ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនព្យួរតំណែងរដ្ឋមន្ត្រីជាន់ខ្ពស់ ជុំវិញរឿងអាស្រូវពុករលួយថាមពលតម្លៃ១០០លានដុល្លារ
រដ្ឋាភិបាលអ៊ុយក្រែនក្នុងសម័យសង្គ្រាមត្រូវរង្គោះរង្គើ ខណៈដែលអាជ្ញាធរបានព្យួរតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ហឺមេន ហាលូឆេនកូ (Herman Halushchenko) កាលពីថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥ ជុំវិញប្រាក់សំណូកក្នុងវិស័យថាមពលដ៏ធំមួយតម្លៃ១០០លានដុល្លារ ដែលបានធ្វើឲ្យខូចដល់រូបភាពប្រឆាំងអំពើពុករលួយរបស់ទីក្រុងកៀវ និងការគាំទ្រពីលោកខាងលិច។

ការិយាល័យជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) និងការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយឯកទេស (SAPO) បានចោទប្រកាន់មនុស្សយ៉ាងហោចណាស់៥នាក់ រួមទាំងទីប្រឹក្សារបស់លោក ហាលូឆេនកូ និងលោក ធីមួរ មីនឌីច (Timur Mindich) ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy)។
លោក មីនឌីច ដែលជាសហកម្មសិទ្ធិករស្ទូឌីយោទូរទស្សន៍ដែលបានជួយជំរុញអាជីពរបស់លោក ហ្សេលេនស្គី មុនពេលលោកធ្វើជាប្រធានាធិបតី ត្រូវបានចោទប្រកាន់ថាបានដំណើរការ«ការិយាល័យសម្ងាត់មួយ»នៅទីក្រុងកៀវ ដែលត្រូវបានប្រើប្រាស់ដើម្បីលាងលុយខុសច្បាប់ពីក្រុមហ៊ុនម៉ៅការដែលធ្វើការជាមួយក្រុមហ៊ុននុយក្លេអ៊ែរគ្រប់គ្រងដោយរដ្ឋ Energoatom។ ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា ក្រុមអ្នកផ្គត់ផ្គង់ត្រូវបានបង្ខំឲ្យបង់ប្រាក់សំណូករហូតដល់១៥% ដើម្បីធានាការទូទាត់កិច្ចសន្យា ឬរក្សាឋានៈជាអ្នកផ្គត់ផ្គង់របស់ពួកគេ។
អាជ្ញាធរបាននិយាយថា ថវិកាខុសច្បាប់ត្រូវបានលាងតាមរយៈបណ្តាញរបស់លោក មីនឌីច ដែលលោកត្រូវបានចោទប្រកាន់ថាបានគ្រប់គ្រងដោយប្រើប្រាស់ទំនាក់ទំនងនយោបាយរបស់លោក។ SAPO បានលើកឡើងថា លោក មីនឌីច «បានអនុវត្តការគ្រប់គ្រងលើការប្រមូល ការចែកចាយ និងការធ្វើឲ្យស្របច្បាប់នូវមូលនិធិដែលមានប្រភពឧក្រិដ្ឋកម្មក្នុងវិស័យថាមពល»។ លោកត្រូវគេជឿថាបានរត់គេចចេញពីប្រទេសអ៊ុយក្រែនបាត់ហើយ។
លោក ហាលូឆេនកូ ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងថាមពល មុនពេលក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានអាជ្ញាធរឆែកឆេរផ្ទះ និងការិយាល័យ ហើយត្រូវបានលោកស្រីនាយករដ្ឋមន្ត្រី យូលីយ៉ា ស្វីរីដេនកូ (Yulia Svyrydenko) ព្យួរតំណែងជាបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេត។

អ្នកវិភាគ លោក វ៉ូឡូឌីមៀ ហ្វេសិនកូ (Volodymyr Fesenko) បានព្រមាននៅក្នុងបទសម្ភាសន៍សារព័ត៍មាន Liga.net ថា ករណីនេះគឺជា«គ្រាប់បែកពេលវេលា»សម្រាប់លោក ហ្សេលេនស្គី ដោយវាយប្រហារលើភាពជឿជាក់នៃការសន្យាប្រឆាំងអំពើពុករលួយ និងការរួបរួមក្នុងសម័យសង្គ្រាមរបស់រដ្ឋាភិបាលលោក។
សម្ព័ន្ធមិត្តលោកខាងលិចក៏បានចាប់អារម្មណ៍ផងដែរ។ ទាំងទីក្រុងព្រុចសែល និងវ៉ាស៊ីនតោន កំពុងតាមដានករណីនេះយ៉ាងដិតដល់ ដោយមន្ត្រីសហភាពអឺរ៉ុបបានភ្ជាប់វឌ្ឍនភាពប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែនទៅនឹងការដេញថ្លៃចូលជាសមាជិកសហភាពអឺរ៉ុប និងជំនួយហិរញ្ញវត្ថុបន្តបន្ទាប់។
ករណីនេះមានភាពរសើបជាពិសេស ដោយសារវាផ្តោតលើវិស័យថាមពលរបស់អ៊ុយក្រែន ដែលជាសមរភូមិសំខាន់ក្នុងសង្គ្រាមជាមួយរុស្ស៊ី និងជាគោលដៅញឹកញាប់នៃការវាយប្រហាររបស់ក្រុងមូស្គូ។
សភាអ៊ុយក្រែនកាលពីមុនបានស្តារអំណាចដល់ NABU និង SAPO ឡើងវិញ បន្ទាប់ពីមានការតវ៉ាជាសាធារណៈប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ស្ថាប័នទាំងនោះក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលជាជំហានមួយដែលបានបង្កការព្រួយបារម្ភក្នុងចំណោមដៃគូលោកខាងលិច។
មន្ត្រីនៅទីក្រុងកៀវនិយាយថា ការស៊ើបអង្កេតចុងក្រោយនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនចំពោះតម្លាភាពសូម្បីតែក្នុងសម័យសង្គ្រាម។ ប៉ុន្តែអ្នកវិភាគបានព្រមានថា សញ្ញានៃការជ្រៀតជ្រែកនយោបាយ ឬការបន្ធូរបន្ថយណាមួយអាចបំផ្លាញទំនុកចិត្តរបស់លោកខាងលិច ខណៈដែលអ៊ុយក្រែនកំពុងស្វែងរកការរក្សាការគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ច៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


