Connect with us

ព័ត៌មានអន្ដរជាតិ

ចំណង​ស្នេហ៍​អមតៈ​រវាង​ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព​ និង​មហាក្សត្រិ​យានី​ អេលីហ្សាបេត​ ទី២

បានផុស

នៅ

ពេល​ព្រះ​នាង ​​អេលីហ្សាបេត ទី​២​ ​បាន​ជួប​ព្រះ​អង្គ​ម្ចាស់ ​ហ្វីលីព ​​​លើក​ដំបូងនៅ​ពេល​​ព្រះនាង​ទើប​មាន​ព្រះជន្ម​​៧​វស្សា​​​ ក្នុងរាជពិធី​អភិសេក​​របស់​​​ព្រះ​មាតុច្ឆា​របស់​ព្រះ​នាង​គឺ​ព្រះ​នាង​​ម្ចាស់ ម៉ារីណា ដែល​ជា​ព្រះ​នាង​នៃ​ប្រទេស​​ក្រិក​និង​ដាណឺម៉ាក។

ពេល​នោះ​ ​ព្រះ​មាតុច្ឆា​រៀប​អភិសេក​ជា​មួយ​ព្រះ​អង្គ​ម្ចាស់ Duke of Kent នៅ​ព្រះ​វិហារ​ Westminster Abbey ហើយ​​ព្រះ​អង្គ​ម្ចាស់ ហ្វីលីព ទើប​មាន​ព្រះ​ជន្ម​១២​វស្សា​ក៏​បាន​ចូល​ព្រះរាជ​ពិធី​អភិសេក​នោះ​ដែរ​​ក្នុង​នាម​ជា​បង​ប្អូន​ជីដូន​មួយទី១​​របស់​​​យុវក្សត្រី​​ (កូន​ក្រមុំ)។

ព្រះ​អង្គ​ម្ចាស់ ហ្វីលីព និង​ព្រះនាង អេលីហ្សាបេត ទី២ នៅ​ឆ្នាំ​១៩៣៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួក​ព្រះ​អង្គ​ស្ទើរ​តែ​មិន​បាន​មាន​បន្ទូល​រក​គ្នា​ ប៉ុន្តែ​បើ​តាម​កាសែត​បរទេស​​​បាន​ចុះ​ក្នុង​បញ្ជី​គឺ​​ព្រះ​អង្គ​ម្ចាស់ ហ្វីលីព ស័ក្តិសម​​ជា​ស្វាមី​របស់​​ព្រះ​នាង​តូច ដែលត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​ទី​១​របស់​ព្រះ​នាង​​តាម​ខ្សែ​សែស្រឡាយ​មហា​​ក្សត្រិយានី ​វិចតូរៀរ។

រយៈ​ពេល​៥​ឆ្នាំ​ក្រោយ​ទើប​​ពួក​ព្រះ​អង្គ​បាន​ជួប​គ្នា​ម្តង​​ទៀតនៅ​ក្នុង​ឆ្នាំ​១៩៣៩ ប៉ុន្តែ​អ្វី​​គ្រប់​យ៉ាង​បាន​ប្រែ​ប្រួល។ ព្រះបិតុលា​របស់​ព្រះ​នាង​តូច​គឺ​​ព្រះ​មហាក្សត្រ​គ្រង​រាជ​នៅ​ពេល​នោះ Edward VIII បាន​ដាក់​រាជ​​មុន​​ពេល​៣​ឆ្នាំ​​។ ព្រះ​បិតា​របស់​ព្រះ​នាង​តូច​បាន​ឡើង​សោយ​​រាជបន្ត​ ហើយ​ព្រះ​នាងតូច​​​​​ជា​បុត្រី​​ត្រូវជា​អ្នក​ស្នង​​រាជ​ពី​ព្រះ​បិតា។

ព្រះ​អង្គ​ម្ចាស់​​ ហ្វីលីព ជា​កម្មាភិបាល​កង​ទ័ព​ជើង​ទឹក​ព្រះ​ជន្ម​១៨​វស្សា។ ពេល​នោះ​ អឺរ៉ុប​កំពុង​កើត​មាន​វិបត្តិ​ធ្លាក់​​ចូល​​សង្គ្រាម​លោក​លើក​ទី​២​​។

ព្រះ​នាង​រស់​នៅ​ជា​មួយព្រះ​មាតាបិតា និង​ព្រះ​រាម ប៉ុន្តែ​​​ចំណាយ​ពេល​ច្រើន​បំផុត​ជា​មួយ​ព្រះ​រាម និង​អ្នក​​គ្រប់គ្រង​របស់​ព្រះ​នាង។ ពេល​លំហែ​ព្រះ​កាយ​នៅ​មហាវិទ្យាល័យ​ជា​មួយ​ព្រះ​មាតាបិតា និង​ព្រះ​រាម ព្រះ​​នាង​បាន​ភ្ញាក់​ផ្អើល​នឹង​​កម្មាភិបាល​ដែល​​មាន​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍។

រាជវង្សានុវង្ស​ពេល​​យាង​ដល់​មហាវិទ្យាល័យ Dartmouth នៅ​ឆ្នាំ​១៩៣៩

ការ​ចាប់​អារម្មណ៍​របស់​ព្រះ​នាង​គឺ​ច្បាស់​ក្រឡេត​ដល់​អ្នក​ទាំង​អស់​គ្នា ហើយ​ព្រះបិតុលា​របស់​ព្រះ​អង្គ​​ម្ចាស់ ហ្វីលីព ព្រះអង្គ  Dickie Mountbatten បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ដោយ​សង្ឃឹម​​នឹង​បាន​រៀប​អភិសេក​ជា​មួយ​ព្រះ​នាង។

នៅ​ពេលមានពិធី​លាង​សាយភោជរបស់​រាជ​វង្ស​នៅ​មហា​វិទ្យាល័យ​ Dartmouth គ្រប់​​កម្មាភិបាល​ទាំង​អស់​បាន​តាម​ពី​ក្រោយ​ទូកតូច​​ រហូត​ដល់​ព្រះ​មហាក្សត្រណែនាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ច្រាំង​សមុទ្រ​វិញ។ ពួក​គេបាន​គោរព​តាម​​ព្រះ​រាជ​បញ្ជា​ លើក​លែង​តែ​ព្រះ​អង្គ​ម្ចាស់ ហ្វីលីព ដែល​ព្យាយាម​​អុំ​ទូក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដែល​ធ្វើ​ឲ្យ​ព្រះ​នាង ​អេលីហ្សាបេត ទី​២​ តាម​ទត​មើល​​ដោយ​​កែវយឹត។

ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព និង​រាជវង្ស​របស់​​ព្រះ​អង្គ​បានភៀស​ព្រះ​កាយ​ពី​ប្រទេស​ក្រិក​តាំង​ពី​ព្រះ​អង្គ​ទើប​ព្រះ​ជន្ម​១៨​ខែ​។ រាជ​វង្ស​​បាន​គង់​នៅ​នៅ​ទី​ក្រុង​បារីស ប៉ុន្តែ​បាន​បែក​​គ្នា។ មាតា​របស់​ព្រះ​អង្គ​ត្រូវ​បាន​ដាក់​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ ហើយបិតា​​របស់​ព្រះ​អង្គ​​មាន​ស្រី​ថ្មី​។

ព្រះ​អង្គម្ចាស់ ​ហ្វីលីព ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​រៀន និង​ចម្រើន​វ័យ​នៅសាលា​ Gordonstoun ក្នុង​ប្រទេស​ស្កុតឡែន មុន​ពេល​ទៅ​រៀន​នៅ​មហា​​វិទ្យាល័យ​ Dartmouth។ ដោយ​គ្មានមាតាបិតា​នៅ​​ជា​មួយ​ ព្រះ​អង្គ​ម្ចាស់​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​រាម​របស់​ព្រះអង្គ ប៉ុន្តែ​អ្នក​ដែល​ស្និទ្ធ​ស្នាល​របស់​ព្រះ​អង្គ​គឺស្ត្រី​ឈ្មោះ​ Cecile ដែល​បាន​ស្លាប់​​ពី​​ការធ្លាក់​យន្តហោះ​​នៅ​ពេល​​គាត់​មាន​ផ្ទៃ​ពោះ​៨​ខែ​ទៅ​ហើយ។ អ្នក​ផ្សេង​ទៀត​បាន​រៀបការ​ជា​មួយ​មន្ត្រី​អាល្លឺម៉ង់។

ព្រះ​អង្គ​ម្ចាស់ ហ្វីលីព និងព្រះនាង អេលីហ្សាបេត ទី២ ឆ្នាំ​១៩៤៦

កំឡុង​ពេល​សង្គ្រាម ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព ​​បាន​​ផ្ញើ​លិខិត​ទៅ​ព្រះ​នាង​ អេលីហ្សាបេត ទី​២ ​​ឲ្យ​មក​គង់​​នៅ​​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​គ្រឹស្មាស​នៅ​ឆ្នាំ​១៩៤៣។ នៅពេល​នោះ​ព្រះ​នាង​មាន​ព្រះ​ជន្ម​១៧​វស្សា។ ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព ​បាន​ចាប់​អារម្មណ៍​នឹង​ព្រះ​នាង​យ៉ាង​ខ្លាំង។ ព្រះ​នាងមិន​ត្រឹម​តែ​មាន​ភាព​ទាក់ទាញ និង​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ព្រះ​នាង​ពោរពេញ​ដោយ​ភាព​​​ស្រស់​ស្រាយ និងចរិយាមាយាទ​សុភាព​រៀប​សា។

នៅ​ចុង​បញ្ចប់​សង្គ្រាម ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព មាន​ទំនាក់​ទំនង​​កាន់​តែ​ជិត​ស្និទ្ធជា​មួយ​ព្រះ​នាង និង​បាន​នាំ​ព្រះ​នាង​ទៅ​ទត​ការ​ប្រគំ​តន្ត្រី ចូល​ភោជនីយដ្ឋាន និង​​សោយ​​សាយភោជ​នៅ​ពេល​ល្ងាច​ជា​មួយ​ព្រះ​នាង ម៉ាហ្គារេត​​ជា​ដើម។

ព្រះ​រមរាជ​វាំងនៅ​មិន​ទាន់​មាន​ការ​ទុក​ចិត្ត។ ព្រះ​មហា​ក្សត្រ និង​ព្រះ​មាតា​​ចង់​ឲ្យ​បុត្រី​បាន​ស្វែង​យល់​ពិភព​លោក​កាន់​តែ​ច្រើន​ថែម​ទៀត​មុន​ពេល​រៀប​អភិសេក និង​បាន​ពិភាក្សា​ពី​អ្វី​ដែល​​ព្រះ​អង្គ​ម្ចាស់ ហ្វីលីព មិន​មែន​ជា​សុភាព​បុរស ចិត្ត​ចង្អៀត​ចង្អុល និង​ឆេវ​ឆាវ។

អ្នក​រាល់​គ្នាមិន​ទុក​ចិត្ត​ចំពោះ​ព្រះ​បិតុលា​របស់​ព្រះ​អង្គ Dickie Mountbatten។ រដ្ឋាភិបាល​មាន​មន្ទិល​សង្ស័យ​ពី​សាវតា​​របស់​ព្រះ​អង្គ​​ ខណៈ​​​មាន​គេ​និយាយពី​​ការ​​ភ្ជាប់​ទៅ​នឹង​ពាក្យ​តែ​មួយ​គឺ «អាល្លឺម៉ង់»។

ពេល​រៀប​អភិសេក​នៅ​ព្រះ​វិហារ Westminster Abbey ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧

ព្រះ​នាង អេលីហ្សាបេត​ ទី​២ ​បាន​បដិសេធទទួល​យក។ ព្រះ​នាង​បាន​ជាប់​ចិត្ត​​នឹង​ព្រះ​អង្គ​ម្ចាស់ ហ្វីលីព តាំង​ពី​ព្រះ​ជន្ម​១៣​វស្សា ហើយ​កំឡុង​ពេល​សង្គ្រាម​បានបង្កើត​ឲ្យ​ព្រះ​អង្គ​​ទាំង​ពីរ​មាន​ទំនាក់​ទំនង​កាន់​តែ​ជ្រាល​ជ្រៅ។

ព្រះ​បិតា​ក៏​បាន​យល់​ព្រមតាម​ព្រះ​រាជ​បុត្រី​ ហើយ​រាជ​ពិធី​ភ្ជាប់​ពាក្យ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៨​ ខែ​កក្កដា ឆ្នាំ​១៩៤៧ និង​រាជ​ពិធី​​​អភិសេក​ត្រូវ​បាន​កំណត់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។ ព្រះ​អង្គ​ម្ចាស់ ហ្វីលីព ​ប្រើ​នាម​ត្រកូល Mountbatten ពី​ជីដូនជីតាខាង​មាតា​ និង​ត្រូវ​បាន​ផ្តល់គោរមងារជា Duke of Edinburgh។

មាន​ការ​ព្រួយ​បារម្ភ​​នៅ​ដែល​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ក្រោយ​ពេល​សង្គ្រាម​​ជុំ​វិញ​ពិធីរៀប​អភិសេក​ដ៏​ខ្ជះ​ខ្ជាយ។ ប៉ុន្តែពិធី​រៀប​អភិសេក​បាន​រៀប​ចំ​ឡើង​ដោយ​​នៅ​ផ្លូវ​មាន​ការ​រៀប​ចំ​ភ្លើង​ចម្រុះ​ពណ៌។ ភ្ញៀវ​​ដែល​ជារាជវង្សានុវង្ស​ទូទាំង​ពិភព​លោក​ត្រូវ​បាន​យាង​​ចូល​រួម​ពិធី​រាជា​ភិសេក​របស់​ព្រះ​នាង​​ដែល​គ្រង​រ៉ូបសូត្រ​​រំលេច​ដោយ​គ្រាប់​គុជ១ម៉ឺន​គ្រាប់។ 

ពេល​រៀប​អភិសេក

ក្នុង​ចំណោម​អ្នក​ដែល​មិន​ត្រូវ​បាន​យាង និង​អញ្ជើញ​មាន​បង​ប្អូន​ស្រី​​បង្កើត​របស់​ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព ៣​​នាក់​​ដែល​បាន​រៀប​ការ​ជា​មួយ​ប្តី​ជន​ជាតិ​អាល្លឺម៉ង់  និង​អតីត​ព្រះ​មហា​ក្សត្រ Edward VIII និង​មហេសី Wallis Simpson។

ថ្ងៃ​រៀប​អភិសេក​នៅព្រះ​វិហារ​ Westminster Abbey ព្រះ​នាង អេលីហ្សាបេត ទី​២​ បាន​ធ្វើ​​សម្បថ​ និង​សន្យា​គោរព​តាម​ស្វាមី​ ​​ជា​អ្វី​ម្យ៉ាង​ដែល​មិន​អាច​ទៅ​រួច​នៅ​ពេល​ព្រះ​នាង​ជា​មហាក្សត្រិយ៍។ ការ​តស៊ូ​បាន​ចាប់​ផ្តើម។ ព្រះ​អង្គ​ម្ចាស់ ហ្វីលីព ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​មាន​ជីវិត​សកម្ម​​ និង​មាន​កន្លែង​ធ្វើ​ការ​នៅ​នាយកដ្ឋានចារកម្ម​ទ័ព​ជើង​ទឹក​ Admiralty។

ពួក​ព្រះ​អង្គ​ទទួល​បាន​បុត្រ​ពីរ​អង្គ​គឺ​ព្រះ​​អង្គ​ម្ចាស់​ Charles និង​ព្រះនាង​​ Anne ដែល​ប្រសូត្រ​នៅ​ឆ្នាំ​១៩៤៨ និង​១៩៥០ ហើយ​​វង្សានុវង្ស​របស់​ព្រះ​អង្គ​បាន​គង់​នៅរាជ​ដំណាក់​ Clarence House ដែល​ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព ទទួល​ខុស​ត្រូវ​​លើ​ការ​ជួល​ជុល។

ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព បាន​ឈរ​ជើង​នៅម៉ាល់តា ហើយ​មហេសី អេលីហ្សាបេត ទី​២​ បាន​ទៅ​លេង​ស្វាមី​​នៅ​ទី​នោះ​​រយៈ​ពេលប៉ុន្មាន​ខែ​​។ នៅ​ទី​នោះ ព្រះ​នាង អេលីហ្សាបេត ទី​២​ មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ជា​ភរិយា​​មន្ត្រី​ទ័ព​ជើង​ទឹក​ម្នាក់ ដែលគេច​ឆ្ងាយ​ពី​ការ​ចាប់​អារម្មណ៍។

ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព និងមហេសី អេលីហ្សាបេត ព្រម​ទាំងបុត្រា Charles និង​បុត្រី Anne

ដើម​ឆ្នាំ​១៩៥២ ព្រះ​នាង និង​ស្វាមី​បាន​យាង​ក្រសាល​​នៅ​ប្រទេស​កេនយ៉ា។ ពួក​ព្រះ​អង្គ​បាន​ចាប់​ផ្តើម​គង់​ក្រសាល​ទត​​​ឧទ្យាន​ជាតិ Aberdare National Park។ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​១៩៥២ ព្រះ​មហាក្សត្រ​ George VI ជា​ព្រះ​បិតា​របស់​ព្រះ​នាង​ បាន​សោយ​ទីវង្គតនៅ​ពេល​ព្រះ​អង្គ​​កំពុង​ផ្ទុំ។ បន្ទាប់​ពី​ទទួល​ដំណឹង​ដ៏​ក្រៀម​ក្រំ​​នេះ ព្រះ​អង្គ​ម្ចាស់ ហ្វីលីពីន បាន​ប្រាប់​ទៅ​មហេសី​ថា​​ ព្រះ​បិតា​​បាន​សោយ​ទិវង្គត​ ហើយ​ពួក​​​ព្រះ​អង្គ​ក៏​បាន​យាង​ទៅ​ទី​ក្រុង​ឡុងដ៍​ជា​បន្ទាន់។

ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ​នាង អេលីហ្សាបេត ទី​២ ជា​បុត្រី និង​ព្រះ​រាជសុណិសា ហ្វីលីព មានព្រះ​រាជ​សោយ​សោក​យ៉ាងក្រែ​លែង។ ព្រះ​អង្គមាន​ព្រះ​រាជ​សុខភាពចុះ​ខ្សោយ​ជា​ច្រើន​ឆ្នាំ​ហើយ ទោះ​ជា​ព្រះ​អង្គ​ទើប​មាន​ព្រះ​ជន្ម​៥៦​វស្សា។ ព្រះ​នាង អេលីហ្សាបេត ទី​២​ និងព្រះ​ស្វាមី ហ្វីលីព រំពឹង​ថា​ នឹង​មាន​សេរីភាព​ច្រើន​ឆ្នាំ ប៉ុន្តែ​បន្ទាប់​មក​ អ្វី​ៗ​ត្រូវ​បាន​​ប្រែ​ប្រួល​ទាំង​ស្រុង។

