ព្រោះវាបានជួយដល់អ្នកដែលឧស្សាហ៍សម្រាន្តមិនលក់ អ្នកមានបញ្ហាក្រពះពោះវៀន  និងបញ្ហារោគស្ដ្រីមួយចំនួនទៀត ផងដែរ។

យ៉ាងណាមិញ ស្របពេលមានបញ្ហារឿងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កឱ្យមានបិទទំនិញនាំចូលមកកម្ពុជានោះដែរ អ្នកស្រី សេង សំណាង ក៏បានបង្ហាញពីគោលជំហរមួយ ដោយចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយឱ្យកសិករខ្មែរ អាចលក់កសិផល ឬដំណាំរបស់ខ្លួនបានកាន់តែច្រើនជាងមុន។

អ្នកស្រី សេង សំណាង ក៏មានគម្រោងក្នុងការសិក្សាស្រាវជ្រាវ ទាក់ទងនឹងរូបមន្តថ្មីបន្ថែម ដើម្បីផលិតម្សៅផ្សេងៗទៀតដែលអាចប្រើប្រាស់បានក្នុងផ្ទះបាយ ដូចប្រទេសជិតខាងផលិតលក់ឱ្យកម្ពុជាកន្លងមកដែរ ជាក់ស្ដែងមានដូចជា៖ ម្សៅស៊ុប និងគ្រឿងទេសមួយចំនួនដែលជាតម្រូវការ​​ប្រចាំថ្ងៃ។

គួរឱ្យដឹងថា សហគ្រាសកែច្នៃផលិតផលផ្លែឈើ (ជេអឹមអិលអេច) បានបង្កើតដោយសហគ្រិនឆ្នើមជាស្រ្ដីខ្មែរម្នាក់ កាលពីដើមឆ្នាំ២០២១។ បច្ចុប្បន្ន សហគ្រាស មានទីតាំងស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម