ព័ត៌មានជាតិ
ស្ថានភាពសុខភាពកវីឯក ជ័យ ចាប កាន់តែប្រសើរ ខណៈទន្ទឹងវិលជួបសិស្ស បង្ហាញទម្រង់និពន្ធកំណាព្យ និងសាច់រឿង
ខណៈកំពុងសម្រាកព្យាបាលមួយរយៈ ពេលនេះស្ថានភាពសុខភាពរបស់លោកបណ្ឌិត ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ កាន់តែប្រសើរឡើង ដោយអាចមានប្រសាសន៍ឆ្លើយឆ្លង និងសើចញញឹមបាន ហើយថែមទាំងឆ្លៀតផ្តាំថា ពេលបានជាសះស្បើយ លោកនឹងមកជួបសិស្សទាំងអស់ ដើម្បីបង្ហាញពីទម្រង់និពន្ធកំណាព្យ និង សាច់រឿងនានាដែលមាន។
នេះបើតាមការឱ្យដឹងពីកវីនិពន្ធ ប៉ុល ពិសី អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ នៅព្រឹកថ្ងៃនេះ។

ក្នុងដំណើរទៅសួរសុខទុក្ខ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ កវីនិពន្ធ ប៉ុល ពិសី បានរៀបរាប់ថា “ពីសីត្រូវតែមក ! ទោះជាមិនឱ្យមក ក៏ពីសីជំនះមកដែរ !” នេះជាប្រសាសន៍ដ៏មានតម្លៃរបស់កវីរៀមច្បង ដែលលោកស្រីគោរពជាគ្រូច្រើនឆ្នាំមកហើយ។
អនុប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ បន្តទៀតថា ខ្ញុំរំភើបចិត្តពេលបានឮប្រសាសន៍លោកគ្រូបែបនេះដោយផ្ទាល់ត្រចៀក នៅពេលដែលខ្ញុំបានធ្វើដំណើរទៅសាកសួរសុខទុក្ខដោយផ្ទាល់ នៅក្នុងបន្ទប់សម្រាកព្យាបាលជំងឺឯមន្ទីរពេទ្យ។
បើតាមការគូសបញ្ជាក់ នេះជាដំណើរទៅសាកសួរសុខទុក្ខលោកគ្រូកវីឯក ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ ជាលើកទី២ របស់សមាគមអ្នកនិពន្ធខ្មែរនិងគ្រួសារអ្នកនិពន្ធ បន្ទាប់ពីលោកគ្រូបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ FV នាទីក្រុង ហូជីមិញ ប្រទេសវៀតណាម។ ខណៈលើកទី១ អនុប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ មិនបានចូលរួមទេ ក៏ព្រោះជាប់សម្ងំព្យាបាលភ្នែក។
កវីនិពន្ធ ប៉ុល ពិសី បន្ថែមដែរថា លោកស្រីរួមនិងក្រុមអ្នកនិពន្ធ ដែលបានរួមដំណើរ មានក្តីសោមន្យណាស់ពេលដែលឃើញលោកបណ្ឌិត មានសុខភាពល្អជាងមុនច្រើន ហើយអាចមានប្រសាសន៍ឆ្លើយឆ្លងសើចញញឹមបាន។ តួយ៉ាង ការចងចាំរបស់លោក ក៏បានវិលត្រឡប់មកវិញបណ្តើរៗហើយ។
បើតាមការគូសបញ្ជាក់ លោកបណ្ឌិត ជ័យ ចាប បានផ្តាំថា “ពេលបានជាសះស្បើយ លោកនឹងមកជួបសិស្សទាំងអស់ ដើម្បីបង្ហាញពីទម្រង់និពន្ធកំណាព្យ និង សាច់រឿងនានាដែលមាន។
ទន្ទឹមនេះ កវីនិពន្ធ ប៉ុល ពិសី ក៏បានជូនពរលោកបណ្ឌិតដោយជូនកំណាព្យមួយឃ្លាផងដែរ «ព្រះជន្មយឺនយូរ រឹងមាំសុខា ឆាប់ជាសះស្បើយ ល្ហើយល្ហែភ្លឺថ្លា សុខពេញកាយា ប្រាថ្នាដូចប៉ង»។


លោកបណ្ឌិត ជ័យ ចាប ជាប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាគ្រូបង្រៀនផ្នែកតែងនិពន្ធអក្សរសិល្ប៍ខ្មែរ នៅសាកលវិទ្យាល័យភូមិន្នភ្នំពេញ ដែលមានបទពិសោធប្រមាណជាជាង ៣០ឆ្នាំ ក្នុងការបង្រៀននិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចការបង្រៀនជាច្រើនឆ្នាំ បណ្ឌិតខាងនិពន្ធកំណាព្យរូបនេះ បានបណ្តុះបញ្ញវ័ន្តខ្មែរជាច្រើន និងត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈកិតិ្តនាមដ៏ល្បីនៃស្តេចកំណាព្យ «ចាប ពូក» ។ ក្រៅពីអាជីពបង្រៀន លោកក៏មានតួនាទីមួយក្នុងកិច្ចការផងដែរ គឺជាទីប្រឹក្សាក្រសួង មានងារជាឯកឧត្តមបណ្ឌិត។
កាលពីថ្ងៃទី១២ ខែកុម្ភៈនេះ សមាជិកសមាគមអ្នកនិពន្ធខ្មែរបានប្រកាសពីដំណឹងស្ថានភាពលោកបណ្ឌិត ដែលត្រូវសង្គ្រោះបន្ទាន់ ខណៈសមាជិកសមាគមអ្នកនិពន្ធខ្មែរ ក៏ដូចជាសប្បុរស ក៏បានរួមចំណែកជាថវិកាទៅតាមលទ្ធភាពដល់គ្រួសារលោកផងដែរ ដេីម្បីរួមចំណែកចែករំលែកទទួលបន្ទុកជាមួយគ្រួសារកវីនិពន្ធល្បីឈ្មោះរូបនេះ លើថ្លៃព្យាបាល។
យ៉ាងណា ក្រោយសម្រាកព្យបាលប្រមាណជាជិត ១សប្តាហ៍ ស្ថានភាពសុខភាពរបស់លោក កំពុងវិលមករកភាពប្រសើរឡើងជាបណ្តើរៗហើយ។ ក្នុងនោះ សិស្សនិស្សិត សាធារណជន ក៏ដូចជាក្រុមការងារសមាគម ក៏បានបង្ហាញក្តីបារម្ភខ្វាយខ្វល់ និងជូនពរលោកបណ្ឌិតឱ្យឆាប់ធូរស្បើយ វិលមកចែករំលែកចំណេះដឹងបន្តផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