ព្រះ​រាជ​វង្សបាន​ផ្លាស់​ប្តូរ​ពួកព្រះ​​អង្គ​​ចេញ​ពីរាជ​ដំណាក់ Clarence House ទៅ​គង់​នៅ​ព្រះបរម​​រាជវាំង Buckingham។ ព្រះ​អង្គម្ចាស់​ ហ្វីលីព ​បាន​បោះ​បង់​ចោល​តួនាទី​ជា​មន្ត្រី​​ទព័​ជើង​ទឹក​។ ​មហា​​ក្សត្រីយានី​ដែល​ជា​អយ្យការបស់​ព្រះ​នាង អេលីហ្សាបេត ទី​២​ Queen Mary បាន​កំណត់​រាជ​ត្រកូលឲ្យ​។

ព្រះ​ស្វាមី ហ្វីលីព និង​ព្រះ​មហេសី អេលីហ្សាបេត ក្នុង​ព្រះ​រាជវាំង Buckingham នៅ​ឆ្នាំ​១៩៥៣ 

ព្រះ​អង្គ​ម្ចាស់ ហ្វីលីព ជឿ​ថា នាម​​ត្រកូល​របស់​មហេសី​របស់​ព្រះ​អង្គ​គឺ​នាម​​​ត្រកូល​ផ្ទាល់​​ខ្លួន​របស់​ព្រះ​អង្គ Mountbatten ហើយ​ព្រះ​បិតុលា​របស់​ព្រះ​អង្គ​បាន​អួត​សរសើរ​ពី​ត្រកូល Mountbatten។ ប៉ុន្តែលោក​នាយក​រដ្ឋ​មន្ត្រី Winston Churchill និង​មហា​​ក្សត្រិយានី​​ Queen Mary បាន​កំណត់​ហើយ​ថា នាម​​ត្រកូល​ត្រូវ​តែ​ប្រើ Windsor ដែល​ធ្វើ​ឲ្យ​​ព្រះ​អង្គ​ម្ចាស់ ហ្វីលីព មិន​សប្បាយ​ហឬទ័យ​ទេ។

នៅ​ពេល​នោះរាជ​​បុត្រ​គឺ Andrew ប្រសូត្រ​ឆ្នាំ​១៩៦០ និង​ Edward ប្រសូត​ឆ្នាំ​១៩៦៤ មហា​ក្សត្រិយានី Queen Mary បាន​ចេញ​ព្រះ​រាជ​បញ្ជា​ថា បុត្រាបុត្រី​​ដែល​មិន​មាន​គោរម​ងារព្រះ​អង្គ​ម្ចាស់ ឬ​ព្រះ​នាង​ម្ចាស់​ទេ ត្រូវ​ប្រើ​នាម​ត្រកូល “Mountbatten-Windsor”។ ប្រការ​នេះ​ហាក់​ល្អ​ប្រសើរ​បន្តិច។

ព្រះ​អង្គ​ម្ចាស់ ហ្វីលីព មិន​សប្បាយ​ព្រះ​ទ័យ​នឹង​ការ​លំអៀង​ដែល​ប្រឆាំង​នឹង​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​របស់​ព្រះ​អង្គ​​ដើម្បី​លើក​កម្ពស់​តម្លៃ​របស់​ខ្លួន​របស់​ព្រះ​អង្គ​ឲ្យ​ប្រសើរ​ឡើង។ មាន​ការ​ប្រឆាំង​នឹង​ព្រះ​អង្គ​​ដែល​​ធ្វើ​ជា​​​ប្រធាន​គណកម្មការ​រៀប​ចំ​​​ឡើង​សោយ​រាជ្យ​របស់​ព្រះ​នាង​ អេលីហ្សាបេត ទី​២​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​អង្គ​ដើម្បី​បង្កើត​ប្រព័ន្ធមួយ​នៃ​រង្វាន់​សម្រាប់​សេវាកម្ម (The Duke of Edinburgh Awards) ​ដោយ​បាន​ជួប​នឹង​រដ្ឋ​មន្ត្រី​​ម្នាក់​ដែល​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល ដោយ​និយាយ​ថា ស្តាប់​ទៅ​ដូច​ជា យុវជន​សម័យហ៊ីត្លែរ។

ទោះ​បី​ជា​យ៉ាង​ណា ជា​មួយ​ភាព​អត់​ធន់ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ និង​ការ​លះ​បង់​ជា​ប្រចាំ​ដើម្បី​​ជួយ និង​គាំទ្រ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​មហាក្សត្រីយ៍​​ដែល​ជា​មហេសី​របស់​ខ្លួន​ ព្រះអង្គ​ម្ចាស់​ ហ្វីលីព ទទួល​បាន​ការ​គោរព និង​សេចក្តី​ស្រឡាញ់​ពី​រដ្ឋាភិបាល និង​ប្រជារាស្ត្រ។

ព្រះ​ស្វាមី ហ្វីលីព និង​ព្រះ​មហេសី អេលីហ្សាបេត ទី២ នៅ​ឆ្នាំ​១៩៥៧ 

ព្រះ​អង្គ​ម្ចាស់​ ហ្វីលីព ចូល​ចិត្ត​បច្ចេកវិទ្យា  និង​ជា​សមាជិក​រាជ​វង្សានុវង្ស​​ទី១​ដែល​ត្រូវ​បាន​ធ្វើ​បទ​សម្ភាស​​នៅ​លើ​កញ្ចក់​ទូរទស្សន៍ នៅ​ពេល​ព្រះ​អង្គបាន​ពិភាក្សា​អំពី​ការ​បណ្តុះ​បណ្តាល​យុវជន​របស់ BBC Panorama ជា​មួយលោក​ Richard Dimbleby នៅ​ឆ្នាំ​១៩៦១។​ ព្រះ​អង្គ​ម្ចាស់ ហ្វីលីព ក៏​បាន​ពាក់​ព័ន្ធ​នឹងវីដេអូ​ឯកសារ​«​រាជ​វង្សានុវង្ស​»​ដែល​បាន​ចាក់​​ផ្សាយ​នៅ​ឆ្នាំ១៩៦៩។

ព្រះ​អង្គ​ម្ចាស់ ហ្វីលីព ជា​​​ព្រះ​រាជូបត្ថម្ភ​​​ដល់​​អង្គការ​ជាង​៨០០​ ហើយ​ដូច​គ្នា​នឹង​នត្តោ​ (ចៅ) ​​របស់ព្រះ​អង្គ​​ដែល​បាន​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​ពី​ជីវិត​សត្វ​ព្រៃ និង​បរិស្ថាន។ ព្រះ​អង្គ​ជាព្រះ​​​​ប្រធាន​​​មូលនិធិ​សត្វ​ព្រៃ​ពិភព​លោក​ពី​ឆ្នាំ​១៩៦១ដល់​១៩៨។

ព្រះ​អង្គ​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​សមាជិក​រាជវង្សានុវង្ស​ជំនាន់ក្រោយ​ និង​ត្រូវ​បាន​គេ​ចង​ចាំ​ខ្លាំង​បំផុត​នៅ​ពេល​ព្រះ​អង្គ​គាំទ្រ​នត្តោព្រះ​អង្គ​ម្ចាស់​ William និង Harry ដែល​នត្តោ​ទាំង​ពីរ​បាន​យាង​តាមផ្លូវ​ក្នុង​ទី​ក្រុង​ឡុងដ៍​​ខាង​ក្រោយ​កន្លែង​តម្កល់​សព​ព្រះ​មាតា​របស់​ពួក​ព្រះ​អង្គ​គឺ​ព្រះ​នាង​ Diana ដែល​ជា​ព្រះ​នាង​ម្ចាស់​វែល (Princess of Wales) មុន​ពេល​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​សព​នៅ​ខែកញ្ញា ឆ្នាំ​១៩៩៧។

តាំង​ពី​ដើម​មក ព្រះ​អង្គ​គឺ​ជា​ដៃ​គូ​ខ្ជាប់​ខ្ជួន​បំផុត​របស់​​មហា​​ក្សត្រិយានី​។ មហា​ក្សត្រិយានី​​គឺ​ជា​សមា​ជិក​​រាជវង្ស​ដែល​មាន​ចំណង​អភិសេក​យូរ​ជាង​គេ​បំផុត ហើយ​ព្រះ​អង្គ​​ម្ចាស់ ហ្វីលីព​ គឺ​ជា​អ្នក​ផ្តល់​សេវាកម្ម​បាន​យូរ​ជាង​គេ​បំផុត​ក្នុង​លោក។ ស្ថិត​ក្នុង​ព្រះ​ជន្ម​៩៩​វស្សា ព្រះ​អង្គ​​មាន​ជីវិត​រស់​នៅ​យូរ​ជាង​គេ​បំផុត​ក្នុង​ចំណោមបុត្រាបុត្រី​​ជំនាន់​ក្រោយ​របស់​មហា​ក្សត្រិយានី​ វិចតូរៀរ ។

ព្រះ​បិតា ព្រះ​មាតា និង​បុត្រាបុត្រី

ជា​បុរសសកម្ម ឆ្លាតវៃ​ ព្រះ​អង្គ​មិន​មែន​គ្រប់​ពេល​វេលា​​យាង​តាម​​ពី​ក្រោម​មហា​​ក្សត្រីយានី អេលីហ្សាបេត ទី​២ រហូតទេ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់ William ធ្លាប់​មាន​បន្ទូល​ថា ៖«ព្រះ​អង្គ​ដាក់​អាជីព​ផ្ទាល់​ខ្លួន​ទាំង​ស្រុង​ដើម្បី​គាំទ្រ​ដល់​ព្រះ​រាជកិច្ច​របស់​មហា​​ក្សត្រិយានី​ និង​មិន​ដែល​យក​មុខ​មាត់​ដែរ»។

ព្រះ​អង្គម្ចាស់ ហ្វីលីព​ រស់​​ដើម្បី​ប្រឈម​នឹង​បញ្ហា​ប្រកប​ដោយ​គុណធម៌​ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​ក៏​មិន​ដែល​ទុកមហា​ក្សត្រិយានី​ចោល​​ឡើយ ប៉ុន្តែ​ដើរ​តួនាទី​ជា​ជំនួយ​ការ​ដ៏​សំខាន់​ដល់​ព្រះ​រាជកិច្ច​របស់មហេសី​​ដែល​ជា​មហា​ក្សត្រិយានី​នៃ​ចក្រភព​អង់គ្លេស។

កាល​ពី​ឆ្នាំ​២០១២ មហា​ក្សត្រិយានី​ អេលីហ្សាបេត ទី២ ​មាន​បន្ទូល​ថា ព្រះ​អង្គ(ស្វាមី)​ជា​កម្លាំង​ និង​​ជា​អ្នក​ណែនាំ​ឥត​ឈប់​ឈរ​​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​ម្ចាស់ ហ្វីលីព ជា​ស្វាមី​របស់​​មហា​​ក្សត្រិយានី​ អេលីហ្សាបេត ទី​២​ បាន​សោយ​ទិវង្គត​ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៩ ខែ​មេសា ក្នុង​ជន្មាយុ​៩៩​វស្សានៅ​ប្រាសាទ​ Windsor ដោយ​រោគជរាពាធ៕

មហាក្សត្រិយានី​ អេលីហ្សាបេត ទី២ និង​ស្វាមី ហ្វីលីព នៅ​ឆ្នាំ​២០១២
មហាក្សត្រិយានី​ អេលីហ្សាបេត ទី២ និង​ស្វាមី ហ្វីលីព នៅ​ឆ្នាំ​២០០៨


ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម