Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពលីប៊ី និងមន្ត្រីយោធាជាន់ខ្ពស់៤នាក់ទៀត ​ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ តួកគី

បានផុស

នៅ

មេទ័ពនៃប្រទេសលីប៊ីលោក Mohammed Ali Ahmed Haddad បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀតនៅប្រទេសតួកគី។

លោក Mohammed Ali Ahmed Haddad (រូបថត៖ Anadolu)

តាមការផ្សាយរបស់ BBC, ហេតុការណ៍នេះកើតឡើងកាលពីរាត្រីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥នៅទីក្រុង អង់ការ៉ា ខណៈមូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានគេដឹងទេ។

លោក Haddad និងមន្ត្រីផ្សេងទៀត បានជិះយន្តហោះឯកជន Falcon 50 វិលត្រឡប់ទៅប្រទេសលីប៊ីវិញនាវេលាម៉ោង៨:១០នាទីយប់ ប៉ុន្តែ៤២នាទីក្រោយមក យន្តហោះក៏សុំចុះចតបន្ទាន់ រួចក៏បាត់ការទាក់ទងតែម្តង។

បំណែកយន្តហោះ (រូបថត៖ Reuters)

សូមជម្រាបថា លោក Haddad និងមន្ត្រីយោធារបស់គាត់ បានធ្វើដំណើរទៅតួកគី សម្រាប់កិច្ចពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងសន្តិសុខ រវាងប្រទេសទាំងពីរ។

លោក Haddad ត្រូវបានតែងតាំងឲ្យកាន់តំណែងអគ្គមេបញ្ជាការនៃកងទ័ពលីប៊ី ដោយរដ្ឋាភិបាលឯកភាពជាតិ ដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី។

ក្រុមសង្គ្រោះនៅកន្លែងធ្លាក់យន្តហោះ (រូបថត៖ Reuters)

លោក Haddad មានកេរ្តិ៍ឈ្មោះជាតួអង្គដ៏សំខាន់ក្នុងការព្យាយាម បង្រួបបង្រួមកងទ័ពលីប៊ី ដែលបានបែកបាក់គ្នាដោយសារសង្រ្គាមស៊ីវិល។ លោកបានដឹកនាំការចរចាជាមួយភាគីកងទ័ពនៅភាគខាងកើតប្រទេសដែលដឹកនាំដោយ Khalifa Haftar ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាព និងការបង្កើតកងទ័ពជាតិរួមតែមួយ។

មិនត្រឹមប៉ុណ្ណឹង នាពេលថ្មីៗនេះ លោកបានដើរតួយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់មកពីបណ្តាប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងតួកគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងការប្រឆាំងភេរវកម្ម៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម